ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមឱ្យមន្ទីរសុខាភិបាលជួយព្យាបាលជំងឺ«ភ្នែកក្រហម»និងពិនិត្យអំពីមូលហេតុ

ដោយ៖ គង់ហេង

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើឱ្យមន្ទីរសុខាភិបាល ជួយអន្តរាគមន៍ព្យាបាលជំងឺ «ភ្នែកក្រហម»‍ ដែលបានកើតឡើងសិស្សប្រមាណ ៥០ នាក់នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម រយៈពេលមួយសប្តាហ៍មកហើយពោល គឺពិនិត្យអំពីមូលហេតុនៃការកើតជំងឺនេះបណ្តាលមកពីអ្វីខ្លះ?

ការស្នើនេះធ្វើឡើងនៅក្នុងឱកាសដែលលោកអភិបាលខេត្តកំពង់ចាមបានដឹកនាំសហការីជាច្រើនរូប នៃរដ្ឋបាលខេត្តនេះអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកុមារពិការភ្នែក គថ្លង់ កំព្រា ព្រមទាំងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម និងមកពីមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម កាលពីថ្ងៃទី ១១ តុលាម្សិលមិញ។

បន្ទាប់ពីបានស្តាប់មតិស្វាគមន៍របស់លោក កែវ ផល្លី នាយកវិទ្យាល័យអប់រំពិសេសកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ សូមឱ្យមន្ទីរសុខាភិបាលខេត្ត ពិនិត្យមើលករណីជំងឺ« ភ្នែកករហម»ដើម្បីអន្តរាគមន៍ជួយព្យាបាល បើអាចជួយបញ្ជួនក្រុមគ្រូពេទ្យមកព្យាបាលដល់វិទ្យាល័យតែម្តង។ មួយវិញទៀតយើងរកមើលពីមូលហេតុដែលបណ្តាលឱ្យកើតជំងឺនេះ និងបង្កឡើងពីបញ្ហាអ្វីខ្លះ? ហើយការពិនិត្យមើលនេះមិនមែនតែជំងឺភ្នែកក្រហមមួយមុខបណ្ណោះទេ សូមជួយមើលជំងឺផ្សេងៗទៀត ដូចជាជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់… ជាដើម។ ដោយចាំបាច់ត្រូវមានកិច្ចអន្តរាគមន៍ជាវិធានការបង្ការ បាញ់ថ្នាំ សម្លាប់សត្វមូស ដង្កូវទឹក តាមរយៈការដាក់ថ្នាំអាល់ប៊ែត នៅតាមកន្លែងប្រើប្រាស់ទឹក ដែលសិស្សទាំងជាង ២០០ នាក់ នៃវិទ្យាល័យនេះ គាត់រៀនផង រស់នៅទីនេះផង។

លោកបានបន្តថា៖ អីចឹងការរស់នៅប្រចាំថ្ងៃសំខាន់ណាស់ ដែលត្រូវមានកិច្ចគាំពារដល់សុខភាព ដែលធានាដល់ការរស់នៅប្រកបដោយសុវត្ថិភាព ជៀសផុតពីជំងឺដង្កាត់នានាកើតឡើង ដូចជាករណីភ្នែកក្រហមនេះជាដើម។ ជាមួយនេះក៏សូមឱ្យក្មួយៗទាំងអស់មើលថែខ្លួនឯង ដើម្បីកុំឱ្យធ្លាក់ខ្លួនឈឺ ជាពិសេសលោកគ្រូ អ្នកគ្រូសូមជួយមើលថែ ពួកគាត់(សិស្ស) គឺករណីមានបញ្ហាសូមរាយការណ៍ជាបន្ទាន់ ដើម្បីអន្តរាគមន៍ឱ្យទាន់ពេលវេលា ជៀសវាងរំខានដល់ការសិក្សា។

ជាមួយនោះលោក កែវ ផល្លី ជានាយកវិទ្យាល័យអប់រំពិសេសកំពង់ចាមបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា៖ ជំងឺភ្នែកក្រហមបានកើត លើសិស្សនៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាមរយៈពេលប្រមាណ មួយ សប្តាហ៍។ ដោយអាការៈដំបូងភ្នែករបស់សិស្សជាជំងឺរមាស់ ពួកគាត់ចេះអង្អែលៗភ្នែក បណ្តាលឱ្យឡើងហើមភ្នែកតែម្តង។

លោកនាយកវិទ្យាល័យរូបនេះបានបន្តថា៖ រហូតមកដល់បច្ចុប្បន្នសិស្សដែលមានផ្ទុកជំងឺភ្នែកក្រហមនេះមានចំនួនប្រមាណ ៥០ នាក់ ដោយនៅពេលកើតឡើងដំបូងខាងលោកបានដឹកតាមរថយន្តបញ្ជួនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាមម្តង ២០ នាក់។ បន្ទាប់មកបាននាំពួកគាត់ដែលមិនទាន់សះស្បើយទៅស្នាក់នៅបណ្តោះអាសន្នតាមផ្ទះរៀងៗខ្លួនសិន រង់ចាំជាពីជំងឺនេះទើបនាំមកសិក្សាក្នុងវិទ្យាល័យវិញ៕