សន្ដិសុខសង្គម

មន្ត្រីយោធាម្នាក់យកកាំភ្លើងបាញ់សម្លាប់ខ្លួនតែមិនស្លាប់

ដោយ:សុខុម
ព្រះវិហារ៖បុរសម្នាក់ដែលជាមន្ត្រីយោធា បានយកកាំភ្លើងវែងម៉ាក AK47 បាញ់សម្លាប់ខ្លួន បណ្ដាលឲ្យរបួសធ្ងន់នៅទីបញ្ជាការវរសេនាតូចលេខ៣៨៥ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ កាលពីថ្ងៃទី១៩ ខែតុលា។


លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជារងវរសេនាតូចលេខ៣៨៥បានឱ្យដឹងថា មន្ត្រីយោធាប៉ងធ្វើអត្តឃាតឈ្មោះ ហ៊ុយ បូ អាយុ៥៧ឆ្នាំ មានឋានន្តរសក្ដិអនុសេនីយ៍ឯក អត្តលេខ០២២០៣៥ ជាជំនួយការភស្ដុភារបច្ចេកទេសវរសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨។

លោកមេបញ្ជាការរងបានបន្តថា មុនកើតហេតុ មន្ត្រីក្នុងអង្គភាពបានយកអាវុធAK47 បត់ចំហៀង លេខ៥៨៥៦៩៧ ចេញពីឃ្លាំងមកបាញ់ខ្លួនឯងមួយគ្រាប់ ចំលើដោះខាងឆ្វេង​និងធ្លាយមកខាងក្រោយ បណ្ដាលឱ្យរងរបួសធ្ងន់។ករណីនេះកើតឡើងដោយសារ​មានជម្លោះក្នុងគ្រួសារ។

ក្រោយពីរងរបួសធ្ងន់ ​​អង្គភាពបញ្ជូនទៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារដើម្បី​សង្គ្រោះជីវិត៕