អន្តរជាតិ

ប៉ូលិសសិង្ហបុរីបើកការស៊ើបអង្កេតលើសកម្មជន Gilbert Goh ពីបទលើកបដាពាក់ព័ន្ធជម្លោះរវាងអ៊ីស្រាអែលនិងហាម៉ាស់

ប្រែសម្រួល៖សហការី

នៅថ្ងៃសៅរ៍ ២១ ខែ តុលា នេះ ក្រុមមន្ត្រីប៉ូលិសរបស់ប្រទេសសិង្ហបុរីបាននិយាយថាប៉ូលិសកំពុងបើកការស៊ើបអង្កេតលើសកម្មជន Gilbert Goh ពីបទកាន់បដាដែលទាក់ទងនឹងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។

កាលពីថ្ងៃពុធនៃដើមសប្តាហ៍នេះក្រុមប៉ូលិសនិងក្រុមប្រឹក្សាឧទ្យានជាតិបានថ្លែងថានៅចំពេលដែលមានសភាពកាដ៏រំជើបរំជួលបង្កឲ្យមានសភាពតានតឹងកាន់តែរាលដាលខ្លាំងឡើងពួកគេនឹងសម្រេចបិទការរៀបចំព្រឹត្តិការណ៍ជួបប្រជុំជាសាធារណៈដែលទាក់ទងនឹងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសដោយសារតែមានការព្រួយបារម្ភចំពោះសុខសុវត្ថិភាពសាធារណៈ និងបញ្ហាសន្តិសុខជាតិទាំងមូល។

នៅក្នុងថ្ងៃបន្ទាប់ Goh បានបង្ហោះរូបភាពនៅលើ Instagram នូវរូបថតសខ្មៅរបស់គាត់ ជាមួយនឹងបដាសរសេរដោយដៃថា “ដើម្បីសន្តិភាពសូមកុំបង្កឲ្យមានសង្រ្គាមបង្ហូរឈាម អ៊ីស្រាអែលត្រូវតែបញ្ឈប់ការបាញ់សម្លាប់នៅក្នុងតំបន់ហ្គាហ្សា! ក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ខ្មាំងទាំងអស់!”។

ក្រោយមកទៀតក៏លេចចេញនូវរូបថតដែលមានពណ៌ផ្សេងៗគ្នាថតនៅកន្លែងផ្សេងទៀតបានបង្ហោះឡើងនៅលើបណ្តាញផ្សព្វផ្សាយសង្គម រួមទាំងនៅលើវេទិកា Reddit ចេញពីប្រភពព័ត៌មានមួយជាជំនួសវិញហៅថា Wake Up Singapore ។

កាលពីថ្ងៃសៅរ៍ ក្រុមមន្ត្រីប៉ូលិសបាននិយាយថាពួកគេបាន “ដឹងពីការបង្ហោះតាមបណ្តាញផ្សព្វផ្សាយសង្គមដែលបង្ហាញពីរូបភាពរបស់បុរសម្នាក់កាន់បដាដែលទាក់ទងនឹងជម្លោះរវាងអ៊ីស្រាអែលនិងហាម៉ាសនៅខាងក្រៅ Speakers’ Corner នៃឧទ្យាន Hong Lim ដោយបញ្ជាក់ថាពួកគេគំពុងធ្វើការស៊ើបអង្កេតបន្ត”។

Goh មិនត្រូវបានគេស្គាល់អត្តសញ្ញាណរបស់គាតនោះទេ។ កាលពីថ្ងៃសៅរ៍ ប៉ូលិសក៏បានបកស្រាយអំពីមូលហេតុរបស់ពួកគេចំពោះការមិនអនុញ្ញាតឱ្យមានការជួបប្រជុំគ្នាជាសាធារណៈដែលទាក់ទងទៅនឹងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាសម៉ាស់ដែលកំពុងបន្តផ្ទុះឡើងយ៉ាងសាហាវនៅតំបន់មជ្ឈិមបូព៌ា។ ប៉ូលិសបានបញ្ជាក់​ថា​ការ​រៀបចំ​ឬ​ការ​ចូលរួម​ណា​មួយ​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​និងត្រូវចាត់ទុកថាជាអំពើល្មើសច្បាប់ដែលត្រូវតែចាត់វិធានការទប់ស្កាត់ជាបន្ទាន់។

ទិដ្ឋភាពពីលើអាកាសនៃមនុស្សកាន់បដា និងទង់ជាតិ អំឡុងពេលបាតុកម្មគាំទ្រប៉ាឡេស្ទីនកាលពីថ្ងៃសុក្រ។ រូបភាព Mohammed Hamoud / Getty

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហៅថា Hamas បានចាប់មនុស្សទុកជាចំណាប់ខ្មាំងជាង ២០០ នាក់នៅក្នុងពេលដែលពួកគេបានលបវាយឆ្មក់ចូលក្នុងទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី ៧ ខែតុលាដោយបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ជាង ១,៤០០ នាក់។

កងទ័ពអាកាសរបស់អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់បែក​លើ​ទឹកដីប៉ាឡេស្ទីននៃតំបន់ហ្គាហ្សាស្ទ្រីប ​ដែល​មាន​ប្រជាជន​រស់នៅយ៉ាង​ច្រើន​កុះករ​ដែលជាការវាយប្រហារ​សងសឹកទៅលើ​គោលដៅក្នុង​ប្លុកនិមួយៗក្នុងទីក្រុងនេះ​ទាំងមូលហើយ​បាន​សម្លាប់​ទាំងជនស្លូតត្រង់​ប៉ាឡេស្ទីន​អស់ជាង ៤០០០ នាក់​។ កង​ទ័ពថ្មើរជើងក៏​​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តាមបន្ទាត់​ព្រំដែន​នៃតំបន់​ហ្គាហ្សា​នៅមុន​ពេល​បើកការវាយ​លុក​ទៅ​តាម​ផែនការដែលបានគ្រោង​ទុក។

កាលពីខែសីហាឆ្នាំមុន លោក Goh ត្រូវបានរងការពិន័យចំពោះការតវ៉ានៅខាងក្រៅអគារអាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យ។ គាត់បានលើកបដាកាលពីខែឧសភា ក្នុងឆ្នាំ ២០២១ ដោយបានអំពាវនាវសុំឱ្យមានការហាមឃាត់ជើងហោះហើរពីប្រទេសឥណ្ឌាដែលជាវិធានការឆ្លើយតបទៅនឹងការទប់ស្កាត់នូវការកើនឡើងនៃការឆ្លងរាលដាលជំងឺរាតត្បាត COVID-19 ។

ប្រភព៖ CNA