សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីតម្លៃជាង១ពាន់លានដុល្លារចាប់ផ្ដើមទទួលភ្ញៀវទេសចរ

ដោយ:សុខុម
សៀមរាប ÷សមិទ្ធផលថ្មីនៃអាកាសយានដ្ឋានអន្ដរជាតិសៀមរាប អង្គរ ដែលមានតម្លៃជាង១ពាន់លាន ដុល្លារ បានបើកដំណើរការហោះហើរចុះចតជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៣។


ការចុះចតជាលើកដំបូងមានអ្នកដំណើរប្រមាណជាង ៣០០នាក់មកកាន់ខេត្តសៀមរាប។ បើកដំណើរ ការក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា អតីតតំបន់ព្រលានយន្ដហោះអន្ដរជាតិ សៀមរាបអង្គរ ជាកន្លែងសង្គ្រាមដ៏ក្ដៅគគុកនៅមុនឆ្នាំទសវត្សរ៍៩០ ប៉ុន្ដែបច្ចុប្បន្ននេះជាភ័ព្វសំណាងរបស់កម្ពុជា បានឱ្យធ្វើទីតាំងនោះជាអាកាសយានដ្ឋានអន្ដរជាតិ ដ៏សំខាន់បំផុតសម្រាប់កម្ពុជា។

ឯកឧត្ដមបន្ដថា ការបើកឱ្យដំណើរអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងថ្ងៃដំបូងនេះ ជាការបើកទំព័រប្រវត្ដិសាស្ដ្ររបស់កម្ពុជា និងជាការលើកស្ទួយវិស័យទេសចរណ៍ក្រោយវិបត្ដិកូវីដ១៩ ដោយមានអ្នកទេសចរជាច្រើននាក់ មកពីទីក្រុងបាងកកប្រទេស ថៃ និងចិនទៅកម្សាន្ដក្នុងខេត្ដសៀមរាប។ ឯកឧត្ដមបានថ្លែងបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ជាសមិទ្ធផលដ៏ធំធេង​បានផ្តើមចេញសុទ្ធសាធពីគោលនយោបាយ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ខណៈទុនវិនិយោគចំណាយរហូតដល់១១០០លានដុល្លារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងថា ការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មីនេះជំរុញឲ្យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងសង្គមសម្រាប់ប្រជាជាតិកម្ពុជា និងសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការដែកថែបរវាងប្រទេសទាំងពីរ។


សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចម្ងាយពីប្រាសាទអង្គរវត្ត៤០ គីទ្បូម៉ែត្រ និង៥១គីទ្បូម៉ែត្រ ពីក្រុងសៀមរាប ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ វិនិយោគដោយវិនិយោគគិនចិន ក្នុងផ្ទៃដី៧០០ហិកតា ចំណាយទឹកប្រាក់​វិនិយោគប្រមាណជាង១ពាន់លានដុល្លារដែលជាការវិនិយោគ BOTក្នុងរយៈពេល៥៥ឆ្នាំ។

អាកាសយានដ្ឋាននេះ មានចំណតសម្រាប់យន្តហោះចតចំនួន៣៨ ចំណត មានសមត្ថភាព​ទទួលអ្នកដំណើរ តាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាង​មុខ ។
តាមការគ្រោងទុក នឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោម​អធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយនឹងថ្នាក់ដឹកនាំចិនផងដែរ៕