សន្ដិសុខសង្គម

គោ៤ក្បាលងាប់ភ្លាមៗដោយរន្ទះបាញ់ត្រូវពេលម្ចាស់ចងឲ្យស៊ីស្មៅក្បែរភូមិ

បាត់ដំបង៖ សត្វគោចំនួន៤ក្បាលបានងាប់ភ្លាមៗដោយសារ រន្ទះបាញ់ត្រូវពេលដែលម្ចាស់ចងឲ្យស៊ីស្មៅលើដីវាលក្នុងស្រុកបាណន់។

ប្រភពពីពលរដ្ឋនៅទីតាំងកើតហេតុបានប្រាប់ឲ្យដឹងថា ករណីរន្ទះបាញ់សម្លាប់សត្វរបស់កសិករអស់រហូតចំនួន៤ក្បាលនេះបានកើតឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចគ្រឹះខ្លុង ក្នុងភូមិបឹងប្រិយ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ម្ចាស់សត្វគោទាំង៤ក្បាលមានឈ្មោះស៊ឹម សាលឿន ភេទប្រុស អាយុ៤៦ឆ្នាំរស់នៅក្នុងក្រុមទី១៣ ភូមិបឹងប្រិយ ឃុំស្នឹង ស្រុកបាណន់។

ពលរដ្ឋដដែលបន្តថា មុនពេលកើតហេតុម្ចាស់សត្វគោខាងលើបានដឹកគោទៅចងដើម្បីស៊ីស្មៅនៅទីវាលចុងភូមិ លុះពេលរសៀលមេឃក៏ប្រែខ្មៅហើយធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ និងរន្ទះស្រាប់តែបាញ់លើសត្វទាំង៤ក្បាលបណ្តាលងាប់ភ្លាមៗតែម្តង៕