សន្ដិសុខសង្គម

ឃាត់ខ្លួនមេខ្លោងកាប់រុករានដីព្រៃខុសច្បាប់បញ្ជូនទៅតុលាការ

ដោយ៖សុខុម

ស្ទឹងត្រែង:សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនៅល្ងាចថ្ងៃទី៧ខែតុលាឆ្នាំ ២០២៣បានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីកាប់រុករានដីព្រៃខុសច្បាប់ដែលមានទំហំ១៥ហិកតាទៅអយ្យការអមសាលាដំបូងខេត្ត។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ  អ៊ុក ល័ក្ខ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅចំណុចឃាត់ខ្លួន ក្បែរអូរឃ្លៀង ក្នុងភូមិសាស្ត្រភូមិអ៊ីបុ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងឃាត់ខ្លួនថ្ងៃទី៦តុលា។

ប្រតិបត្តិការបង្ក្រាបខាងលើនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តបានចាត់តាំងកម្លាំងចម្រុះស្រុកសមត្ថកិច្ច ជាច្រើនស្ថាប័នពាក់ព័ន្ធបានចូលរួមនិងដោយមានការសម្របសម្រួលពីលោកស៊ីនរក្សាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តអនុវត្តច្បាប់ថ្នាក់ក្រោមជាតិទប់ស្កាត់បទល្មើសកាប់បំផ្លាញធនធានធម្មជាតិបង្រ្កាបនិងឃាត់ខ្លួនបានម្នាក់បញ្ជូនទៅតុលាការ។

មន្ត្រីរដ្ឋបាលព្រៃឈើបានបញ្ជាក់ថាជនសង្ស័យបានរងនូវការចោទប្រកាន់ពីបទកាន់កាប់រុករានឈួសឆាយដីព្រៃដោយខុសច្បាប់មិនមានការអនុញ្ញាតពីជំនាញរដ្ឋបាលព្រៃឈើ។

នៅតុលាការជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានឆ្លើយសារភាពថាពិតជាបានកាប់ព្រៃនៅតំបន់ហាមឃាត់ពិតប្រាកដមែនដើម្បីយកធ្វើជាកម្មសិទ្ធិ៕