សន្ដិសុខសង្គម

និស្សិតវិស្វករម្នាក់បានស្លាប់និងមនុស្ស២នាក់ទៀតរងរបួសដោយគ្រោះថ្នាក់ចរាចរ

ដោយ´៖សុខុម

ភ្នំពេញ៖ម៉ូតូបុកជាមួយម៉ូតូចំពីមុខពេញទំហឹងបណ្ដាលឲ្យនិស្សិតវិស្វករម្នាក់បានស្លាប់និងមនុស្សពីរនាក់ទៀតរងរបួសកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នៅទល់មុខច្រកចូលភូមិត្នោតជ្រុំ តាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថាអ្នកស្លាប់ឈ្មោះ សយ ម៉េងឆៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ  មុខរបរ ជានិស្សិត ផ្នែកវិស្វករឆ្នាំទី៥ រស់នៅភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1JN.4408 ជិះតែម្នាក់ឯង។ ភាគីម្ខាងទៀតក្មេងប្រុសម្នាក់និងក្មេងស្រីម្នាក់រងរបួសមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។ពួកគេជិះម៉ូតូម៉ាក ស៊ុយសាគីនិច ពណ៌សលាយបៃតង ពាក់ស្លាកលេខភ្នំពេញ1CC.1106  ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញក្មេងប្រុសនិងស្រីជិះម៉ូតូនិច ឌុបគ្នាតាមបណ្ដោយផ្លូវ៣៧១ទិសដៅពីកើតទៅលិច បាន វ៉ារថយន្ត មួយគ្រឿងចូលចំណីផ្លូវខាងម៉ូតូស្កុបពី ដែលបើកតាមបណ្ដោយផ្លូវ៣៧១ទិសដៅពីលិចទៅកើតយ៉ាងលឿនបានបុកគ្នាចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូស្កុបពីជានិស្សិតស្លាប់ភ្លាមមួយរំពេច។ឯម៉ូតូនិចស្រីមួយប្រុសមួយរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះជីវិត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕