ព័ត៌មានជាតិ

អ្នកជំងឺភ្នែកក្រហមមកពិនិត្យនៅមន្ទីរពេទ្យកំពង់ចាម៩០ភាគរយជាប្រភេទរលាកបណ្តាលមកពីវីរុស

ដោយ៖គង់ហេង

កំពង់ចាម៖ លោក គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៥ កញ្ញា ដល់ ថ្ងៃទី ១២ តុលាមានអ្នកឆ្លងជំងឺភ្នែកក្រហមដែលបានមកពិនិត្យនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាមសរុបចំនួន ១៤៣ នាក់។ ដោយក្នុងនោះមានអ្នកជំងឺនេះជាសិស្សមកពីវិទ្យាល័យអប់រំពិសេសកំពង់ចាមចំនួន ៨៩ នាក់។

លោកប្រធានមន្ទីររូបនេះបានបញ្ជាក់ទៀតថា៖ តាមការបញ្ជាក់ពីគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យខាងលើថា ករណីជំងឺភ្នែកក្រហមដែលបានចូលមកពិនិត្យ គឺមូលហេតុបណ្តាលឱ្យកត្តាសំខាន់មកពីខ្វះអនាម័យ និងពុំមានការយល់ដឹងអំពីវិធានការការពារ ការឆ្លងមេរោគធ្វើឱ្យមានការជំងឺភ្នែកក្រហមនេះ។

លោកបានបន្ថែមថា៖ ក្នុងនោះផ្អែកតាមរោគសញ្ញាដែលអ្នកជំងឺមាន គឺជាប្រភេទរលាកបណ្តាលមកពីវីរុសច្រើនជាងពពួក បាក់តេរី ប្រមាណ ៩០ ភាគរយ ហើយភាគច្រើន នៃជំងឺមានការវិវត្តន៍ទៅរកភាពធូរស្រាល ដោយសារតែខាងគ្រូពេទ្យយើងបាន ណាត់ពួកគាត់ជាអ្នកជំងឺមកមន្ទីរពេទ្យទាំងអស់បានអញ្ជើញត្រឡប់មកពិនិត្យវិញ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី ១២ តុលានេះនៅពុំទាន់ឃើញមានអ្នកជំងឺត្រឡប់មកឱ្យគ្រូពេទ្យពិនិត្យនោះទេ។

លោកបានបន្តថា៖ ជាមួយនោះយើងក៏បានអប់រំសុខភាពអ្នកជំងឺស្តីពី ការការពារកុំឱ្យមានឆ្លងជំងឺភ្នែកក្រហមនេះតគ្នាទៀត ដោយអនុវត្តការលាងដៃ នឹងអាកុលឬសាប៊ូឱ្យបានញឹកញាប់ ជៀសវាងការប្រើប្រាស់របស់រួមគ្នា និងពាកម៉ាស់ការពារ ដោយមានការចម្លងតាមផ្លូវដង្ហើម៕