សន្ដិសុខសង្គម

នាំខ្លួនក្មេងដើរយប់៣នាក់ក្រោយប្រើកាំភ្លើងខ្លីបាញ់លើភាគីទំនាស់បណ្តាលឲ្យរងរបួស

បាត់ដំបង÷ នគរបាលបាននាំខ្លួនក្រុមក្មេងទំនើងដើរលេងយប់ចំនួន៣នាក់អនុវត្តច្បាប់ ក្រោយយកកាំភ្លើងខ្លីប្រើហ្គាសបាញ់គ្រាប់ឃ្លីដែកលើភាគីទំនាស់បណ្តាលឲ្យរងរបួស។

នគរបាលបានបញ្ជាក់ឲ្យដឹងថា÷ ករណីផ្ទុះហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​យកកាំភ្លើងខ្លីប្រើហ្គាសបាញ់គ្រាប់ឃ្លីដែកខាងលើបានកើតឡើងនៅរំលងអធ្រាត្រថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចមាត់ស្ទឹងសង្កែ ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការអនុវត្តវិធានការបង្ក្រាបកម្លាំងចម្រុះនគរបាលក្រុង និងកម្លាំងអន្តរាគមន៍បង្ការបង្ក្រាបស្នងការ​នគរបាលខេត្តបានស្រាវជ្រាវរហូតឃាត់ខ្លួនក្រុមជនបង្កបានចំនួន៣នាក់មានឈ្មោះយ៉េន ចនណាតុន ភេទប្រុស, ឈ្មោះសុខ ផានិត ភេទប្រុស, ឈ្មោះរី រូហ្សា ភេទប្រុស ទាំងបីនាក់មានទីលំនៅក្នុងក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ក្រុមជនបង្កនៅយប់កើតហេតុបន្ទាប់ពីជួបជាមួយ​ភាគីធ្លាប់មានទំនាស់​ជាមួយគ្នាកន្លងមកក៏បានតាមស្ទាក់ និងបាញ់ចំនួន៣គ្រាប់លើភាគីម្ខាងទៀតបណ្តាលឲ្យរងរបួស។

វត្ថុតាងដែលដកហូតមាន: កាំភ្លើងខ្លី ម៉ាក PIETRO BERETTA ប្រើហ្គាសមួយដើម គ្រាប់មួយកំប៉ុង​មានគ្រាប់ឃ្លីដែកចំនួន ០៨ គ្រាប់ រួមទាំងម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ក្រហម ស៊េរីឆ្នាំ ២០២៣ មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង ១AS- ៧៨៤០។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត​អនុវត្តតាមនីតិវិធី៕