ព័ត៌មានជាតិ

អំពាវនាវឱ្យអាជ្ញាធរនិងផ្នែកពាក់ព័ន្ធរៀបចំប្រព័ន្ធគ្រប់គ្រងថែទាំមនុស្សចាស់ឱ្យមានភាពកក់ក្តៅ

ដោយ៖គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអំពាវនាវដេល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងបន្ថែមទៀតលើការថែទាំមនុស្សចាស់ គឺរៀបចំជាប្រព័ន្ធគ្រប់គ្រង និងចាត់ចែង ដើម្បីធានាថាមនុស្សមានភាពកក់ក្តៅលើប្រព័ន្ធសេវា សម្រាប់គាត់(មនុស្សចាស់)។


លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍បញ្ជាក់ថា៖ មនុស្សចាស់ជា បុព្វការីជនដែលបានបង្កើត​ធនធានដ៍មានសារប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្តល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀបទម្លាប់ និងបទពិសោធន៍យ៉ាងច្រើន​ឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។ ប្រជាជាតិយើងមានប្រពៃណីវប្បធម៌ល្បី ល្បាញដូចសព្វថ្ងៃ គឺផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវរបស់មនុស្សចាស់។

លោកបានបញ្ជាក់ទៀតថា៖ ក្នុងនោះខេត្តកំពង់ចាមមានប្រជាជនសរុបចំនួន ១.១២៧.៧២៧នាក់ ស្រីចំនួន ៥៧៦.០៦២នាក់ មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំ ឡើងប្រមាណចំនួន ១៦.២៨៩នាក់ ស្រី ១១.២៩៦ នាក់ បានទទួលការឧបត្ថម្ភសាច់ប្រាក់នេះ ក្នុងចំណោម មនុស្សចាស់សរុប ១៣២.៧៤៧នាក់ ស្រី ៧០.៨៧៩នាក់។
លោកបានបន្ថែមថា៖ រដ្ឋបាលខេត្តកំពង់ចាមដែលមានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលជាសេនាធិការ ត្រូវបន្តពង្រឹងពង្រីក សមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ឱ្យ បានគ្រប់ឃុំ សង្កាត់ទូទាំងខេត្ត ការជំរុញកម្មវិធី អភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ និងកម្មវិធី ថែទាំមនុស្សចាស់​តាមគ្រួសារឱ្យកាន់តែប្រសើរឡើង។ ក្នុងន័យនេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទាខេត្ត និងផ្នែកពាក់ព័ន្ធដទៃទៀត បន្តជំរុញអនុវត្ត ដោយផ្តោតលើកិច្ចការសំខាន់ៗ រួមមាន៖ ១/ បន្តជំរុញរៀបចំ​ទិវាមនុស្សចាស់កម្ពុជា និងទិវា មនុស្សចាស់អន្តរជាតិ ១ តុលា ជារៀងរាល់ឆ្នាំ ២/បន្តពង្រឹងពង្រីក និងគាំទ្រសមាគមមនុស្ស ចាស់នៅតាម ឃុំ សង្កាត់ ជាពិសេស ឃុំ សង្កាត់ដែលមិនទាន់ដំណើរការ និង៣/ កៀរគររកសប្បុរសជន អង្គការដៃគូ ដើម្បីអនុវត្តគម្រោងរបស់ខ្លួនលើទឹកដីខេត្តកំពង់ចាម ដើម្បីរួមចំណែក​លើកស្ទួយសុខុមាលភាព សកម្មភាពរបស់មនុស្សចាស់នៅតាមសហគមន៍។

លោកបានបន្តថា៖ សូមយកឱកាសនេះ អំពារនាវដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធទាំងអស់​សូមផ្ដោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀតលើការថែទាំមនុស្សចាស់។ ដោយរៀបចំឱ្យទៅជាប្រព័ន្ធ គ្រប់គ្រង ចាត់ចែង ដើម្បីធានាបានថាមនុស្សចាស់មានភាពកក់ក្តៅលើប្រព័ន្ធសេវាសម្រាប់​មនុស្សចាស់​របស់យើង។ ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី លោក តា លោកយាយ អ៊ំ ពូ មីង ទាំងអស់ដែលបានចូលរួម ក្នុងទិវានេះ។

សូមបញ្ជាក់ថា ការអំពាវនាវឱ្យអាជ្ញាធរ និងផ្នែកពាក់ព័ន្ធរៀបចំប្រព័ន្ធគ្រប់គ្រងថែទាំមនុស្សចាស់​ឱ្យបានកក់ក្តៅរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមនេះធ្វើឡើង នៅក្នុងឱកាស​ដែលលោកបានអញ្ជើញចូលខួបលើកទី ២៥ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សមនុស្សអន្តរជាតិ ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១១ តុលានេះ៕