សន្ដិសុខសង្គម

បែកធ្លាយកម្មករដឹករ៉ែម្នាក់បានស្លាប់ក្នុងក្រុមហ៊ុនមួយដែលដាក់បម្រាមតឹងតែងបំផុតមិនឲ្យចូលសូម្បីសមត្ថកិច្ច ឬអាជ្ញាធរ

ដោយ៖សុខុម

បាត់ដំបង: ទើបតែបែកធ្លាយចុងក្រោយនេះមានករណីកម្មករដឹករ៉ែខ្មែរម្នាក់កំពុងដឹករ៉ែ​ត្រូវរទេះគាបស្លាប់​ក្នុងក្រុមហ៊ុនមួយក្នុងស្រុកភ្នំព្រឹក ជាទីតាំងដែលដាក់បម្រាមតឹងតែងបំផុតហាមមិនឲ្យចូលសូម្បីអាជ្ញាធរ ឬសមត្ថកិច្ច។

ប្រភពព័ត៌មានបង្ហើបដោយសមត្ថកិច្ចបានឲ្យដឹងថា÷ ករណីកម្មករខ្មែរស្លាប់ពេលកំពុងបំពេញការងារនេះ​បានកើតឡើងតាំងពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣មក​តែត្រូវបានខាងក្រុមហ៊ុនរ៉ែមាសដ៏អាថ៌កំបាំង​ខាងលើព្យាយាមលាក់បំបាំងរហូតដល់ថ្ងៃទី២០ ខែតុលានេះទើបលេចចេញជាព័ត៌មាន សូម្បីលោក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកក៏បញ្ជាក់ថាមិនមានករណីនេះដែរនៅលើតំបន់គ្រប់គ្រងរបស់ខ្លួន។

បុរសជនរងគ្រោះដែលស្លាប់មានឈ្មោះសៀក ម៉េង អាយុ៣០ឆ្នាំ រស់នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

នៅថ្ងៃកើតហេតុ ជនរងគ្រោះខណ:បើកកង់បីដឹករ៉ែដូចរាល់ដងចៃដន្យរទេះបានច្រឡោត​បះកង់នាំឲ្យបាត់ការគ្រងរួចក៏បានជ្រុលរទេះទៅបុកផ្ទប់នឹងថ្មភ្នំបណ្តាលបុរសរងគ្រោះស្លាប់តែម្តង ពេលនោះសាច់ញាតិបានដឹកយកទៅកាន់មន្ទីពេទ្យដែរ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចតួនាទីជាអធិការរង ក៏ដូចជាប្រជាពលរដ្ឋជាច្រើននាក់កន្លងមកធ្លាប់បានលើកឡើងថា÷ ទីតាំងក្រុមហ៊ុនរ៉ែមាស ភូយ៉ាង នេះមានសន្តិសុខយាមកាមហាមចូលដ៏តឹងរ៉ឹងបំផុតមិនចំពោះប្រជាពលរដ្ឋ អ្នកសារព័ត៌មាន សមត្ថកិច្ច មន្ត្រីជំនាញ ឬអាជ្ញាធរមូលដ្ឋានឡើយ។

ករណីដដែលនេះចុងក្រោយគ្រួសារសាច់ញាតិបានត្រឹមយកសាកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែការរ៉ាប់រងយ៉ាងណានោះនៅមិនដឹងនៅឡើយ៕