អន្តរជាតិ

ជម្លោះដ៏បង្ហូរឈាមរវាងហាម៉ាស់និងអ៊ីស្រាអែលបង្កឲ្យមានការលុកលុយរបស់អ៊ីស្រាអែលចូលក្នុងទឹកដីហ្គាហ្សា

ប្រែសម្រួល៖សហការី

មេបញ្ជាការកងទ័ពជើងគោករបស់​អ៊ីស្រាអែល​កំពុង​ប្រមូលផ្តុំ​កងទ័ព​សម្រាប់ការ​វាយលុក​តាមជើងគោក។ លោក នាយករដ្ឋមន្ត្រី Benjamin Netanyahu បានចុះសួរសុខទុក្ខកងទាហាននៅជួរមុខជាប់នឹងតំបន់ Gaza ដោយលើកទឹកចិត្តដល់ពួកគេឲ្យប្រយុទ្ធយ៉ាងខ្លាំងក្លា “ដូចតោ” និង “យកឈ្នះដោយកម្លាំងអាវុធ” ។

រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បាននិយាយលម្អិតអំពីគោលដៅបើកយុទ្ធនាការវាយលុកដោយទ័ពថ្មើរជើងចូលទៅក្នុងតំបន់ហ្គាហ្សាក្នុងគោលបំណងកំចាត់ក្រុមហាម៉ាសចោលឲ្យអស់ទាំងស្រុងតែម្តងដើម្បីលប់បំបាត់នូវការទទួលខុសត្រូវរបស់អ៊ីស្រាអែលលើបញ្ហាសុខសុវត្ថិភាពក្នុងតំបន់ហ្គាហ្សាស្ទ្រីបហើយនិងបង្កើតនូវយន្តការថែរក្សាសន្តិសុខថ្មីមួយនៅក្នុងតំបន់នេះ”។

ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបាននិយាយកាលពីថ្ងៃសុក្រ ទី ២០ ខែតុលានេះ ថាការកើនឡើងនូវភាពតានតឹងដែលបណ្តាលមកពីសកម្មភាពយោធារបស់ភាគីជម្លោះណាមួយនឹងបង្កឲ្យមានគ្រោះ “មហន្តរាយដែលមិននឹកស្មានដល់” កើតឡើងចំពោះប្រជាជនស្លូតត្រង់ដែលរស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

  • ជំនួយសម្រាប់យោធា និងមនុស្សធម៌

លោក ប្រធានាធិបតីអាមេរិក Joe Biden កំពុងខិតខំកៀរគររកមូលនិធិរាប់ពាន់លានដុល្លារដើម្បីជួយអ៊ីស្រាអែលក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសដែលលោកបាននិយាយថាគាត់នឹងធ្វើសំណើជា “បន្ទាន់មួយ” ទៅកាន់សភាអាមេរិកសម្រាប់កញ្ចប់ជំនួយនៅថ្ងៃសុក្រនេះ។

ភ្នាក់ងាអង្គការសហប្រជាជាតិបាននិយាយថា ការផ្តល់ជំនួយមនុស្សធម៌ដំបូងទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបតាមច្រករបៀងព្រំដែន Rafah ជាមួយអេហ្ស៊ីបគួរតែប្រព្រឹត្តទៅ “នៅថ្ងៃបន្ទាប់ជាបន្ទាន់”។

ប្រជាជន​ជាង​មួយ​លាន​នាក់​ក្នុង​ចំណោម​ប្រជាជន​២,៤​លាន​នាក់​ក្នុងតំបន់ហ្គាហ្សា​ត្រូវ​បាន​ភៀសខ្លួនចេញពីទីលំឋានរបស់ពួកគេ។

  • ការភ័យខ្លាចសង្គ្រាមបានផ្ទុះឡើង

អ៊ីស្រាអែល​កំពុង​តែជម្លៀសប្រជាជន​ចេញ​ពី​ទីក្រុង Kiryat Shmona នៅភាគ​ខាង​ជើងនៃ​ប្រទេស​លីបង់ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នាជាច្រើន​ថ្ងៃ​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ហេសបូឡា​តាម​បណ្តោយ​ព្រំដែន។

ការរីករាលដាលនូវអំពើហិង្សានៅក្នុងតំបន់ West Bank ដែលកំពុងកាន់កាប់ដោយអ៊ីស្រាអែលបានកើនឡើងខ្ពស់ជាហេតុបង្ករឲ្យមានការព្រួយបារម្ភថា វាអាចនឹងក្លាយទៅជារណសិរ្សមួយផ្សេងទៀតនៅក្នុងសង្រ្គាមដែលនឹងផ្ទុះឡើងកាន់តែធំជាងនេះទៀត។

សហរដ្ឋអាមេរិកបានធ្វើសេចក្តីថ្លែងការថា មាននាវាចម្បាំងកងទ័ពជើងទឹករបស់ខ្លួនមួយគ្រឿងដែលបានស្ទាក់ចាប់កាំជ្រួចដែលវាយប្រហារមកលើនាវាបានចំនួន ៣ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងដែលបាញ់ចេញដោយក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន។

អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោន បានបញ្ជាក់ថា ការវាយប្រហារនេះគឺ “មានគោលដៅប្រកបដោយសក្តានុពលផ្តោតមកលើប្រទេសអ៊ីស្រាអែល” ៕

ប្រភព៖ Agency