សេដ្ឋកិច្ច

សមាគម(CTAFA)ចូលរួមសិក្ខាសាលារៀបចំឡើងដោយនិយ័តករគណនេយ្យនិងសវនកម្ម

ដោយ៖រតនា

ភ្នំពេញ៖ លោក អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាហៅថា (CTAFA)បានដឹកនាំ ថ្នាក់ដឹកនាំនិងសមាជិកចូលរួមសិក្ខាសាលាស្ដីពី”ការគ្រប់គ្រងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម បទបញ្ញត្តិពាក់ព័ន្ធ និងការដាក់ឲ្យដំណើរការនៃការស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ”រៀបចំឡើងដោយនិយ័តករគណនេយ្យនិងសវន  កម្ម។

សិក្ខាសាលាដ៏មានសារសំខាន់ដែលរៀបចំដោយនិយ័តករគណនេយ្យនិងសវនកម្មនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ នៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញជាអធិបតីភាពពីឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម ដែលមានសិក្ខាកាមចូលរួមជិត២០០នាក់។

សិក្ខាសាលាបានផ្ដោតទៅលើបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ លក្ខខណ្ឌ បែបបទនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណ, នីតិវិធីនៃការផ្ដល់អាជ្ញាបណ្ណនិងនីតិសម្បទារបស់ម្ចាស់អាជីវកម្ម,សិទ្ធិកាតព្វកិច្ចនិងការហាមឃាត់,ថ្លៃពាក្យស្នើសុំនិងសិក្សាសំណុំឯកសារ,កម្រៃអាជ្ញាបណ្ណ និងបន្តសុពលភាព,ការព្យួរការដកហូតអាជ្ញាបណ្ណប្រកបប្រជាជីវៈ,អន្តរកាល និងទោសទណ្ឌ។

ជាមួយនោះដែរគឺអាជ្ញាបណ្ណសម្រាប់គណនេយ្យករ និងសវនករ ជាជនបរទេស,ការចុះឈ្មោះជាគណនេយ្យករជំនាញអាស៊ាន និងការចុះឈ្មោះជាគណនេយ្យករបរទេស,នីតិវិធីក្នុងការស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្មតាមប្រព័ន្ធគ្រប់គ្រងនិងការស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្មតាមអនឡាញ (E-License System) ។

លោក អ៊ុំ សារ៉ាវុធ ប្រធានសមាគម (CTAFA)បានចាត់ទុកថា សិក្ខាសាលាដែលរៀបចំឡើងដោយនិយ័តករគណនេយ្យនិងសវនកម្មនៅពេលនេះគឺមានសារសំខាន់ខ្លាំងណាស់ បានផ្តល់នូវចំណេះដឹងនិងជំនាញថ្មីៗបន្ថែមទៀតដល់សមាជិកសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA)និងម្ចាស់អាជីវកម្មទាំងអស់ដែលបានចូលរួម។

លោកប្រធានសមាគម(CTAFA)ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងសមាជិក សមាជិកាសមាគម(CTAFA)ទាំងអស់ដែលបានឆ្លៀតពេលដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលាដ៏មានសារសំខាន់ដើម្បីបង្កើនសមត្ថភាពយល់ដឹងនិងជាការឆ្លើយតបទៅតាមការអញ្ជើញរបស់និយ័តករគណនេយ្យនិងសវនកម្មផងដែរ៕