អន្តរជាតិ

ប្រធានាធិបតីអាម៉េរិក Joe Biden និង ប្រធានាធិបតីចិន Xi Jinpingអាចនឹងជួបគ្នានៅ ខែក្រោយនេះ

ប្រែសម្រួល៖សហការី

ប្រភពសេតវិមានបានឲ្យដឹងថាក្រុមមន្ត្រីការទូតរបស់អាម៉េរិកនិងចិនកំពុងរៀបចំផែនការសម្រាប់ជំនួបកំពូលរវាងប្រធានាធិបតីអាម៉េរិកលោក Joe Biden និងមេដឹកនាំចិនលោក Xi Jinping នៅទីក្រុង San Francisco ក្នុងខែក្រោយនេះដើម្បីរក្សាទំនាក់ទំនងដែលតែងតែមានបញ្ហារវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌ Washington Post ក្នុងថ្ងៃ ទី៥ ខែតុលា។

គេសង្កេតឃើញថាទំនាក់ទំនងការទូតរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកមានសភាពចម្រូងចម្រាស់ចាក់ស្រេះដោះស្រាយមិនចេះចប់នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ បញ្ហាទាំងនោះមាន ដូចជាបញ្ហាកោះតៃវ៉ាន់ ការបង្កឲ្យមានការផ្ទុះរាលដាលនៃជំងឺរាតត្បាត COVID-១៩ដែលអាម៉េរិកដាក់ការសង្ស័យមកលើប្រទេសចិនថាជាដើមចម ការចោទប្រកាន់គ្នាទៅវិញទៅមកអំពីចារកម្មសម្ងាត់ បញ្ហារំលោភសិទ្ធិមនុស្សក្នុងប្រទេសចិន និងជម្លោះពន្ធពាណិជ្ជកម្មរវាងអាម៉េរិកនិងចិន ហើយបញ្ហាមួយចំនួនផ្សេងទៀតផងដែរ។

សារព័ត៌មានដែលបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់អាម៉េរិកដែលសុំមិនបញ្ចេញឈ្មោះបានដកស្រង់សម្តីរបស់មន្រ្តីម្នាក់ក្នុងចំណោមពួកគេនោះថាការំពឹកទុកអំពីលទ្ធភាពនៃកិច្ចប្រជុំកំពូលរវាងមេដឹងដឹកនាំទាំងពីររូបនេះគឺ “រឹងមាំហើយអាចជឿជាក់បាន” ។

“យើងកំពុងរៀបចំឲ្យមានដំណើការនេះឡើង” គឺជាការៀបនូវផែនការសម្រាប់ជុំនួបកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរដ៏កម្រមួយ។

កិច្ចប្រជុំនេះនឹងអនុវត្តតាមកាគ្រោងទុកដូចដែលធ្លាប់មានជំនួបក្នុងកម្រិតមន្រ្តីជាន់ខ្ពស់រវាងប្រទេសទាំងពីរនៅក្នុងប៉ុន្មានខែថ្មីៗនេះ ដូចដែលយើងបានឃើញរួចមកហើយនូវដំណើរទស្សនកិច្ចរបស់មន្ត្រីអាម៉េរិកទៅកាន់ប្រទេសចិនគឺលោករដ្ឋមន្ត្រីការបរទេស Antony Blinken នៅក្នុងខែមិថុនា រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen នៅក្នុងខែកក្កដា និងលោក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Gina Raimondo នៅក្នុងខែសីហាជាដើម។

ថ្មីៗនេះលោក Blinken បានជួបជាមួយអនុប្រធានាធិបតីចិន Han Zheng នៅទីក្រុង New York ហើយទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន Wang Yi នៅក្នុងប្រទេស Maltaផងដែរ ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់បានឆ្លើយតបភ្លាមៗលើការស្នើសុំធ្វើអត្ថាធិប្បាយទៅនឹងរបាយការណ៍របស់ Washington Post នោះទេ។ ចំណែកខាងមន្រ្តីអាម៉េរិកនៅសេតវិមានវិញក៏មិនទាន់បានធ្វើអត្ថាធិប្បាយបញ្ជាក់ភ្លាមៗនោះដែរ។

ជំនួបចុងក្រោយរវាងលោក Biden និងលោក Xi គឺធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូល G២០ ក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ គឺជាជំនួបដោយផ្ទាល់ជាលើកដំបូងរវាងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរចាប់តាំងពីលោក Biden បានក្លាយជាប្រធានាធិបតីអាម៉េរិក។ ហើយកាលពីពេលមុនមេដឹកនាំទាំងពីក៏ធ្លាប់បានសន្ទនាជាមួយគ្នាចំនួនប្រាំលើកតាមទូរសព្ទ និងតាមវីដេអូនិមិត ចាប់តាំងពីពេលដែលលោក Biden បានឡើងកាន់តំណែងជាប្រធានាធិបតីអាម៉េរិក។

មន្រ្តីកំពូលរបស់ចិនផ្នែកសន្តិសុខជាតិ បានណែនាំកាលពីខែមុនថា កិច្ចប្រជុំណាមួយរវាងលោក Xi និង លោក Biden គឺវាអស្រ័យទៅលើគោលជំហររបស់សហរដ្ឋអាម៉េរិកដែលត្រូវ “បង្ហាញនូវភាពស្មោះត្រង់ឲ្យច្បាស់លាស់” ។

ក្រុមមន្ត្រីអាម៉េរិកដូចជា Raimondo និង Yellen ក្នុងពេលថ្មីៗនេះបាននិយាយថា សហរដ្ឋអាម៉េរិកមិនចង់ដកខ្លួនចេញពីប្រទេសចិនទេ ប៉ុន្តែទីក្រុងប៉េកាំងបានបង្ហាញអំពីកង្វល់របស់ខ្លួលើបញ្ហាលក់អាវុធ និងការផ្តល់ហិរញ្ញប្បទានយោធារបស់សហរដ្ឋអាម៉េរិកដល់តៃវ៉ាន់។

ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APEC) ដែលនឹងរៀបចំឡើងនៅក្នុងខែវិច្ឆិកា ហើយលោក Xi អាចនឹងចូលរួមផងដែរ។ នៅក្នុងពេលថ្មីៗនេះ លោក Xi បានខកខានចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង New Delhi តែលោក Biden បានទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌា៕

ប្រភព៖ CNA