ព័ត៌មានជាតិ

ផ្លូវជាតិលេខ៧នឹងចាប់ផ្តើមស្ថាបនាពីទិសរង្វង់មូលស្គន់ស្រុកជើងព្រៃមកមុន

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា៖គម្រោងពង្រីក និងលើកកម្ពស់កម្រិត គុណភាពកំណាត់ផ្លូវជាតិលេខ៧ ចម្ងាយប្រមាណជាង៤៥ គីឡូម៉ែត្រ ជាប្រភេទផ្លូវបួនគន្លង គឺនឹងចាប់ផ្តើម ស្ថាបនាពីទិសរង្វង់មូលស្គន់ ស្រុកជើងព្រៃមកមុន នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

(រូបភាពៈ ចៅវង្ស)

ការថ្លែងឱ្យដឹងរបស់លោកអភិបាលខេត្តកំពង់ចាមបែបនេះ   សម្រាប់សហការជាមួយក្រុម ការងារអន្តរក្រសួងលើគម្រោងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ទៅជាបួនគន្លង ចាប់ពីស្រុក ជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមពីលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួន និងបណ្តាភាគីពាក់ព័ន្ធ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៩ តុលានេះ។

(រូបភាពៈ ចៅវង្ស)

លោក អ៊ុន ចាន់ដា បានថ្លែងថា៖ សូមថ្លែងការកោតសរសើរដល់ក្រុមការងារគ្រប់ថ្នាក់គ្រប់ផ្នែកទាំងអស់ ទាំងក្រសួងសាធារណការ និងដឹកជញ្ជួន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានជំរុញការចុះសិក្សា និងវាយតម្លៃផលប៉ះពាល់មុននឹង ចាប់ផ្តើមសាងសង់ ឬអនុវត្តគម្រោងនេះ។


លោកបានបន្ថែមថា៖ យើងបានចូលរួមយ៉ាងសកម្មដែលមានអាជ្ញាធរស្រុកក្រុងចំនួន បួនៈ ស្រុកជើងព្រៃ,ស្រុកព្រៃឈរ,ស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដើម្បីជំរុញឱ្យមានការសាងសង់ ជាពិសេសចូលរួមក្នុងការស្រង់ទិន្នន័យ ដើម្បីឈានដល់ការដោះស្រាយផលប៉ះពាល់។ ដោយការងារអនុវត្តគម្រោងនេះយើងចាប់ផ្តើមពីខាងរង្វង់ស្គន់ ស្រុកជើងព្រៃមុន។ ព្រោះស្រុកជើងព្រៃ និងស្រុកព្រៃឈរមានចំនួន ១០ ឃុំ ស្មើនឹង ៣៦ ភូមិ ដែលលទ្ធផលស្រង់ទិន្នន័ន័យផលប៉ះពាល់បានចំនួនជាង២.០០០ ក្បាលដី និងនៅសល់ប្រមាណ ប្រាំពីរភូមិទៀត មិនទាន់ចប់ការងារ និងមានលក្ខណៈស្ម័គ្រស្មាញត្រូវធ្វើការងារបន្តទៀត។

(រូបភាពៈ ចៅវង្ស)

ជាមួយនោះលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួនបានថ្លែងឱ្យដឹង ដែរថា៖ គម្រោងពង្រីក និងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ មានចម្ងាយ ៤៥ គីឡូម៉ែត្រ កន្លះនេះបានបើកការដ្ឋានស្ថាបនាតាំងពីថ្ងៃទី ៩ មករា។ ប៉ុន្តែមកដល់ថ្ងៃទី ៩ តុលានេះ គឺមានរយៈពេលប្រមាណប្រាំបួនខែហើយ អត់ទាន់មានចេញសកម្មភាពអ្វីនៅលើដងផ្លូវ នៃគម្រោងនៅឡើយទេ។

លោករដ្ឋលេខាធិការរូបនេះបានបន្តថា៖ ដោយឡែកខាងក្រុមហ៊ុន CRBC ដែលជាក្រុមហ៊ុនទទួលបាន សិទ្ធិស្ថាបនា គឺបានត្រៀមលក្ខណសម្បត្តិរួចរាល់ គ្រប់គ្រាន់អស់ហើយរង់ចាំអនុវត្តប៉ុណ្ណោះ បានបានបែងចែកចំនួន បី ក្រុមហ៊ុនធំៗ ដោយមានក្រុមធ្វើផ្លូវ និងធ្វើស្ពាន ដែមានចំនួន ប្រាំបី ស្ពាន ដោយក្នុងនោះមានស្ពានចំនួនមួយ នៃស្ពានទី៦ នឹងត្រូវសង់ថ្មីទាំងស្រុង ហើយស្ពានចំនួន ប្រាំពីរ ទៀតត្រូវសង់អមសងខាងស្ពានចាស់។

បញ្ជាក់ថា តាមគម្រោងផ្លូវមួយខ្សែនេះ នឹងស្ថាបនានៅក្នុងអំឡុង ខែវិច្ឆិកា ឆ្នាំ២០៣នេះ ដែលមានប្រវែង សរុប ៤៥,៤៨៩គីឡូម៉ែត្រ ដោយទទឹងផ្លូវ នៅតំបន់ក្រៅទីប្រជុំ មាន ទទឹង ២៤ម៉ែត្រកន្លះ និងក្នុងទី ប្រជុំជន មានទទឹង២០ម៉ែត្រកន្លះ ចាប់ពីរង្វង់មូលស្ពន់ ដល់ រង្វង់មូល ស្ពានគីហ្សូណាខេត្តកំពង់ចាម ដោយមានសួនច្បារនៅចំចំណុច កណ្តាលផ្លូវ។គម្រោងនេះស្ថិត ក្រោមឥណទានសម្បទានពីរដ្ឋា ភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបចំនួនជាង ១១៧ លានដុល្លារ៕

(រូបភាពៈ ចៅវង្ស)