សន្ដិសុខសង្គម

អ្នកភូមិម្នាក់ទៀតហើយស្លាប់ក្នុងអណ្តូងរ៉ែមាសដ៏សែនជ្រៅនៅស្រុករវៀង

ដោយ៖សុខុម

ព្រះវិហារ៖បុរសម្នាក់បានស្លាប់នៅពេលតោងខ្សែពួរយកញញួរដែកនិងធុងមួយចុះទៅក្នុងរណ្តៅរ៉ែមាសដែលអ្នកភូមិអះអាងថាមានជម្រៅចាប់ពី៥០ទៅ៦០ម៉ែត្រចុះក្រោម។ករណីថ្មីទៀតបានកើតឡើងនៅចំណុចរំដេងស្ថិតក្នុងភូមិត្រពាំងទន្ទឹមឃុំរមទមស្រុករវៀងខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២៣វាបានកើតឡើងក្រោយមនុស្សចំនួន៣នាក់បានស្លាប់កាលពីឆ្នាំមុននៅក្នុងតំបន់សម្បូររ៉ៃមាសក្នុងខេត្តមួយនេះ។

សាក្សីឈ្មោះយន់ដារ៉ាហៅចិនបាននិយាយរៀបរាប់ថានៅវេលាទៀបភ្លឺថ្ងៃទី ១៩ តុលាឈ្មោះចេនភក្តីហៅភ័ក្រអាយុ ៣៦ ឆ្នាំបានបបួលខ្លួនចុះទៅរកមាសក្នុងរណ្ដៅមួយដែលគេបានទុកចោលជាយូរមកហើយ។នៅពេលឈ្មោះភ័ក្រជាអ្នកចុះហើយខ្លួនជាអ្នកនៅលើគោកក្បែរមាត់រណ្ដៅ។ពេលចុះទៅមួយសន្ទុះជាមួយនឹងសម្ភារមួយចំនួនភ្ជាប់ទៅនឹងខ្លួនដើម្បីស្វែងរកមាសក៏ស្រាប់តែឮសំឡេងស្រែកពីក្នុងអណ្ដូងឱ្យអ្នកនៅលើគោកជួយផងគាត់ពុលក្នុងរណ្ដៅនោះហើយ។ភ្លាមនោះអ្នកនៅលើគោកក៏បានចុះទៅជួយប៉ុន្តែអ្នកដែលចុះទៅមុនបានរបូតដៃធ្លាក់ចូលទៅក្នុងបាតអណ្តូង។ភ្លាមនោះអ្នកចុះទៅជួយក៏បានឡើងមកលើគោកវិញហើយទូរសព្ទទៅប្រាប់បងប្អូនក្នុងភូមិដើម្បីជួយសង្គ្រោះ។

ប៉ុន្តែការជួយសង្គ្រោះអ្នកធ្លាក់ចូលទៅក្នុងរណ្ដៅរ៉ែមាសមិនអាចជួយបានទេទើបធ្វើឲ្យបុរសឈ្មោះភ័ក្រ្តស្លាប់។ក្រោយពេលស្លាប់សពអ្នកធ្លាក់ចូលអណ្ដូងត្រូវបានគេជួយចងយកមកលើគោកវិញ។អ្នកភូមិបានអះអាងទៀតថាកណីនេះអាចកើតឡើងបណ្ដាលមកពីសារធាតុពុលនៅក្នុងអណ្ដូង។

តាមរបាយការណ៍របស់សមត្ថកិច្ចដែលបានបង្កើតគណៈកម្មការចុះពិនិត្យនៅកន្លែងកើតហេតុបានឲ្យដឹងថាសពជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្លាក់ចូលអណ្ដូងពិតប្រាកដមែនដោយបណ្ដាលមកពីមានការធ្វេសប្រហែស។

ក្រោយពីមានឧបទ្ទវហេតុកើតឡើងមន្ទីរជំនាញនិងអាជ្ញាធរខេត្តព្រះវិហារមិនទាន់មានចំណាត់ការបែបណានៅឡើយទេចំពោះអាជីវកម្មរ៉ែមាសជាច្រើនកន្លែងផ្សេងទៀតក្នុងស្រុករវៀងខេត្តព្រះវិហារ៕