សន្ដិសុខសង្គម

តុលាការចាត់ការជនសង្ស័យប្រើកាំបិតប៉័ងតោសម្លាប់សង្សារក្រោយថ្ងៃភ្ជុំបិណ្ឌ

ដោយ៖រតនា

ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌសែនសុខនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យដែលប្រើកាំបិតប៉័ងតោសម្លាប់សង្សាររបស់ខ្លួនកាលពីក្រោយថ្ងៃភ្ជុំបិណ្ឌរួចទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣មានករណីឃាតកម្មបង្កឲ្យមានការភ្ញាក់ផ្អើលមួយដោយជនល្មើសបានប្រើកាំបិតប៉័ងតោកាប់សម្លាប់ស្រីម្នាក់ឈ្មោះស្រីហុងអាយុ៣៤ឆ្នាំ បម្រើការងារតាមផ្ទះ រស់នៅក្នុងភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយពីសម្លាប់ស្រ្តីជាសង្សារនោះរួចហើយជនដៃដល់បានរត់គេចខ្លួនបាត់ទាំងយប់។

លុះក្រោយមកបាន៣ថ្ងៃគឺនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះលឿង ផល្លី ភេទប្រុស អាយុ៣៨ឆ្នាំត្រូវជាសង្សារស្រ្តីរងគ្រោះដែលកំពុងលាក់ខ្លួននៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង។

ជនសង្ស័យឈ្មោះលឿង ផល្លី ក្រោយចាប់ខ្លួនបានសារភាពប្រាប់សមត្ថកិច្ចថាខ្លួនពិតជាបានសម្លាប់សង្សារនោះមែនដោសារប្រចណ្ឌនឹងនាងដែលសុំចែកផ្លូវគ្នា៕