សន្ដិសុខសង្គម

ក្រសួងបរិស្ថានមិនលើកលែងចំពោះបទល្មើសធនធានធម្មជាតិ

ដោយ៖ន្ត្រីបរិស្ថាន

ពោធិ៍សាត់៖ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការដាច់ខាត និងច្បាស់លាស់ គឺត្រូវការពារធនធាន​ធម្មជាតិជាចាំបាច់។ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញការ​អនុវត្តច្បាប់ឲ្យបានដាច់ខាត ដោយមិនលើកលែងចំពោះអ្នកប្រព្រឹត្ត​បទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព​នៃកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ។

ជាក់ស្តែង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វប្បធម៌ អប់រំ ណែនាំ និងធ្វើកិច្ចសន្យា រួចដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសក្នុងតំបន់ការពារធម្មជាតិ ត្រូវបានចាត់ការ​ដោយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ សាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាឱ្យឃុំខ្លួន​ជាបណ្តោះ អាសន្ន បុគ្គលម្នាក់ ដែលបានរុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។ ការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែលមាត្រា ៦២ ត្រង់ចំណុចទី១ បានចែងចំពោះជនដែលបានប្រព្រឹត្តបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពីមួយ(១)ឆ្នាំ ទៅប្រាំ(៥)ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពីដប់ប្រាំលាន(១៥ ០០០ ០០០)រៀល ទៅមួយរយហាសិបលាន (១៥០ ០០០ ០០០)រៀល។ ជនណាដែលសមគំនិត ឬជួយសម្រួលដល់ការប្រព្រឹត្តបទល្មើសត្រូវផ្តន្ទាទោសដូចចារីដែរ។

សូមបញ្ជាក់ថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ រួមមាន៖ ១) ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ២) ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់​បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ៣) សហការជាមួយអង្គភាព​ប្រឆាំង​នឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយ​អាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង៤) ជំរុញការដាំដើមឈើឲ្យច្រើនជាង​ការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាព​ប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤៕