ព័ត៌មានជាតិ

ខេត្តកំពង់ចាមចេញប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបាន៧៩ភាគរយ

ដោយ៖ គង់ហេង

កំពង់ចាម៖ ដំណើរការ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅខេត្តកំពង់ចាម គឺបច្ចុប្បន្នបានចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋចំនួន ៧៣៤.០៦៤ ប័ណ្ណ ស្មើនឹងចំនួន ៧៩ ភាគរយ នៃក្បាលដីប៉ាន់ស្មានសរុបចំនួន ៩២៤.៤២១ ខណៈទូទាំងប្រទេសដំណើរការដូចគ្នានេះសម្រេចបានចំនួន ៦០ភាគរយ នៃក្បាលដីសរុបចំនួនប្រមាណ ពីរលានប្រាំពីរសែន ក្បាលដី។ នេះបើតាមការបញ្ជាក់ឱ្យដឹងនៅកិច្ចពិនិត្យ និងជំរុញការចុះបញ្ជីដីធ្លី នៅខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបយកម្ម និងសំណង់ នៅក្នុងសាលាខេត្តនេះនាព្រឹកថ្ងៃទី ១៩ តុលានេះ។

នៅក្នុងសន្ទរកថារបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម មានកម្រាស់ បួន ទំព័របានបញ្ជាក់ប្រាប់អ្នកចូលរួមថា៖ ខេត្តកំពង់ចាមមានផ្ទៃដីសរុបចំនួន ៤.៥៤៨, ០៩គីឡូម៉ែត្រការ៉េ មានក្រុង-ស្រុក ចំនួន១០ ឃុំ‐ សង្កាត់ ចំនួន១០៩ឃុំ-សង្កាត់ ស្មើនឹង ៩៤៦ភូមិ ដែលមានដង់ស៊ីតេ២៤៥នាក់/ គីឡូម៉ែត្រការ៉េ និងមានប្រជា ពលរដ្ឋសរុបចំនួន ២៨៤.៣៨៩គ្រួសារ ស្មើនឹង ១.១១៥.៥៨៥នាក់។

លោកអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ទៀតថា៖ សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមពឹងផ្អែកលើវិស័យសំខាន់ៗចំនួន៣ វិស័យកសិកម្ម សេវាកម្ម និងវិស័យឧស្សាហកម្ម ក្នុងនោះ តាមការព្យាករទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម នៅឆ្នាំ ២០២៣នេះ បន្តកើនដល់ ៨.០២៦ ប៊ីលានរៀល ហើយចំណូលសម្រាប់មនុស្សម្នាក់មានចំនួន ១.៧២៥ ដុល្លារ។

លោកបានបន្ថែមថា៖ ក្នុងអំឡុងពេលជាងពីរទស្សវត្សចុងក្រោយនេះ តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាល បានធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ កាន់តែរីកចម្រើនជាបន្តបន្ទាប់។ ជាមួយនឹងការរីកចម្រើនរបស់កម្ពុជា លើគ្រប់វិស័យខេត្តកំពង់ចាម ក៍បានទទួលការរីកចម្រើន និងប្រែប្រួលមុខមាត់ បន្ថែមទៀតទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សា ធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន រួមនឹងសមិទ្ធផលរូបវ័ន្តជាច្រើន។

លោកបានបន្តថា៖ ជាមួយការអភិវឌ្ឍន៍រីកចម្រើនខាងលើ ការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្ត ក៍បានបោះជំហានទៅមុខគួរឱ្យកត់សំគាល់ផងដែរ ដោយក្នុងនោះចាប់តាំងពីខែតុលា ឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្នដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តកំពង់ចាម ដែលសម្រេចបាន ដោយប្រមូលក្បាលដី គូស និងបញ្ចូលក្នុងកុំព្យូទ័រមានចំនួន ៧៥៨.៣២៨ក្បាលដី ស្មើនឹង៨២ភាគរយ និង ការចេញប័ណ្ណកម្មសិទ្ធិចំនួន ៧៣៤.០៦៤ប័ណ្ណ ស្មើនឹង ៧៩ភាគរយ នៃក្បាលដីប៉ាន់ស្មានរបស់ខេត្តកំពង់ចាម មានចំនួន ៩២៤.៤២១ក្បាលដី ក្នុងនោះបានបញ្ចប់ការចុះបញ្ជីដីធ្លី រួចរាល់ បានចំនួន ០៤ស្រុក និង០១ក្រុង។

លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា៖ ការចុះបញ្ជីដីធ្លីយើងត្រូវធ្វើឱ្យហើយ ដោយត្រូវសម្អាតឱ្យប័ណ្ណដីទាំងណាដែលមានគងលើផ្លូវ ឬផ្លូវមួយណាដែលគងលើប័ណ្ណដី និងការចុះបញ្ជីដីធ្លីបង្ហើយនេះ គឺសេវាជាគាប់ចិត្តគ្មានវិវាទ និងការចុះបញ្ជីនេះទៀតសោតត្រូវជម្រះឱ្យអស់បញ្ជីនៅក្នុងដៃ។

លោករដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីរូបនេះបន្តថា៖ ចំនួនក្បាលដីសរុបទូទាំងប្រទេសមានប្រមាណ ពីរលានប្រាំពីរសែន ក្បាលដី។ដោយយើងបានអនុវត្តសម្រេចបានចំនួន ៦០ ភាគរយ ដោយនៅសល់ចំនួនប្រមាណ ៤០ភាគរយ ទៀតដែលបាន និងកំពុងអនុវត្តបន្ត ដែលក្នុងមួយថ្ងៃមន្រ្តីសហការអនុវត្តបានទូទាំងប្រទេសសរុបប្រហែល ៤៥ម៉ឺន ក្បាល៕