សន្ដិសុខសង្គម

ឃាត់ខ្លួនមេខ្យល់និងបក្ខពួកសរុប១២នាក់ក្នុងជម្លោះដីធ្លីនៅខេត្តព្រះវិហារ

ដោយ:សុខុម
ព្រះវិហារ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមេខ្យល់ម្នាក់និងមនុស្ស១២នាក់ដោយចោទប្រកាន់ពួកគេថាបានទៅបង្កទំនាស់ដុតផ្ទះសំបែងប្រជាពលរដ្ឋនៅភូមិសាស្ត្រភូមិស្រយង់ជើង ឃុំស្រយង់ និងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៣​។មកដល់ព្រឹកថ្ងៃទី១៧តុលានេះ​សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង១២នាក់ទៅតុលាការ។


សមត្ថកិច្ចបានធ្វើរបាយការណ៍ថា ក្រៅពីឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន១២នាក់ កម្លាំងសមត្ថកិច្ច បាន​ដកហូតម៉ូតូពីរគ្រឿង, ម៉ាស៊ីនត្រង់សឺន័រពីរគ្រឿង, រថយន្តពីរគ្រឿង និងត្រាក់ទ័រមួយគ្រឿង​ធ្វើឡើងបន្ទាប់ពីមានបទបញ្ជាពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។


ករណីខាងលើនេះបង្កឡើងដោយស្ត្រីមេខ្យល់ឈ្មោះ ទួន ចន្ទ្រា បាននាំបក្ខពួក ចុះធ្វើសកម្មភាព​ឈូសបំផ្លាញផលដំណាំ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន៩គ្រួសារ ស្ថិតនៅភូមិសាស្ត្រកំពុង​មានទំនាស់។


អាជ្ញាធរបានអះអាងថា ដីនេះ ប្រជាពលរដ្ឋចំនួន៩គ្រួសារ បានមករស់នៅ និងបង្កបង្កើនផល​អស់រយៈពេលជាង១០ឆ្នាំ។មានដំណាំឈើហូបផ្លែ ដុះលូតលាស់ធំៗ អាចហូបផ្លែបានទៅហើយ។ ប្រជាពលរដ្ឋទាំង៩គ្រួសារ បានកាន់កាប់ដីនេះយូរឆ្នាំមកហើយ។ហើយអាជ្ញាធរបានគាំទ្រការរស់នៅ​របស់ប្រជាពលរដ្ឋទាំង ៩គ្រួសារ។


លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ការប្រើអំពើហិង្សាឈូសឆាយផលដំណាំ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋទាំង៩គ្រួសារដោយចិត្តឯង គ្មានការដឹងឮពីតុលាការ និងអាជ្ញាធរខេត្ត គឺជាទង្វើខុសច្បាប់។ស្ត្រីមេខ្យល់និងបក្ខពួកសមនឹងទទួលទោសតាមផ្លូវច្បាប់៕