សន្ដិសុខសង្គម

សមត្ថកិច្ចនៅមិនទាន់ចាប់បានជនដៃដល់ក្នុងករណីប្លន់សម្លាប់នៅខេត្តព្រះសីហនុ

ដោយ៖សុខុម

ព្រះសីហនុ៖ជនមិនស្គាល់មុខបានចូលប្លន់ផ្ទះលក់ដូរមួយកន្លែងនៅវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី៩ ខែតុលាឆ្នាំ២០២៣មកដល់ព្រលប់ថ្ងៃទី១០តុលានេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យមិនទាន់បាននៅឡើយ។

សមត្ថកិច្ចបានឲ្យដឹងថាជនមិនស្គាល់មុខបានចូលប្លន់ផ្ទះលក់ដូរមួយកន្លែងនៅចំណុចភូមិអូរតាសេក ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី៩តុលា។

នៅក្នុងហេតុការណ៍នោះចោរប្លន់បានវាយសមាជិកក្នុងផ្ទះដែលជាស្ត្រីពីរនាក់បណ្ដាលឲ្យរងរបួសធ្ងន់ហើយត្រូវគេជួយដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះក្រោយហេតុការណ៍។ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពរួចបានចាប់កូនម្ចាស់ផ្ទះធ្វើចំណាប់ខ្មាំងដើម្បីរំដោះខ្លួនក្រោយមកសមត្ថកិច្ចបានរកឃើញសពកូនប្រុសជនរងគ្រោះដែលជនល្មើសនាំយកទៅជាមួយនៅព្រៃខាងក្រោយផ្ទះជនរងគ្រោះ ប្រហែលជិត១០០ម៉ែត្រ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាជនរងគ្រោះដែលរងរបួសរួមមានឈ្មោះ ខុន រី ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាក្មួយម្ចាស់ផ្ទះ និងឈ្មោះ ហ៊ឹម ខេន ភេទស្រី អាយុ៨១ឆ្នាំ ជាម្ចាស់ផ្ទះ។កូនប្រុសម្ចាស់ផ្ទះដែលស្លាប់មានឈ្មោះ ហ៊ឹម ប៉ូឡូ ភេទប្រុសអាយុ៤៣ឆ្នាំ៕