ព័ត៌មានជាតិ

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា៖ ការថតរូបភាពនិងវីដេអូអនុស្សាវរីយ៍ផ្ទាល់ខ្លួន ពុំមានតម្រូវការសុំច្បាប់ជាមុននោះទេ

អត្ថបទ ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ

សៀរាប៖ ឯកឧត្តម ឡុង កុសល  អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការថតរូបភាពនិងវីដេអូអនុស្សាវរីយ៍ផ្ទាល់ខ្លួន ពុំមានការតម្រូវឲ្យសុំការ​អនុញ្ញាតជាមុននោះទេ។ ចំពោះការថតនូវសម្លៀកបំពាក់ប្រពៃណី ការថតរូបភាពមុន​អាពាហ៍ពិពាហ៍ ថត YouTube ការថតផ្សាយផ្ទាល់ជាលក្ខណៈមគ្គុទ្ទេសក៍ ការថតខ្សែភាពយន្ត ការថតចម្រៀងកាយវិការ និងការថតរូបក្នុងគោលបំណង​អាជីវកម្មផ្សេងៗ ចាំបាច់ត្រូវមានការអនុញ្ញាតជាមុន។

(រូបភាព៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ)

ភាពចាំបាច់នៃការតម្រូវឲ្យមានការអនុញ្ញាតជាមុន ពីព្រោះត្រូវប្រតិបត្តិនូវគោលការណ៍​គតិយុត្តដែលមានជាធរមានផង និងដើម្បីឲ្យផ្នែកជំនាញរបស់ក្រសួងវប្បធម៌និង​វិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា អាចជួយកែតម្រូវ ឬផ្តល់យោបល់​កែលម្អនូវខ្លឹមសារផ្សេងៗដូចជា ប្រវត្តិសាស្រ្ត ទម្រង់សិល្បៈ ឲ្យបានត្រឹមត្រូវ ព្រមទាំងចៀសវាងនូវមតិរិះគន់ពីសាធារណជន នៅពេលរូបភាព ឬខ្លឹមសាររឿង​ទាំងនោះចេញផ្សាយជាសាធារណៈ។

(រូបភាព៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ)

យោងតាមអនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត បានតម្រូវឲ្យផលិតករ សុំការអនុញ្ញាតទៅ​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមុន។ លក្ខខណ្ឌសំខាន់ក្នុងការស្នើសុំ គឺការផ្តល់​អត្ថបទនិពន្ធនៃស្នាដៃដើម្បីផ្តល់លទ្ធភាពឲ្យអ្នកជំនាញពិនិត្យលើខ្លឹមសារ។ ដោយឡែក អាជ្ញាធរជាតិអប្សរាក៏បានផ្សព្វផ្សាយអំពីគោលការណ៍ នៃការប្រើប្រាស់រូបភាពអង្គរ​តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន ដើម្បីចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចសង្គម ព្រមទាំងថែរក្សា ការពារ លើកតម្កើង និងអភិវឌ្ឍន៍វប្បធម៌ជាតិ ជាពិសេសបញ្ចៀសនូវ​ផលប៉ះពាល់ខ្លាំង ដល់តម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ។

ឯកឧត្តមអគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបន្ថែមថា សម្រាប់យើងជាខ្មែរ អត្ថន័យរបស់អង្គរពិតជាធំធេងណាស់ លើសពីអាយុជីវិតទៅទៀត ពីព្រោះអង្គរជាដួងព្រលឹងនិងវប្បធម៌ជាតិ។ ដូច្នេះប្រសិនបើមានការប្រើប្រាស់​រូបភាពអង្គរមិនត្រឹមត្រូវ ឬក៏ការប្រព្រឹត្តនូវកាយវិការមិនស្របណាមួយ ដែលធ្វើឲ្យ​ប៉ះពាល់ដល់តម្លៃនៃរមណីយដ្ឋានអង្គរ នោះសាធារណជនពិតជាមិនអាចទទួលយក​បាននោះទេ។ ក្នុងន័យដើម្បីបញ្ចៀសឲ្យបាននូវកំហុសឆ្គងអចេតនាណាមួយ ដែលបណ្តាលមកពីការប្រើប្រាស់រូបភាពអង្គរ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានភាពចាំបាច់ត្រូវការត្រួតពិនិត្យជាមុន នូវគោលបំណងនៃការប្រើប្រាស់រូបភាពអង្គរជាសាធារណៈទាំងអស់។ ដូច្នេះសូមសាធារណជន ជាលក្ខណៈក្រុមហ៊ុនឬឯកជន ដែលជាម្ចាស់ផលិតកម្ម ឬអាជីវកម្មនានា យោគយល់និងចូលរួមប្រតិបត្តិស្របតាមគោលការណ៍ច្បាប់​ដែលមានជាធរមាន។

(រូបភាព៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ)

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បញ្ជាក់បន្ថែមទៀតដែរថា អាជ្ញាធរជាតិអប្សរានឹងធ្វើការ​កែសម្រួលអំពីយន្តការពាក់ព័ន្ធនឹងការកាត់បន្ថយពេលវេលានៃការស្នើសុំ កាត់បន្ថយ​ដំណើរការនីតិវិធីស្នើសុំ  ដើម្បីធ្វើយ៉ាងណាឲ្យសាធារណជនមានការងាយស្រួល និងបង្កើនប្រសិទ្ធភាពការងារបានកាន់តែងាយស្រួលនិងរលូនជាងមុន។ អាជ្ញាធរជាតិអប្សរា ក៏នឹងរៀបចំឲ្យមាន Call Center  និងបង្កើតប្រព័ន្ធស្នើសុំ Online ដើម្បីសាធារណជនអាចស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យាបានយ៉ាងឆាប់រហ័ស និងចំណេញពេលវេលា៕

(រូបភាព៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ)