សន្ដិសុខសង្គម

ចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនដែលរត់គេចបានជាង៥ឆ្នាំនិងបក្ខពួករឹបអូសបានគ្រឿងញៀនជាច្រើនគីឡូ

ដោយ:សុខុម
ភ្នំពេញ:ជនសង្ស័យម្នាក់ដែលជាមេខ្លោងជួញដូរគ្រឿងញៀនមានដីកាចាប់ខ្លួនចំនួន៧ ករណីបានរត់គេចអស់រយៈពេលជាង ៥ឆ្នាំ រួមនិងបក្ខពួកផ្សេងទៀត នៅទីបំផុតត្រូវ សមត្ថកិច្ចផ្នែកប្រឆាំងការជួញដូរគ្រឿងញៀនខេត្តកំពង់ឆ្នាំងនិងរាជធានីភ្នំពេញសហការចាប់ខ្លួនបានកាលពីថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៣។


សមត្ថកិច្ចបានឲ្យដឹងថា ជនដែលត្រូវចាប់ខ្លួនតាមដីកា ឈ្មោះ ឃុន សំអាត ហៅ ស្មី និងបក្ខពួក២នាក់ឈ្មោះ ងែន ដាលីន និងឈ្មោះ នាង សុវណ្ណរ៉ា នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅមួយ ខណ្ឌពោធិ៍សែនជ័យ និងបន្តទៅ​ឆែកឆេរបន្ទប់ជួលនៅចំណុច ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅមួយ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជាលទ្ធផលចាប់ខ្លួនជនល្មើស១នាក់ និងបក្ខពួកចំនួន ២នាក់។
១. ជនល្មើសឈ្មោះ ឃុន សំអាត ហៅ ស្មី ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មេខ្លោង មានដីកាចាប់ខ្លួនរហូតដល់៧ករណី (ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២២) ។
២.ជនសង្ស័យ ឈ្មោះ ងែន ដាលីន ភេទស្រី អាយុ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធមេខ្លោង) ៣.ជនសង្ស័យ ឈ្មោះ នាង សុវណ្ណរ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ (បណ្តាញ) ចាប់យកវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា ប្រភេទកេតាមីន(Ketamine) ចំនួន ១កញ្ចប់ធំ ប្រមាណជិត ១គីឡូក្រាម, ម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន(ICE) ចំនួន ១១កញ្ចប់ ប្រមាណជិត ១គីឡូក្រាម, កញ្ចប់ពណ៌ខៀវ និងក្រហម ប្រភេទអ៊ិចស្តាស៊ី(MDMA) ចំនួន ៣៥កញ្ចប់, ថ្នាំគ្រាប់ ប្រភេទមេតំហ្វេតាមីន(WY) ចំនួន ១៦,៤០០គ្រាប់ , ជញ្ចីងថ្លឹងគ្រឿងញៀន ០១ គ្រឿង, គ្រាប់បែកដៃចំនួន ០២គ្រាប់, បង់អាវុធចំនួន ០១ និងគ្រាប់ចំនួន ០៥គ្រាប់, ទូរសព្ទដៃចំនួន ០២ គ្រឿង,  រថយន្តចំនួន ០១គ្រឿង( ពាក់ផ្លាកលេខ ភ្នំពេញ 2BU-6244) ,ម៉ូតូចំនួន ០២គ្រឿង(ពាក់ផ្លាកលេខ ភ្នំពេញ 1KG-2001 និង ភ្នំពេញ 1GO-4614) ។


បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន រៀបចំកសាងសំណុំរឿងបញ្ជូន​ជនល្មើសនិងជនសង្ស័យ ព្រមទាំងវត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕