សន្ដិសុខសង្គម

សហគមន៍ជួយសង្គ្រោះសត្វទន្សោងជាប់អន្ទាក់

ដោយ:សុខុម
កំពង់ស្ពឺ៖ អ្នកការពារសហគមន៍ព្រៃឈើប្រាំបីមុមខេត្តកំពង់ស្ពឺនាំគ្នាជួយសង្គ្រោះសត្វទន្សោង មួយក្បាលជាប់អន្ទាក់ព្រានព្រៃកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។


គណៈកម្មការសហគមន៍ព្រៃឈើប្រាំបីមុមបានអោយដឹងថា កម្លាំងប្រជាការពារភូមិសហការជាមួយ សហគមន៍ដេញចាប់សត្វទន្សោងស្ទាវមួយក្បាល ដែលជាប់អន្ទាក់ជើងដើម្បីកាត់ខ្សែអន្ទាក់ចេញ និងដាក់ថ្នាំព្យាបាលរបួស ។ករណីនេះកើតនេះច្រើនលើករួចមកហើយ។


សូមរំលឹកថា កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ សត្វទន្សោងមេមួយក្បាលជាប់អន្ទាក់ព្រាន​ទាំងជើងមុខទាំងជើងក្រោយដាច់ខ្សែរស់នៅលំបាកវេទនាអស់ជាច្រើនខែក្រោយមកបានងាប់។

កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការសហគមន៍ប្រាំបីមុមដើរល្បាតបានជួបទន្សោងបា​មួយក្បាល ក្រោយមកក៏បានងាប់នៅក្នុងតំបន់អភិរក្ស។


តំណាងសហគមន៍បាននិយាយថា កន្លងមកសហគមន៍បានសហការជាមួយសន្តិសុខ​យាមក្រុមហ៊ុនចម្ការអំពៅកំពង់ស៊ូហ្គារ ហើយបានចូលដោះអន្ទាក់ជាបន្តបន្ទាប់ ប៉ុន្តែ ក្រោយមក​សន្តិសុខក្រុមហ៊ុនមិនអនុញ្ញាតឲ្យសហគមន៍ចូលល្បាតដើម្បីដោះអន្ទាក់ទៀតទេ ។ ខាងសន្តិសុខ​ក្រុមហ៊ុនគំរាមកំហែងសហគមន៍ធ្វើឲ្យមានការលំបាក៕