អន្តរជាតិ

លោកពូទីនបង្ហាញពីសាមគ្គីភាពជាមួយចិនខណៈលោក ស៊ីបានផ្តោតចក្ខុវិស័យសម្រាប់ជំនួសមេដឹកនាំពិភពលោក

ប្រែសម្រួល៖សហការី

កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបង្ហាញនូវភាពស្និទ្ធស្នាលគ្នាយ៉ាងស៊ីជម្រៅជាមួយនឹងលោកប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងខណៈដែលលោកបានបង្ហាញខ្លួននៅលើវេទិការក្នុងនាមជាភ្ញៀវកិត្តិយសនៃពិធីជួបជុំជាសកលនៅទីក្រុងប៉េកាំងដែលជាកន្លែងមេដឹកនាំចិនលោក ស៊ី ជីនពីង បានលើកឡើងអំពី  ចក្ខុវិស័យសម្រាប់ការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក។

ក្នុងសុន្ទរកថាដែលមិនបានប្រាប់ជាមុនក្នុងឱកាសបើកវេទិកាខ្សែក្រវាត់ និងផ្លូវនោះ លោកពូទីនបានសាទរចំពោះគំនិតផ្តួចផ្តើមដែលជាគោលនយោបាយការបរទេសដ៏លេចធ្លោរបស់លោក Xi ថាជា “គោលបំណងមួយដើម្បីបង្កើតពិភពលោកមួយឱ្យប្រកបទៅដោយភាពយុត្តិធម៌ និងពហុប៉ូលជាសាកល”។

ប្រទេសស្ស៊ី និងចិនបានចែករំលែកនូវ “សេចក្តីប៉ងប្រាថ្នាលើកិច្ចសហប្រតិបត្តិការស្មើភាព និងដើម្បីផលប្រយោជន៍ទៅវិញទៅមក” ជារួមមានដូចជា “ការគោរពនូវអរិយធម៌ចម្រុះជាតិសាសន៍ និងសិទ្ធិរបស់រដ្ឋនីមួយៗសម្រាប់ជាដៃគូគំរូក្នុងការអភិវឌ្ឍប្រទេសរៀងៗខ្លួន” លោកបានបន្ថែមថា នៅក្នុងសន្ទុះជាក់ស្តែងដែលជាការប្រឆាំងទៅនឹងការលាបពណ៌ថាជាមេដឹកនាំរុស្ស៊ី និងចិនជាជនផ្តាច់ការដើម្បីលើកកម្ពស់តម្លៃមនុស្សជាតិ សិទ្ធិ និងសេរីភាពនយោបាយរបស់ប្រទេសនិមួយៗ។

លោក ពូទីន បានធ្វើសេចក្តីថ្លែងការនៅបន្ទាប់ពីលោក Xi ដែលបានស្វាគមន៍ដល់មេដឹកនាំពិភពលោកនិងគណៈប្រតិភូជាងមួយរយនាក់ទៅកាន់ព្រឹត្តិការណ៍រំលឹកខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាគោលបំណងប្រកបដោយមហិច្ឆតាដែលនៅតែមានភាពចម្រូងចម្រាសចាក់ស្រេះនៅក្នុងការគាំទ្រដល់ការតភ្ជាប់ពាណិជ្ជកម្មនៅជុំវិញពិភពលោកជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ចិន។

លោក Xi បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ខ្លួនថាបានផ្តល់នូវគំរូអភិវឌ្ឍន៍ជាកម្លាំងចលករសម្រាប់ពិភពលោកដោយបញ្ជាក់ថាវា “បានបង្កើតក្របខ័ណ្ឌថ្មីសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” ។

ការប្រមូលផ្តុំគ្នានៅក្នុងមហាសាលប្រជាជននៅទីក្រុងប៉េកាំងបានធ្វើឡើងក្រោមស្រមោលនៃសង្រ្គាមនៅមជ្ឈិមបូព៌ាដែលគំរាមកំហែងដល់ការកើនឡើងទៅជាជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ ហើយបានដើរតួជាការបង្ហាញពីការបែកបាក់កាន់តែស៊ីជម្រៅរវាងមហាអំណាចពិភពលោក។

នៅចំពេលដែលមេដឹកនាំ និងអ្នកតំណាងមកពីប្រទេសភាគច្រើននៅក្នុងសកលលោកនៃប៉ូលប៉ែកខាងត្បូងបានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសចិន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងនឹងទៅដល់ប្រទេសអ៊ីស្រាអែលនៅពេលក្រោយក្នុងថ្ងៃពុធនេះផងដែរក្នុងការបង្ហាញការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ដែលបានប្តេជ្ញាវាយកម្ទេចនិងលុបបំបាត់ក្រុមហាម៉ាសដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយមដ៏សាហាវឃោរឃៅឱ្យអស់ពីភពផែនដីនេះតែម្តងនេះជាប្រតិបត្តិការឆ្លើយតបទៅនឹងការវាយប្រហារដ៏ឃោរឃៅរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយមទៅលើអ៊ីស្រាអែលកាលពីដើមខែនេះ។

ចិន និងរុស្ស៊ីទាំងពីរបានប្រកាន់ជំហរកណ្តាលនិងខិតខំអំពាវនាវឱ្យមានបទឈប់បាញ់គ្នានៅក្នុងជម្លោះដែលកំពុងផ្ទុះរាលដាលកាន់តែកើនឡើងពាសពេញតំបន់មជ្ឈិមបូព៌ា ហើយក៏មិនបានថ្កោលទោសក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយមហាម៉ាសដែលមានសភាពផ្ទុយគ្នាស្រឡះទៅនឹងសហរដ្ឋអាមេរិកនិងមេដឹកនាំនៅទូទាំងទ្វីបអឺរ៉ុបដែលបានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់អ៊ីស្រាអែល។

ចំណែកនៅលើវេទិកាខ្សែក្រវាត់ និងផ្លូវក្នុងក្រុងប៉េកាំងលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានបទឈប់បាញ់ជាលក្ខខណ្ឌមនុស្សធម៌ជាបន្ទាន់។

“ខ្ញុំដឹងច្បាស់អំពីមហាទុក្ខសោកដ៏ជ្រាលជ្រៅបំផុតរបស់ប្រជាជនប៉ាឡេស្ទីនបន្ទាប់ពីការកាន់កាប់អស់រយៈពេលជាង ៥៦ ឆ្នាំ ប៉ុន្តែពេលនេះសេចក្តីសោកសៅឃើញថាមានសភាពធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ គឺពួកគេមិនបានបង្ហាញអំពីជំហរដ៏ត្រឹមត្រូវសម្រាប់ការវាយប្រហារសងសឹកទៅលើអំពើភេរវកម្មរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយមហាម៉ាសប្រឆាំងនឹងជនស៊ីវិលដែលបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ដែលខ្ញុំបានធ្វើការថ្កោលទោសភ្លាមៗ” លោក​បាន​ថ្លែងដូច្នេះ​។

​ព្រឹត្តិការណ៍ដ៏មហាវិនាសកម្ម​ទាំង​នោះ​មិន​អាច​បង្ហាញ​ពី​ភាពត្រឹមត្រូវ​ហើយត្រូវបានចាត់ទុកថាវាបានប្រែក្លាយទៅជាការ​ដាក់​ទណ្ឌកម្មជា​រួម​មកលើ​ប្រជាជន​ប៉ាឡេស្ទីនទាំងមូល​ទៅវិញ។

លោក Xi មិនបាននិយាយអំពីជម្លោះរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយមហាម៉ាសនៅក្នុងសុន្ទរកថារបស់គាត់នោះទេ តែគាត់បាននិយាយអំពីការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោករជាក់ស្តែងនៅក្នុងភាពជាអ្នកដឹកនាំតែម្តង។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ “ការផ្លាស់​ប្តូរ​សណ្តាប់ធ្នាប់ពិភពលោកក្នុងសម័យ​កាល​របស់​យើងគឺមាន​សារសំខាន់​ជា​ប្រវត្តិសាស្ត្រ​ហើយកំពុង​លេចធ្លោ​ឡើងដែល​មិន​ធ្លាប់​មាន​ពី​មុន​មកនោះ​ទេ។

“ចិនកំពុងខិតខំប្រឹងប្រែងអភវឌ្ឍន៏ឱ្យខ្លួនក្លាយទៅជាមហាប្រទេសដ៏រឹងមាំមួយ និងធ្វើឱ្យប្រជាជាតិចិនរស់នៅក្នុងសភាពដ៏ស្រស់បំព្រងនិងជ្រះថ្លាលើគ្រប់វិស័យតាមរយះការបន្តធ្វើទំនើបកម្មបច្ចេកវិទ្យារបស់ខ្លួន។ ទំនើបភាវូបនីយកម្ម​ដែល​ចិន​កំពុង​រត់​រកគឺ​មិន​មែន​សម្រាប់​ប្រទេស​ចិន​តែ​មួយ​នោះ​ទេ ក៏ប៉ុន្តែ​សម្រាប់បណ្តា​ប្រទេសដែល​កំពុង​អភិវឌ្ឍន៍​ទាំង​អស់ក្នុងសាកលលោក​តាម​រយៈ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នាឱ្យកាន់តែស៊ីជម្រៅថែមទៀត”។

ក្នុង​ការ​វាយប្រហារតាមវោហាសាស្ត្រកំបាំងមុខ​ដែលទំនងជាសំដៅលើ​សហរដ្ឋ​អាមេរិក មេដឹកនាំ​ចិន​បាន​និយាយ​ថា ចិន​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​ជាឯកតោភាគី ការ​ដាក់សម្ពាធជាលក្ខណបង្ខិត​បង្ខំ​លើវិស័យ​សេដ្ឋកិច្ច ការ​ផ្តាច់​ចំណងទំនាក់ទំនង និង​ការ​រំខាន​ដល់​ចង្វាក់​ផ្គត់ផ្គង់លទ្ធកម្មគ្រប់ប្រភេទ។

លោក​បាន​មាន​ប្រសាសន៍​ថា “ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​មនោគមវិជ្ជា ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​នយោបាយប្រកាន់ប៉ូលនិង​ប្លុក​មិន​មែន​ជា​ជម្រើស​សម្រាប់​យើងទៀតនោះ​ទេ”។

“ការតាមមើលការអភិវឌ្ឍន៍របស់អ្នកដទៃក្នុងបំណងជាន់ពន្លិចគឺជាការគំរាមកំហែងមួយដ៏ធ្ងន់ធ្ងរ ឬក៏ទទួលយកការពឹងពាក់គ្នាទៅវិញទៅមកខាងសេដ្ឋកិច្ចដែលគេចាត់ទុកថាជាហានិភ័យសម្រាប់គេដែលមិនធ្វើឱ្យជីវិតរបស់គេកាន់តែប្រសើរឡើងហើយក៏មិនព្រមងាកមកបង្កើនល្បឿនអភិវឌ្ឍន៍របស់ខ្លួននោះទេ”។

មេដឹកនាំពិភពលោកផ្សេងទៀតដែលចូលរួម រួមទាំងប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokayev និងលោក Joko Widodo របស់ប្រទេសឥណ្ឌូនេស៊ី ក៏បានថ្លែងសុន្ទរកថាផងដែរ ជាមួយនឹងការអំពាវនាវជាច្រើនរបស់លោក Xi ឱ្យបង្កើនការអភិវឌ្ឍន៍ជាសកល និងពិភពលោកមានកិច្ចសហប្រតិបត្តិការជាពហុភាគី។

លោក ស៊ី និង​ពូទីន បាន​ជួប​ពិភាក្សា​គ្នា​បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ ដោយហៅលោកពូទីនថា “មិត្តចាស់របស់ខ្ញុំ” លោក Xi បានសាទរចំពោះការធ្វើឱ្យកាន់តែស៊ីជម្រៅនៃការជឿទុកចិត្តផ្នែកនយោបាយរវាងប្រជាជាតិទាំងពីរ និង “ការសម្របសម្រួលយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរបស់ពួកគេ” ទូរទស្សន៍រដ្ឋរបស់ប្រទេសចិន CCTV បានរាយការណ៍អំពី​ព្រឹត្តិការណ៍នេះ។

ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៉េកាំងគឺជា​ដំណើរ​នៅ​ក្រៅ​ប្រទេស​ដ៏​កម្រ​មួយ​សម្រាប់​លោក​ពូទីន ដែល​លោក​បារម្ភពី តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិចាប់ខ្លួន​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​អ៊ុយក្រែន។

ជំនួបរបស់លោកជាមួយលោក Xi ធ្វើឡើងនៅពេលដែលរុស្ស៊ីបន្តធ្វើការវាយប្រហារបំផ្លិចបំផ្លាញលើអ៊ុយក្រែន ជាកន្លែងដែលមនុស្សពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ បន្ទាប់ពីការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីទៅលើទីក្រុង Zaporizhzhia នេះបើយោងតាមមន្ត្រីអ៊ុយក្រែន។

  • ការដាក់ជំនួសមេដឹកនាំលំដាប់ពិភពលោក

លោក Xi ដែលជាមេដឹកនាំចិនដ៏មានឥទ្ធិពលបានអះអាងជារឿយៗថានៅក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ ចិនបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ចេញនូវគោលដៅសម្រាប់ប្រទេសចិនជាអ្នកដឹកនាំជំនួសឱ្យសហរដ្ឋអាមេរិក ជាមួយនឹងចក្ខុវិស័យធានានិរន្តរភាពសន្តិសុខសាកល និងការអភិវឌ្ឍន៍ពិភពលោក។

ការធ្វើជាម្ចាស់ផ្ទះនៅក្នុងទីក្រុងប៉េកាំង ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ដំបូងបង្អស់របស់ប្រទេសចិន ចាប់តាំងពីការបិទបញ្ចប់នៃជំងឺរាតត្បាត Covid-19 គឺជាផ្នែកមួយដ៏សំខាន់នៃការលើកស្ទួយរបស់គាត់ក្នុងលើទស្សនៈវិស័យតម្រង់ទិសទៅកាន់ប្រទេសនានា ដែលខ្លួនបានបង្កើតឡើងនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធដ៏ស៊ីជម្រៅជាមួយនៅក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ខណៈដែលលោក Xi បានផ្តោតគោលដៅលើការពង្រីកវិសាលភាពឱ្យបានទូលំទូលាយដែលជះឥទ្ធិពលជាលក្ខណៈសកល។

មេដឹកនាំពិភពលោក តំណាង និងគណៈប្រតិភូមកពី ១៤០ ប្រទេស រួមទាំងនៅមជ្ឈិមបូព៌ា និងពួកតាលីបង់ កំពុងចូលរួមក្នុងការជួបជុំនេះ រំលឹកខួបមួយទសវត្សរ៍ចាប់តាំងពីការចាប់ផ្តើមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដ៏ល្បីល្បាញរបស់លោក Xi។

ប៉ុន្តែវាក៏មានកើតឡើងផងដែរ នៅពេលដែលប្រទេសចិនកំពុងប្រឈមមុខនឹងបញ្ហាខ្លាំងនៅក្នុងផ្ទះរបស់ខ្លួន ជាមួយនឹងសេដ្ឋកិច្ចដាំក្បាលចុះ ភាពអត់ការងារធ្វើហក់ឡើងខ្ពស់ និងការរង្គោះរង្គើច្របូកច្របល់ដែលមិនអាចពន្យល់បាននាពេលថ្មីៗនេះនៅថ្នាក់លើរបស់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។

ក្រុងប៉េកាំងមិនមានឆន្ទះក្នុងការបំភ្លឺលើបញ្ហាប្រឈមទាំងនេះនៅក្នុងពេលជួបជុំគ្នាដោយសារតែចង់បង្ហាញពីអំណាចរបស់ខ្លួន និងធ្វើឲ្យគេកោតសរសើរចំពោះការរួមចំណែករបស់ខ្លួនក្នុងការអភិវឌ្ឍជាសាកលដែលជាគំរូចម្បងដើម្បីទទួលបានការគាំទ្រ។

គោលនយោបាយការបរទេសដែលចុះហត្ថលេខាបង្គ្រប់ហិរញ្ញប្បទានចិនរាប់រយពាន់លានដើម្បីសាងសង់កំពង់ផែ ស្ថានីយថាមពល ស្ពាន ផ្លូវដែក និងផ្លូវជុំវិញពិភពលោក ដើម្បីពង្រីកផលប្រយោជន៍ និងឥទ្ធិពលជាលក្ខណអន្តរជាតិសម្រាប់ប្រទេសចិនដែលមានសារសំខាន់នៅក្នុងគម្រោងផ្លូវនិងខ្សែក្រវាត់។

ប្រទេសជាង ១៥០ ក៏បានចូលសហការលើកម្មវិធីនេះ ដែលទីក្រុងប៉េកាំងនិយាយថាបានកៀរគរថវិការបានចំនួន “រហូតដល់មួយពាន់ពាន់លានដុល្លារក្នុងការវិនិយោគ” ដែលជំរុញឱ្យមានកំណើនសដ្ឋកិច្ចនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍។

ប៉ុន្តែ​វាក៏មានការ​ប្រឈមទៅ​នឹង​ការ​កើន​ឡើង​នៅ​ពេល​ដែល​ចរន្ត​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ធ្លាក់​ចុះ​នៅចំ​ពេលដែល​ស្ថិរភាពហិរញ្ញវត្ថុមានការ​ប្រែប្រួលនៅជុំវិញ​ពិភពលោក និង​ការចោទឡើងជាបញ្ហាលើ​ការ​ចំណាយ​ខ្ពស់​សម្រាប់​ប្រទេស​នានា​ដែលជាប់​បំណុល​ដែលនិងរង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ។

អ្នកវិភាគបាននិយាយថា ភាពរីកចំរើននៃការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិនឥឡូវនេះបានធ្វើឱ្យប្រទេសនេះក្លាយជាអ្នកប្រមូលបំណុលដ៏ធំបំផុតលើពិភពលោក។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ លោក Xi បាន​ច្រាន​ចោល​ការ​រិះគន់ ហើយ​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ចំពោះ​គំនិត​ផ្តួច​ផ្តើមមួយ​នេះ។

“អ្វីដែលសម្រេចបានក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ បានបង្ហាញថា កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ គឺស្ថិតនៅផ្លូវដ៏ត្រឹមត្រូវនៃកង់ប្រវត្តិសាស្ត្រ។ វាជាតំណាងឱ្យការជឿនលឿននៃសម័យកាលរបស់យើង ហើយវាជាមាគ៌ាដែលឆ្ពោះទៅមុខជានិច្ចនិរន្ត”។

លោក Xi ក៏បានលើកឡើងអំពីផែនការសកម្មភាពប្រាំបីមុំលើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រួមទាំងការដកចេញទាំងស្រុងនូវការរឹតបន្តឹងលើការវិនិយោគបរទេសនៅក្នុងលទ្ធកម្មរបស់ចិន និងគំនិតផ្តួចផ្តើមស្តីពីការគ្រប់គ្រងបញ្ញាសិប្បនិម្មិតជាសកលផងដែ៕