សន្ដិសុខសង្គម

ឃាតកសម្លាប់អ្នកហៅម៉ូយដាក់ឡានក្រុងនៅសៀមរាបមិនទាន់ចាប់ខ្លួនបាន

ដោយ៖សុខុម

សៀមរាប ៖  ករណីបុរសម្នាក់ត្រូវគេសម្លាប់ហើយអូសយកសពទៅទម្លាក់ចោលនៅក្បែរប្រឡាយទឹកតាមបណ្តោយផ្លូវជាតិលេខ៦ មុខដីឡូតិ៍ ខាងលិច អតីតភោជនីយដ្ឋានអាប៉ូឡូប្លាហ្សា ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី ៨ ខែតុលាសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់ជាឃាតកមិនទាន់ឃើញនៅឡើយទេមកដល់ថ្ងៃទី ៩តុលា ឆ្នាំ២០២៣។

ក្រោយបុរសម្នាក់ត្រូវគេសម្លាប់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងចម្រុះ  ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់,កម្លាំងអធិការនគរបាលក្រុងសៀមរាប, កម្លាំងការិយាល័យនគរបាលបច្ចេកទេសខេត្ត , កម្លាំងនគរបាលមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យកន្លែងកើតហេតុ រួចសន្និដ្ឋានថា ជនរងគ្រោះត្រូវជនមិនស្គាល់អត្តសញ្ញាណសម្លាប់ហើយមានមុខរបរហៅម៉ូយដាក់ឡានក្រុងនៅសៀមរាប។

នៅកន្លែងកើតហេតុសមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះត្រូវគេផ្តាច់ជីវិតហើយអូសសពរបស់គាត់យកទៅទម្លាក់ចោលនៅក្បែរ ប្រឡាយមុខដីឡូតិ៍ខាងលិចអតីតភោជនីយដ្ឋានអាប៉ូឡូប្លាហ្សា ។

ក្រោយចុះពិនិត្យ កម្លាំងជំនាញបានរៀបចំដឹកសពយកទៅបូជានៅវត្តត្រាំនាគ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាបពីព្រោះមិនទាន់រកឃើញអត្តសញ្ញាណសាច់ញាតិ៕