សន្ដិសុខសង្គម

ចាប់ខ្លួនជនសង្ស័យជាឃាតកសម្លាប់សង្សារនៅខណ្ឌសែនសុខហើយរត់គេចដល់ខេត្តស្វាយរៀង

ដោយ:សុខុម
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលផ្នែកជំនាញតាមចាប់ខ្លួនបានឃាតកសម្លាប់នារីម្នាក់ ដែលជាសង្សារបណ្ដាលឲ្យស្លាប់ហើយរត់គេចដល់ក្រុងបាវិតខេត្តស្វាយរៀងនិងបញ្ជូនខ្លួនមកភ្នំពេញជាកន្លែងករណីឃាតកម្មវិញដើម្បីចាត់ការតាមផ្លូវច្បាប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៣នេះ។


សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣ មានករណីឃាតកម្មមួយកើតឡើង បង្កដោយឈ្មោះ លឿង ផល្លី ហៅ លឹប ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ​បានធ្វើសកម្មភាពយកកាំបិតបុ័ងតោ កាប់សម្លាប់នារីរងគ្រោះឈ្មោះ ជឿន ស្រីហុង អាយុ៣៤ឆ្នាំ បម្រើការងារតាមផ្ទះ មានស្រុកកំណើតនៅ ភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ក្រោយពីធ្វើសកម្មភាពរួចជនដៃដល់បានរត់គេចខ្លួនបាត់ ។


ស្រ្តីរងគ្រោះមានកូនចំនួន៣នាក់ រស់នៅជាមួយជីដូននៅស្រុកកំណើតខេត្តក្រចេះ ប្ដីទី១ មានកូនម្នាក់, ប្ដីទី២ មានកូន២នាក់ ក្រោយមកក៏មានសង្សារឈ្មោះផល្លី ដែលជាជន ដៃដល់ ដែលកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ លឿង ផល្លី នៅចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើកាំបិត​បុ័ងតោកាប់សម្លាប់លើជនរងគ្រោះឈ្មោះ ជឿន ស្រីហុង ពិតប្រាកដមែន មូលហេតុ ដោយសារប្រចណ្ឌ និងជនរងគ្រោះសុំបែកទៅមានសង្សារថ្មី៕