សេដ្ឋកិច្ច

តម្លៃលោហៈហ្គាលលីយ៉ូមសម្រាប់ផលិតបន្ទះឈីបរបស់ចិនបានហក់ឡើងខ្លាំងក្នុងរយៈពេល៧ខែនេះ

ប្រែសម្រួល៖សហការី

ទីក្រុងប៉េកាំង៖ក្រុមអ្នកផ្គត់ផ្គង់បានវិភាគថា តម្លៃរលោហធាតុដើមបស់ចិនដែលសម្រាប់ផលិតបន្ទះឈីបបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈរហូតមកដល់សប្តាហ៍នេះ ដោយសារតែមានតម្រូវការក្នុងស្រុកកាន់តែខ្លាំង ហើយនិងកំណើនក្នុងការនាំចេញបន្តមានភាពកាន់តែប្រសើរឡើង។

យោងតាមការស្ទាបស្ទង់មតិនៅអាមេរិក បានឱ្យដឹងថា ប្រទេសចិនបានធ្វើការនាំចេញលោហធាតុដើមហៅថា (Gallium ) សម្រាប់ផ្គត់ផ្គង់ក្នុងការផលិតបន្ទះឃើញថាកើនឡើងជាង៩០ ភាគរយធៀបនឹងការនាំចេញនៅលើពិភពលោក។ ក៏ប៉ុន្តែទីក្រុងប៉េកាំងទើបនឹងចាប់ផ្តើមធ្វើការរឹតបន្តឹងលើការនាំចេញលោហធាតុប្រភេទនេះនៅក្នុងខែសីហាជាហេតុធ្វើឱ្យមានតម្រូវការកាន់តែកើនឡើងខ្ពស់នៅលើពិភពល។

បើយោងតាមទិន្នន័យជាក់ស្តែងរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ Shanghai Metals Market បានបង្ហាញកាលពីនៅថ្ងៃទី ១៨ ខែតុលាឃើញថាតម្លៃលោហធាតុ (Gallium ) បានហក់ឡើងដល់ ១,៩៧៥ យន់ ស្មើនឹង ២៦៩,៩៥ ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាមគឺមានការកើនឡើងដល់ទៅ ១៨ ភាគរយចាប់តាំងពីដើមខែកក្កដា និងកើនឡើង ៨ ភាគរយថែមទៀតចាប់តាំងពីថ្ងៃទី ១ ខែសីហាកន្លងមក។

កាលពីថ្ងៃទី១៣ ខែតុលានេះអ្នកវិភាគនៅទីភ្នាក់ងារស្រាវជ្រាវដែលគាំទ្រដោយរដ្ឋ Antaike លោក Li Yilan បាននិយាយថាតម្រូវការលោហៈ(Gallium ) ដែលសម្រាប់ប្រើនៅក្នុងមេដែក និងសម្រាប់ផលិតហ្គាលលីយ៉ូមអុកស៊ីដ ដែលប្រើក្នុងឧបករណ៍អេឡិចត្រូនិកមានកំណើនខ្ពស់ចាប់តាំងពីខែកញ្ញាមក ហើយអ្នកផលិតក៏មានការស្ទាក់ស្ទើរក្នុងការសម្របសម្រួលលើតម្លៃលក់ចេញរបស់វាដោយសារតែទីក្រុងប៉េកាំងទើបនឹងចាប់ផ្តើមអនុម័តច្បាប់ថ្មីដើម្បីរឹតបន្តឹងការនាំចេញលោហៈហ្គាលលីយ៉ូម។ ក្រសួងពាណិជ្ជកម្មបាននិយាយកាលពីខែមុនថាក្រុមហ៊ុនចិនមួយចំនួនបានទទួលអាជ្ញាបណ្ណនាំចេញសម្រាប់ផលិតផលហ្គាលីយ៉ូម និងហ្គេម៉ានីញ៉ូម។

អ្នកផ្គត់ផ្គង់ហ្គាលលីមដែលមានមូលដ្ឋាននៅប្រទេសចិនដែលបានសុំមិនបញ្ចេញឈ្មោះដោយសារតែគាត់មិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាសាធរណៈបានបញ្ជាក់ថា “មានភាពខុសគ្នារវាងតម្លៃលើទីផ្សារក្នុងស្រុកចិន និងនៅលើទីផ្សាររបស់អឺរ៉ុប ដូច្នេះអ្នកលក់រំពឹងថាតម្លៃក្នុងស្រុកនឹងកើនឡើងផងដែដោយសារតម្រូវកាក្នុងការនាំចេញកាន់តែបន្តកើនឡើងខ្ពស់” ។

បើយោងតាមទិន្នន័យដែលដកស្រង់ពីអ្នកផ្តល់ព័ត៌មាន Fastmarkets ឃើញថាតម្លៃលោហៈ Galium នៅប៉ែកខាងអឺរ៉ុបបានហក់ឡើងដល់ទៅ ៦៨ ភាគរយចាប់ពីដើមខែកក្កដាគឺ ៤៧៥ ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាមហើយចាប់ពីខែសីហាមកទល់នឹងថ្ងៃទី ១៨ ខែតុលាថ្មិៗនេះ វាបានហក់ឡើងថែមទៀតរហូតដល់ទៅ ២៣ ភាគរយ។

បញ្ជាក់៖តម្លៃប្តូរប្រាក់ រវាងដុល្លារអាមេរិក និង យន់ចិនក្នុង ១ ដុល្លារអាមេរិក ស្មើនឹង ៧.៣១៦២ យន់ចិន

ប្រភព៖ Reuters