សន្ដិសុខសង្គម

សមត្ថកិច្ចបង្ក្រាបទីតាំងផលិតឡេក្លែងក្លាយបានជាង២តោនឃាត់មនុស្សចំនួន២នាក់

ដោយ:សុខុម
ស្វាយរៀង៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឆ្មក់បង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដកហូតឡេក្លែងក្លាយ និងសារធាតុផ្សំជាង២តោន។

ការចុះបង្ក្រាបនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនម្ចាស់ទីតាំង និងមេការផងដែរយកទៅសួរនៅកន្លែង​សមត្ថកិច្ច។


របាយការណ៍របស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ​មានការចូលរួមពីកម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្រ្តីមន្ទីរសុខាភិបាលខេត្ត កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន សម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។


សមត្ថកិច្ចបានឲ្យដឹងថា ពេលចុះបង្ក្រាបឃើញមានផលិតផលវេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត​នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

សមត្ថកិច្ចបានរកឃើញ និងដកហូត ឡេលាបខ្លួនម៉ាក Luxury super ២១កេស ស្មើ៦០០គីឡូក្រាម, ឡេលាបមុខ TD Night cream (ផលិតផលសម្រេច) ៤០០គីឡូក្រាម, ម៉ាស៊ីនក្រឡុកឡេចំនួន៣៦គ្រឿង, វត្ថុធាតុដើមផ្សំសម្រាប់ផលិតឡេចំនួន ៩មុខ ស្មើ១,៨៦៨គីឡូក្រាម ,សំបកកញ្ចប់ក្រដាសវេចខ្ចប់ ៤៥០គីឡូក្រាម, ប្លាស្ទិកវេចខ្ចប់ ១៣កេស, និងសំបកខ្លងសម្រាប់វេចខ្ចប់ ១,០០៥គីឡូក្រាម។

ក្រោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង ក្រុមការងារចម្រុះ ដកហូតវត្ថុតាងទាំងអស់ និងបិទផ្លុំបេទីតាំងផលិតខាងលើ និងនាំខ្លួនម្ចាស់ទីតាំងឈ្មោះ ញឹម សារិន ភេទស្រី អាយុ៥០ឆ្នាំ និងលោក សុខ តាយ អាយុ២៧ឆ្នាំ (មេការ) មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕