សន្ដិសុខសង្គម

មិនទាន់រកឃើញរថយន្ត Ford បុកម៉ូតូពីក្រោយខ្ទាតចូលក្រោមកង់រថយន្តក្រឡុកស៊ីម៉ងត៍បណ្ដាលឲ្យកិនស្ត្រីម្នាក់ស្លាប់

ដោយៈសុខុម
ភ្នំពេញ:សមត្ថកិច្ចមិនទាន់រកឃើញតៃកុងរថយន្តហ្វតបើកគេចបាត់​ក្រោយបុកម៉ូតូ​ពីក្រោយបណ្ដាលឲ្យខ្ទាតស្រ្តីម្នាក់ទាំងម៉ូតូចូលក្រោមកង់រថយន្តក្រឡុកស៊ីម៉ងត៍កិនស្លាប់កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី ៦ ខែតុលា ឆ្នាំ ២០២៣​ត្រង់ចំណុចស្តុបក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។


សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះសំ ស្រីមុំ អាយុ៣៧ឆ្នាំ រស់នៅផ្ទះលេខ២៣ ផ្លូវលេខ៩០២ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ស្រ្តីរងគ្រោះជិះ​ម៉ូតូម៉ាកស្គុបពី ពណ៌ខ្មៅលាយផ្កាឈូក ស៊េរីឆ្នាំ ២០២២ ពាក់ផ្លាកលេខភ្នំពេញ1IV.5649 បើកតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូង ពីវិមានឯករាជ្យទៅក្បាលថ្នល់ មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត ford ណ៌ស ពាក់ផ្លាកលេខកម្ពុជា .RUM.7879 មកពីក្រោយលឿនបុកពេញទំហឹងបណ្ដាលឲ្យ​ស្ត្រីរងគ្រោះទាំងម៉ូតូខ្ទាតចូលកង់រថយន្តក្រឡុកស៊ីម៉ងត៍ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ5A.2897 បើកតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើង កំពុងបត់ឆ្វេងកិនស្លាប់។ ភ្លាមនោះរថយន្តបង្កម៉ាកហ្វតពណ៌ស បើកគេចបាត់ពីកន្លែង​កើតហេតុប៉ុន្តែជ្រុះផ្លាកលេខនៅនឹងកន្លែងកើតហេតុ។ ម៉ូតូត្រូវរថយន្តក្រឡុកស៊ីម៉ងត៍​កិនខ្ទេចមើលលែងយល់មនុស្សក៏ស្លាប់៕