អន្តរជាតិ

ចិនថាការចោទប្រកាន់របស់អាមេរិកពីការស្ទាក់ចាប់យន្តហោះនោះគឺជាហេតុផលនយោបាយ

ប្រែសម្រួល៖សហការី

កាលពីថ្ងៃសុក្រ ទី២០ ខែតុលាក្រសួងការពារជាតិចិនបានលើកឡើងអំពីសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាមេរិកក្នុងការចោទប្រកាន់ថាកងទ័ពអាកាសរបស់ចិនពីបទហោះហើររារាំងនិងប៉ុនប៉ងស្ទាក់ចាប់យន្តហោះអាមេរិកនៅលើអាកាស “ប្រកបដោយហានិភ័យនិងជាការបង្ខិតបង្ខំដោយកម្លាំងបាយ” ។ ជាការឆ្លើយតបចិនបានគូសបញ្ជាក់ថាសេចក្តីថ្លែងការណ៍របស់អាមេរិកគឺជាការនិយាយបំភ្លៃការពិតក្នុងចេតនាលាបពណ៌ប្រទេសចិនក្នុងហេតុផលនយោបាយ។

ក្រសួងការពារជាតិចិនបានធ្វើសេចក្តីថ្លែងការណ៍ឆ្លើយតបថា “ប្រទេសចិនសូមប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីថ្លែងការណ៍បំភ្លៃការពិតរបស់ក្រសួងការពារជាតិអាមេរិកហើយបានធ្វើកំណត់ហេតុការទូតទៅកាន់ភាគីអាមេរិក” ។

ក្រសួងការពារជាតិអាមេរិកបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា យន្តហោះចម្បាំងរបស់ចិនបាននិងកំពុងបញ្ចេញឥរិយាបថរំលោភដោយកម្លាំងបាយនៅក្នុងកិច្ចប្រតិបត្តិការដ៏ប្រថុយប្រថានដែលប្រកបដោយហានិភ័យក្នុងកិច្ចប្រតិបត្តិការការហោះហើរលើដែនអាកាសឥណ្ឌូប៉ាស៊ីហ្វិកចាប់តាំងពីឆ្នាំ ២០២១មក ។

ក្រសួងការពារជាតិអាមេរិកបានថ្លែងបន្ថែមថា “ការហោះរារាំងនិងប៉ុនប៉ងស្ទាក់ចាប់យន្តហោះអាមេរិកដោយយន្តហោះចិនដែលខ្វះបច្ចេកទេសសុវត្ថិភាពហើយអាចបង្កឲ្យមានហានិភ័យខ្ពស់សម្រាប់យន្តហោះអាមេរិក និងសម្ព័ន្ធមិត្តនៅលើដែនអាកាសអន្តរជាតិ គឺជាចំណុចស្នូលនៃយុទ្ធនាការរបស់ពួកមន្ត្រីចិនដើម្បីដាក់ការបង្ខិតបង្ខំមកលើអាមេរិកនិងសម្ព័ន្ធមិត្តឱ្យមានការផ្លាស់ប្តូរទិសដៅសកម្មភាពប្រតិបត្តិការស្របច្បាប់តាមច្បាប់អន្តរជាតិរបស់ពួកគេ”។

ក្រសួងការពារជាតិចិនបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបថា សហរដ្ឋអាមេរិកបាននឹងកំពុងតែបំភ្លៃសភាពការថាជា “ការគំរាមកំហែងបង្កឡើងដោយកងទ័ពអាកាស់របស់ចិន” ដែលក្រសួងការពារជាតិចិនសូមធ្វើការបដិសេធទាំងស្រុងលើការចោទប្រកាន់របស់អាមេរិកថាមិនមែនជាចេតនាបង្ករឡើងដោយកងទ័ពអាកាសរបស់ចិននោះទេ។

ក្រសួងការពារជាតិចិនបានគូសបញ្ជាក់ថា “ឫសគល់នៃបញ្ហាគឺជាករណីសន្តិសុខដែនសមុទ្រ និងចររាចរណ៏ផ្លូវអាកាស រវាងទ័ពអាកាសចិន និងអាមេរិក មូលហេតុទាំងនោះគឺដោយសារតែវត្តមាននៃកងនាវាចម្បាំង និងកងយន្តហោះចម្បាំងរបស់អាមេរិក ចូលមកជិតដល់មាត់ទ្វារផ្ទះរបស់ប្រទេសចិនដែលកងទ័ពចិនយល់ឃើញថាវាជាចេតនាបង្កហេតុបង្កឡើងដោយកងយោធាអាមេរិក”។

ក្រសួងការពារជាតិចិនបានស្នើឲ្យអាមេរិកបញ្ឈប់នូវអ្វីដែលខ្លួនហៅថាសកម្មភាពបង្កហេតុដើម្បីជៀសវាង “ការយល់ច្រឡំធ្វើឲ្យមានការវិនិច្ឆ័យខុសលើបញ្ហាសន្តិសុខ” និងដើម្បីការពារទុកជាមុននូវគ្រោះថ្នាក់លើដែនសមុទ្រ និងនៅលើដែនអាកាស៕

ប្រភព៖ Reuters