សន្ដិសុខសង្គម

គោងាប់រដូករណែលកណ្តាលវាលស្រែសង្ស័យបណ្តាលមកពីថ្នាំពុល

ដោយ:សុខុម
កំពង់ឆ្នាំង ៖ ម្ចាស់គោយំលែងចេញបន្ទាប់ពីឃើញសត្វគោដែលខំចិញ្ចឹមមើលថែរាល់ថ្ងៃ​ដោយរំពឹងថានឹងអាចជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារបាន។ក្តីសង្ឃឹមត្រូវរលាយបាត់អស់នៅពេល​ឃើញគោ​សរុប១៧ក្បាលដួលងាប់រដូករណែលលើវាលស្រែនៅចំណុចត្រពាំងធ្លក ភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ។


លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យបានឲ្យដឹងថា ម្ចាស់គោឈ្មោះ ទត សៀងហីម អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស។ម្ចាស់ស្រែមានទីលំនៅស្រុករលាប្អៀរ។


ម្ចាស់គោបានបញ្ជាក់ថា ប្អូនប្រុសរបស់គាត់ បានយកគោទៅឃ្វាលដូចសព្វដង ប៉ុន្តែនៅម៉ោងជាង​៣រសៀលថ្ងៃទី១៤តុលា ប្អូនប្រុសគាត់បានត្រឡប់មកហូបបាយវិញ ដោយលែងគោឱ្យស៊ីស្មៅក្នុងព្រៃ ។
ពេលទៅវិញ ស្រាប់តែរកគោមិនឃើញ ប្អូនប្រុសគាត់ដើររករហូតដល់ព្រលប់ឃើញគោងាប់ក្នុងដីស្រែគេ។ លុះដល់ព្រឹកឡើងសមត្ថកិច្ចនិងមន្ត្រីពេទ្យសត្វចុះទៅពិនិត្យមើល។

ក្រោយពេលពិនិត្យខ្មោចគោទាំ១៧ក្បាល មន្ត្រីពេទ្យសត្វខេត្តបានសន្និដ្ឋានថាគោទាំងអស់ងាប់ ដោយសារពុលថ្នាំ។គោវាដើរសុីស្រូវពង្រោះនៅវាលស្រែដែលម្ចាស់គេបានបាញ់ថ្នាំសម្លាប់​សត្វចង្រៃសុីស្រូវ។ពេលគោដើរទៅស៊ីស្រូវក៏ពុលដួលងាប់អស់ជិត២០ក្បាល៕