អន្តរជាតិ

លោកBidenជំរុញលើការផ្តល់ជំនួយអាមេរិកដល់អ៊ីស្រាអែលនិងអ៊ុយក្រែនឲ្យបានឆាប់

ប្រែសម្រួល៖សហការី​

នៅក្នុងសុន្ទរកថាដ៏រំជើបរំជួលទៅកាន់ប្រជាជាតិ ពីការិយាល័យបច្ចកោណជាកន្លែងដែលគាត់បានរៀបចំជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី Joe Biden បាននិយាយថា ក្រុមហាម៉ាស និងរុស្ស៊ី កំពុង “បំផ្លាញ” លទ្ធិប្រជាធិបតេយ្យ ដែលសហរដ្ឋអាមេរិកយល់ថាវាមានសារសំខាន់ខ្លាំងណាស់ក្នុងការផ្តល់ជំនួយ​អាមេរិក​ដល់​អ៊ីស្រាអែល និង​អ៊ុយក្រែនឲ្យបានឆាប់បំផុត។

លោក Biden បាន​សង្កត់ធ្ងន់​ដំបូងគេទៅលើ​​ក្រុម Hamas និងលោក​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin “ជាក្រុម​គំរាម​កំហែងដែលមានទម្រង់​ខុសៗ​គ្នា ប៉ុន្តែ​ពួកគេ​បានផ្តល់នូវបទពិសោធដល់យើង​ដូចៗគ្នា៖ ក្រុមទាំងពីរនេះមានគោលដៅ​ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់ប្រទេសដែលនៅ​ជិត​ខាងពួកគេឲ្យអស់​ទាំង​ស្រុងតែម្តង”។

លោកបានលើកឡើងថា លោកនឹងស្នើសុំទៅកាន់សភានៅថ្ងៃសុក្រ ដើម្បីអនុម័តការផ្តល់មូលនិធិដ៏ច្រើនសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល ដោយលើកហេតុផលថាវាគឺជាការវិនិយោគសម្រាប់អនាគតរបស់អាមេរិកក្នុងនាមជាមេដឹកនាំពិភពលោក។

អ្នកប្រជាធិបតេយ្យចាស់វស្សាវ័យ ៨០ ឆ្នាំរូបនេះបាននិយាយនៅក្នុងសុន្ទរកថាទីពីរអំពីតំណែងប្រធានាធិបតីរបស់គាត់ដែលថ្លែងនៅពីខាងក្រោយតុ Resolute Desk ថា “គឺជាការវិនិយោគដ៏ឆ្លាតវៃដែលនឹងផ្តល់បុព្វលាភសម្រាប់សន្តិសុខអាមេរិកបានច្រើនជំនាន់ថែមទៀត” ។

លោកបានគូសបញ្ជាក់ថា “ភាពជាអ្នកដឹកនាំរបស់អាមេរិកគឺជាអ្នកដែលលធ្វើឱ្យពិភពលោកទាំងមូលរួបរួមគ្នា។ សម្ព័ន្ធភាពរបស់អាមេរិកគឺជានយោបាយថែរក្សាអាមេរិកឲ្យមានសុវត្ថិភាពជានិរន្ត។ តម្លៃតបស្នងរបស់អាមេរិកគឺធ្វើឲ្យអាមេរិកក្លាយជាដៃគូដ៏សំខាន់ដែលប្រទេសផ្សេងៗទៀតលើសាកលលោកចង់ធ្វើការជាមួយ” ។

គាត់បានថ្លែងថា “អាមេរិកគឺជានិមិតសញ្ញាដ៏គំរូមួយសម្រាប់ពិភពលោក។

ក្នុងដំណើរទស្សនកិច្ចដ៏កក្រើកមួយទៅកាន់ប្រទេសអ៊ីស្រាអែលនៅក្នុងសប្តាហ៍នេះ លោក Biden ចង់យកចិត្តអ្នកបោះឆ្នោតដែលគាំទ្រគាត់ហើយមានការធុញទ្រាន់នឹងសង្គ្រាម និងគណបក្សសាធារណរដ្ឋដែលមាននិន្នាការរឹងរូស ខណៈដែលគាត់បាននិងកំពុងបង្កើនយុទ្ធនាការប្រកួតប្រជែងសម្រាប់ការជ្រើសរើសរូបគាត់ឡើងវិញម្តងទៀតនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។

សេតវិមានត្រូវបានគេនិយាយថាកំពុងរៀបចំសំណើដ៏ធំមួយទៅកាន់សភាសម្រាប់កញ្ចប់ថវិកាចំនួន ១០០ ពាន់លានដុល្លារអាមេរិក ដែលនឹងរួមបញ្ចូលនូវការផ្តល់មូលនិធិសម្រាប់អ៊ីស្រាអែលក្នុងសង្គ្រាមរបស់ខ្លួនជាមួយក្រុមហាម៉ាស និងសម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីផងដែរ។

ការភ្ជាប់ជម្លោះពីរជាមួយគ្នានៅមហាសមុទ្រដ៏សែនឆ្ងាយពីសហរដ្ឋអាមេរិកគឺជាការតាមប្រមាញ់របស់លោក Biden ក្នុងការតស៊ូដ៏ស្វិតស្វាញខ្លាំងជាងមុននៅក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោក និងកិច្ចការពារជនជាតិអាមេរិកនៅក្នុងផ្ទះរបស់ខ្លួន។

  • ការជួបជុំនៅការិយាល័យបញ្ចកោណ

លោកប្រធានាធិបតីថ្លែងសុន្ទរកថាដ៏ឧឡារិកចេញពីការិយាល័យបញ្ចកោណដ៏កម្របំផុតគឺសម្រាប់តែនៅក្នុងគ្រាដែលមានសារសំខាន់សម្រាប់ប្រទេសជាតិ។

លោក Bidenបានថ្លែងសុន្ទរកថាលើកមុនតែមួយគត់ចេញពីទីនោះគឺនៅក្នុងខែមិថុនា នៅចំពេលដែលលោកបានសាទរចំពោះកិច្ចព្រមព្រៀងជាមួយសភា ដើម្បីបញ្ចៀសនូវមហន្តរាយបំណុលរបស់អាមេរិក។

ក៏ប៉ុន្តែឥឡូវនេះសភាបានក្លាយជាពិការភាពអស់រយៈពេលជាង ២ សប្តាហ៍មកហើយ ក្នុងខណៈដែលគណបក្សសាធារណរដ្ឋដែលគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភាមានការបែកបាក់គ្នាដ៏ចម្រូងចម្រាស់ទទួលរងនូវការបរាជ័យម្តងហើយម្តងទៀតក្នុងការយល់ព្រមបោះឆ្នោតជ្រើសរើសប្រធានសភាថ្មី។

គណបក្សសាធារណរដ្ឋមានចរិករឹងរូសហើយចំនួនអ្នកបោះឆ្នោតក្នុងសភាក៏បានកើនឡើងប្រឆាំងយ៉ាងខ្លាំងទៅលើការបន្ថែមជំនួយសន្តិសុខចំនួន ៤៣.៩ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តផ្តល់ឲ្យអ៊ុយក្រែន ចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានរបស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២កន្លងមក។

នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានរាយការណ៍ថាសំណើកញ្ចប់ថវិកាជំនួយនៅថ្ងៃសុក្រនឹងរួមបញ្ចូលទឹកប្រាក់ដល់ទៅ ១០ ពាន់លានដុល្លារសម្រាប់សង្គ្រោះបន្ទាន់ដល់អ៊ីស្រាអែលនិង ៦០ ពាន់លានដុល្លារសម្រាប់ផ្តល់ឲ្យអ៊ុយក្រែន។

នៅ​មុនពេលថ្លែងសុន្ទរកថា លោក Biden បាន​និយាយ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskyy។

Zelensky បានស្វាគមន៍ចំពោះការបញ្ជូនកាំជ្រួចរយៈចម្ងាយឆ្ងាយ ATACMS ពីសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដោយបន្ថែមថា “អ៊ុយក្រែនមានអំណរគុណចំពោះការគាំទ្រយូរអង្វែងរបស់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធដើម្បីសេរីភាពរបស់យើងហើយប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី” ។

លោក Biden ក៏​បានកៀរគររកសំឡេងគាំទ្រ​ដោយខិតខំដើរតួនាទីដ៏សំខាន់នៅក្នុងសង្រ្គាម​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស ដែលលោកមើលឃើញថា​អ្នកបោះឆ្នោត​អាមេរិក​​មាន​ទំនោរ​គាំទ្រ​យ៉ាង​ខ្លាំង​លើ​អ៊ីស្រាអែល ទោះបីជា​គណបក្ស​ប្រជាធិបតេយ្យ​ប្រកាន់ឆ្វេងនិយម​ប្រឆាំង​នឹង​ជំហរ​របស់​គាត់​ក៏ដោយ។

នៅទីក្រុង Tel Aviv កាលពីថ្ងៃពុធ លោក Biden បានគាំទ្រអ៊ីស្រាអែល ខណៈដែលពួកគេកំពុងត្រៀមលក្ខណៈសម្រាប់ការចូលលុកលុយលើតំបន់ Gaza បន្ទាប់ពីមានការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ដែលបានសម្លាប់មនុស្សជាង ១,៤០០ នាក់។

លោកក៏បានចុះកិច្ចព្រមព្រៀងដើម្បីទទួលបានជំនួយខ្លះតាមរយៈអេហ្ស៊ីបចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលជាកន្លែងមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសអ៊ីស្រាអែលដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣,៧៨៥ នាក់ ដែលភាគច្រើនជាជនស៊ីវិលស្លូត្រង់ នេះបើយោងតាមមន្រ្តីសុខាភិបាលរបស់ពួកហាម៉ាស។

ការគម្រាមកំហែងនៃជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែផ្ទុះរាលដាលធំឡើងហើយនៅក្នុងពេលនេះ។

សហរដ្ឋអាមេរិកបានប្តូរនាវាផ្ទុកយន្តហោះពីរគ្រឿងទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ដើម្បីរារាំងអ៊ីរ៉ង់ ឬក្រុមហេសបូឡា របស់លីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ពួកហាម៉ាស ពីការចូលពាក់ព័ន្ធក្ន្ងងសង្រ្គាមជាមួយនឹង​អ៊ីស្រាអែល ៕

ប្រភព៖ AFP