សន្ដិសុខសង្គម

ឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធករណីសម្លាប់អ្នកហៅម៉ូយឡាននៅក្រុងសៀមរាប

ដោយ:សុខុម
សៀមរាប ៖ក្រោយបុរសម្នាក់ត្រូវគេសម្លាប់អូសសពយកទៅទម្លាក់ចោលនៅប្រឡាយទឹក​បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី ៨ តុលា មកដល់ពេលនេះសមត្ថកិច្ចនគរបាលខេត្ត​សៀមរាប ចាប់ខ្លួនជនដៃដល់ពីរនាក់ប្ដីប្រពន្ធបានហើយនៅថ្ងៃទី៩ ខែតុលាឆ្នាំ២០២៣។


សូមរំលឹកថា បុរសម្នាក់ មានមុខរបរជាអ្នកហៅម៉ូយដាក់រថយន្តត្រូវគេសម្លាប់នៅជិត​ភោជនីយដ្ឋានអាប៉ូឡូផ្លាហ្សា ថ្លុកទឹកមាត់ប្រឡាយជាប់ផ្លូវជាតិលេខ៦A ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ៨ តុលាឆ្នាំ២០២៣។


ក្រោយមានអំពើឃាតកម្មកើតឡើង លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ​នគរបាលខេត្តសៀមរាបបានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវជាបន្ទាន់ និងមាន កិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអម​សាលាដំបូងខេត្តសៀមរាប។


សមត្ថកិច្ចចាប់ផ្ដើមបើកការស្រាវជ្រាវ ស៊ើបអង្កេត ដោយប្រើកម្លាំងនគរបាលព្រហ្ម​ទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលស្រុកសូទ្រនិគម កំណត់បានមុខសញ្ញាសង្ស័យចំនួន ២នាក់ មានឈ្មោះដូចខាងក្រោម: ១.ឈ្មោះ ហូល ហៃ ហៅ ម៉ែន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។២.ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មករ ទីកន្លែង​កំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីឃាតកម្ម កើតហេតុវេលាម៉ោង ០២ និង៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ មាត់ប្រឡាយជាប់ផ្លូវជាតិលេខ៦A ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។


ក្រោយពេលឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហូល ហៃ ហៅ ម៉ែន បានសារភាពថា ពិតជាបានសម្លាប់ជនរងគ្រោះប្រាកដមែន ដោយនៅវេលាម៉ោង០២​និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ រូបគេបានបើក​ម៉ូតូឌុបប្រពន្ធ ប្រដាប់ដោយកាំបិតផ្គាក់១ដើម ចេញពីផ្ទះនៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម មករកគូទំនាស់នៅចំណុចតូបលក់បាយកន្លែងកើតហេតុ ព្រោះជនរងគ្រោះជាគូទំនាស់តែងតែដេកនៅទីនោះរៀងរាល់យប់។

ពេលទៅដល់រូបគេបានចុះពីម៉ូតូកាប់ជនរងគ្រោះ ដោយប្រើដៃទាំងសងខាង កាប់ចំក ផ្នែកខាងមុខចំនួន ១កាំបិតខណៈដែលជនរងគ្រោះដេកផ្ងារ ភ្លាមនោះជនរងគ្រោះ​បានប្រកាច់ចេញពីតូបលក់បាយទៅទិសខាងត្បូងផ្លូវជាតិលេខ៦ ហើយដួលផ្កាប់មុខ​នៅចិញ្ចើមផ្លូវ ហើយរូបគេបានកាប់បន្ថែមចំត្រង់ស្លាបប្រជៀវផ្នែកខាងស្តាំ ផ្នែកខាងក្រោយ ចំនួន ១កាំបិត និងកាប់ចំត្រង់ចង្កេះខាងស្តាំ ចំនួន ១កាំបិតទៀត បន្ទាប់មកបានឲ្យប្រពន្ធជួយលើកជនរងគ្រោះបោះចូលទៅក្នុងថ្លុកទឹកមាត់ប្រឡាយ ហើយបើកម៉ូតូគេចទៅផ្ទះវិញ ដោយយកក្រណាត់ជូតសម្អាតឈាមចេញពីកាំបិត​លុះព្រឹកឡើង រូបគេបានសំលៀង និងលាងសម្អាតហើយយកទៅសៀតនៅលើធ្នឹមផ្ទះ។
ក្រណាត់ដែលប្រឡាក់ឈាមដាក់ដុតជាមួយគំនរសំរាមក្បែរផ្ទះ លុះដល់វេលា​ម៉ោង១២និង០០នាទី ថ្ងៃខែឆ្នាំដដែល ក៏ត្រូវបានសមត្ថកិច្ចចុះនាំខ្លួនតែម្តង។

ស្ត្រីជាប្រពន្ធជនសង្ស័យឈ្មោះ កឿម កាន  អាយុ ២៨ឆ្នាំ បានសារភាពថា នៅមុនថ្ងៃ​កើតហេតុមួយសប្តាហ៍ ប្តីរបស់ខ្លួនមានទំនាស់ និងប្រើហិង្សាជាមួយជនរងគ្រោះខាងលើ ខណៈកំពុងអង្គុយផឹកស្រាសជុំគ្នា បន្ទាប់មកប្ដីរបស់នាងក៏បានសម្លាប់ជនរងគ្រោះ​តែម្ដងទៅ៕