សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងស្រាវជ្រាវករណីយុវជនមានគ្នាជាង១០នាក់ជិះម៉ូតូដេញកាប់យុវជនមួយក្រុមទៀតស្លាប់ចំនួន២នាក់

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ សមត្ថកិច្ចបាន និងកំពុងធ្វើការស្រាវជ្រាវករណីយុវជនមួយក្រុមមានបក្ខពួកជាង១០ នាក់បានធ្វើសកម្មភាពជិះម៉ូតូដេញកាប់យុវជនមួយក្រុមទៀតមានគ្នាចំនួនប្រាំពីរនាក់ បណ្តាលឱ្យខាងក្រុមនេះដេកស្លាប់ក្នុងថ្លុកឈាមចំនួនពីរនាក់ និងពីរទៀតបានរងរបួសធ្ងន់​នៅសង្កាត់-ក្រុងសួង កាលពីម៉ោងជាង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ តុលា។


សូមបញ្ជាក់ថា កាលពីម៉ោង ១ និង១០នាទីរំលងអធ្រាត្រឈានថ្ងៃទី ១៥ តុលា ក្រុមក្មេងទំនើង​មិនស្គាល់អត្តសញ្ញាណមានគ្នាប្រមាណជាង ១០ នាក់បានធ្វើសកម្មភាពជិះម៉ូតូស្កាត់ផ្លូវ​នៅក្នុងភូមិសាស្រ្តភូមិពណ្ណរាយ សង្កាត់-ក្រុងសួង ដេញកាប់យុវជនមួយក្រុមមានគ្នាចំនួន ប្រាំពីរ នាក់ដែលកំពុងជិះម៉ូតូពីខាងខេត្តកំពង់ចាម ដើម្បីត្រឡប់ទៅផ្ទះនៅខេត្តព្រៃវែងវិញ បណ្ដាលឲ្យដេកស្លាប់ និងរបួសយ៉ាងអាណោចអាធ័ម។


ក្នុងនោះយុវជនពីរនាក់ដែលម្នាក់បានស្លាប់នៅនឹងកន្លែងឈ្មោះ រ៉េត ម៉េងហុង អាយុ ១៩ ឆ្នាំនៅភូមិ​លាក់គោ ឃុំជៀច ស្រុកកំចាយមារ ខេត្តព្រៃវែង គឺបានស្លាប់ដោយសារការដេញតាមកាប់ពីខាង​យុវជនមានគ្នា​ជាង ១០ នាក់បានបើកបរម៉ូតូជ្រុលចង្កូតទៅបុកដើមអាកាស្យា និងបណ្តាលឱ្យឈ្មោះ វិចិត្រ គង់នៅ អាយុ ២១ ឆ្នាំជិះពីក្រោយ មានទីលំនៅទួលសង្កែ ឃុំជៀចដែរបានស្លាប់ពេលបញ្ជួនដល់​មន្ទីរពេទ្យ។ ដោយឡែកយុវជនដែលរងរបួសធ្ងន់ពីរនាក់ទៀត ម្នាក់របួសរយះក្បាលផ្នែកក្រោយ និងម្នាក់ទៀតរបួសរយះកញ្ចឹងកផ្នែកខាងក្រោយដែរ បានបញ្ជួនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។ រីឯយុវជនជាក្រុមក្មេងទំនើង និងជាជនសង្ស័យជាង ១០ នាក់ក្រោយធ្វើសកម្មភាពរួចបាន នាំគ្នាគេចខ្លួនបាត់។

ជុំវិញករណីក្រុមយុវជនមិនស្គាល់អត្តសញ្ញាណទាំងជាង ១០ នាក់ដែលបានជិះម៉ូតូដេញ​កាប់​យុវជនមួយក្រុមទៀតមានគ្នាប្រាំពីរ នាក់ដែលមានទីលំនៅខាងខេត្តព្រៃវែងនេះ លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ជាស្នងការនគរបាលខេត្តត្បូងឃ្មុំបានឆ្លើយប្រាប់នៅថ្ងៃទី ១៦ តុលានេះថា៖ ខាងលោកបាន និងកំពុងធ្វើការស្រាវជ្រាវ នៅមិនទាន់មានលទ្ធផលទេ៕