សន្ដិសុខសង្គម

ចាប់ខ្លួនឃាតកបាញ់រះបណ្ដាលឱ្យជនរងគ្រោះស្លាប់ម្នាក់នៅមុខធនាគារ FTB សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងកាលពីឆ្នាំមុន

ដោយ:សុខុម
បន្ទាយមានជ័យ:សមត្ថកិច្ចខេត្តបាត់ដំបងនិងបន្ទាយមានជ័យសហការចាប់ខ្លួនឃាតកដែលរត់គេចអស់ រយៈពេលមួយឆ្នាំបានហើយនៅរសៀលថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។


លោក វរសេនីយ៍ទោ ព្រហ្ម ពិសិទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ វ៉េង ចិត្រា ហៅ ធី ភេទប្រុស មានទីលំនៅភូមិ អូរបាក់ត្រា ឃុំ ព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ត្រូវបានចាប់ខ្លួនតាមអំណាចដីកាបង្គាប់ឱ្យចាប់ខ្លួន​លេខ៧៧៤ ត.ព្រ របស់លោក គា សីហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២២ បណ្តាលឱ្យជនរងគ្រោះ ឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកន្តួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ស្លាប់ ) ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនិងជនរងគ្រោះ​ផ្សេងទៀតរងរបួស ។


គួរបញ្ជាក់ថា ករណីឃាតកម្មខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៤នាទៀបភ្លឺនៃ យប់ថ្ងៃទី ៧ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ២០ ២២ នៅចំណុចសួន ច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិច ទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានជនសង្ស័យមួយក្រុមបានបើក​រថយន្តមកដល់ចំនុចខាងលើ រួចបានយកកាំភ្លើងខ្លីបាញ់រះ លើយុវជនមួយក្រុមដែលកំពុង​អង្គុយលេងជួបជុំគ្នា បណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ។ភ្លាមៗនោះ​ជនសង្ស័យបាននាំគ្នាជិះរត់យន្តគេចខ្លួនបាត់ស្រមោលហេីយ ក្នុងហេតុការណ៍នោះ​ជនរងគ្រោះ០១នាក់ ក្នុងចំណោម០៣នាក់ បានបាត់បង់ជីវិតពេលគេបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យ។

កាលនោះបន្ទាប់ពីពេលកេីតហេតុសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង សហការជាមួយ​សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន០២នាក់បញ្ជូនទៅសាលាដំបូងខេត្ត រីឯបក្ខពួកមួយចំនួនទៀតសមត្ថកិច្ចកំណត់មុខ សញ្ញាបាន​និងស្នេីសុំដីកាពីស្ថាប័នតលាការដេីម្បីស្វែងរកចាប់ខ្លួន ។ជាក់ ស្តែងមុខសញ្ញាផ្សេងទៀត​ដែលកំពុងគេចខ្លួនសមត្ថកិច្ចបន្តកិច្ចប្រតិបត្តិការជាបន្តទៀត។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ទៀត ការិយាល័យជំនាញរៀបចំបញ្ជូនទៅ​កាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕