អន្តរជាតិ

អាម៉េរិកបានបញ្ជូនអាវុធនិងគ្រាប់រំសេវដែលរឹបអូសបានពីអ៊ីរ៉ង់ទៅឲ្យអ៊ុយក្រែន

ប្រែសម្រួល៖សហការី

ក្រុមមន្ត្រីអាម៉េរិកបានឲ្យដឹងថា សហរដ្ឋអាម៉េរិកបានបញ្ជូនអាវុធ គ្រាប់រំសេវរាប់ពាន់គ្រាប់ដែលរឹបអូសបានពីអ៊ីរ៉ង់ ទៅឲ្យអ៊ុយក្រែនដើម្បីជួយសម្រាលដល់ការខ្វះខាតក្នុងករណីចាំបាច់មួយចំនួនដែលកងទ័ពអ៊ុយក្រែនកំពុងតែប្រឈមមុខក្នុងខណៈដែលអ៊ុយក្រែនកំពុងរង់ចាំថវិកា និងសម្ភារយោធាជាច្រើនប្រភេទទៀតពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិច។ .

បើយោងតាមទីបញ្ជាការកណ្តាលរបស់កងទ័ពអាម៉េរិកបាននិយាយថាសហរដ្ឋអាម៉េរិកបានបញ្ជូនគ្រាប់រំសេវដែលរឹបអូសបានពីអ៊ីរ៉ង់ជាងមួយលានគ្រាប់ទៅឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែនរួចហើយ។ CENTCOM បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការបញ្ជូនគ្រាប់រំសេវទាំងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទកន្លងទៅរួចរាល់ហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា “រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានរឹបអូសគ្រាប់រំសេវទាំងនេះមកជាកម្មសិទ្ធិរបស់អាម៉េរិកកាលពីថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២៣ ដោយសំអាងទៅលើបណ្តឹងទាមទារសំណងរដ្ឋប្បវេណីរបស់ក្រសួងយុត្តិធម៌អាម៉េរិកប្រឆាំងនឹងកងឆ្មាំបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ដែលជារដ្ឋអ៊ីស្លាម (IRGC)” ។

ក្រសួងយុត្តិធម៌អាម៉េរិកបានប្រកាសកាលពីខែមីនាថា ខ្លួនកំពុងស្វែងរកការរឹបអូសគ្រាប់រំសេវរបស់អ៊ីរ៉ង់ចំនួនមួយលានគ្រាប់ និង ហ្វុយហ្ស៊ីបជិតរាប់ពាន់សម្រាប់ប្រើប្រាស់គ្រាប់បែកដៃបាញ់ដូចគ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំរាប់សិបតោនព្រមទាំងជើងទម្រសម្រាប់បាញ់គ្រាប់បែកដៃដូចគ្រាប់រ៉ុក្កែត ដែលកងទ័ពជើងទឹកសហរដ្ឋអាម៉េរិករឹបអូសបានពីអ៊ីរ៉ង់ដែលបានបញ្ជូនអាវុធនិងគ្រាប់រំសេវទាំងនេះឆ្លងកាត់ច្រកសមុទ្រអូម៉ង់ទៅកាន់ប្រទេសយេម៉ែន។

នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា “គ្រាប់រំសេវទាំងនេះត្រូវបានរឹបអូសជាលើកដំបូងដោយកងទ័ពជើងទឹកនៃទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាម៉េរិកនៅក្នុងកិច្ចប្រតិបត្តិការប្តូរវេនមានឈ្មោះថា dhow MARWAN 1, កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ។ គ្រាប់បែកត្រូវបានរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដឹកពី IRGC ទៅឲ្យក្រុម Houthis ក្នុងប្រទេសយេម៉ែន ដោយរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២២១៦” ។

រដ្ឋបាលរបស់លោក Biden បានធ្វើការថ្លឹងថ្លែងជាច្រើនខែមកហើយអំពីបែបបទសម្រាប់បញ្ជូនអាវុធដែលរឹបអូសបានពីរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដោយស្របច្បាប់ហើយត្រូវបានរក្សាទុកក្នុងឃ្លាំតស្តុកគ្រឿងបរិក្ខារ CENTCOM នៅមជ្ឈិមបូព៌ាសម្រាប់បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។

នៅក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កងទ័ពជើងទឹករបស់សហរដ្ឋអាម៉េរិកបានរឹបអូសបាននូវកាំភ្លើងធំសម្រាប់វាយប្រហារផលិតដោយអ៊ីរ៉ង់រាប់ពាន់ដើម និងគ្រាប់រំសេវជាងមួយលានគ្រាប់ដែលផ្ទុកនៅក្នុងនាវាដែលអ៊ីរ៉ង់ប្រើប្រាស់សម្រាប់ដឹកអាវុធទៅកាន់ប្រទេសយេម៉ែន។ ការរឹបអូសតែងតែអនុវត្តឡើងជាញឹកញាប់ក្រោមកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងសមភាគីនៅក្នុងតំបន់ ដោយមានការកំណត់គោលដៅលើនាវាតូចៗចរាចរណ៏នៅលើផ្លូវទឹកដែលពួកគេប្រើប្រាស់ជាប្រវត្តិសាស្ត្រសម្រាប់រត់ពន្ធអាវុធទៅឲ្យក្រុមហ៊ូធីក្នុងប្រទេសយេម៉ែន។

នៅពាក់កណ្តាលខែមករា សហរដ្ឋអាម៉េរិកបានជួយកងទ័ពបារាំងក្នុងការរឹបអូសកាំភ្លើងធំចំនួន ៣,០០០ដើមរួមទាំងកាំជ្រួចប្រឆាំងរថក្រោះចំនួន ២៣ ដើម ដែលចររាចរណ៏ចេញពីប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសយេម៉ែន ។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាម៉េរិកបានឲ្យដឹងថា ការហាមឃាត់អាវុធខុសច្បាប់នោះបានបិទក្នុងរយៈពេលពីរខែ ដែលសហរដ្ឋអាម៉េរិក និងដៃគូរឹបអូសបានអាវុធសរុបចំនួន ៥,០០០ និងគ្រាប់ចំនួន ១,៦ លានគ្រាប់។

ក្រុមមន្ត្រីរបស់សហរដ្ឋអាម៉េរិកបាននិយាយថា ក្រសួងយុត្តិធម៌ និងក្រសួងការពារជាតិបានធ្វើការរួមគ្នាដើម្បីស្វែងរកផ្លូវស្របច្បាប់ក្នុងការបញ្ជូនអាវុធទៅឲ្យប្រទេសអ៊ុយក្រែន ហើយនិតិវិធីតែមួយគត់នោះគឺត្រូវតែអនុវត្តតាមរយៈអាជ្ញាធរស៊ីវិលរបស់សហរដ្ឋអាម៉េរិក។

ក្រសួងយុត្តិធម៌ បានដាក់ពាក្យបណ្តឹងយ៉ាងហោចណាស់ចំនួនពីរ ប្រឆាំងនឹងកងឆ្មាំបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ដើម្បីរឹបអូសគ្រាប់រំសេវរបស់អ៊ីរ៉ង់នៅក្នុងឆ្នាំនេះ។ ក្រៅពីការប្រកាសកាលពីខែមីនា DOJ ក្រសួងយុត្តិធម៌បានប្រកាសកាលពីខែកក្កដាម្តងទៀតថាខ្លួនកំពុងស្វែងរកការរឹបអូស “កាំភ្លើងជាង ៩,០០០ ដើម កាំភ្លើងយន្ត ២៨៤ ដើម និងគ្រាប់រ៉ុក្កែតប្រហែល ១៩៤ ដើម កាំជ្រួចប្រឆាំងរថក្រោះជាង ៧០ ដើម និងគ្រាប់រំសេវច្រើនប្រភេទជាង ៧០០,០០០ គ្រាប់” ដែលកងទ័ពជើងទឹកអាម៉េរិករឹបអូសបានពីអ៊ីរ៉ង់។

សហការីជាន់ខ្ពស់និងជាមេបញ្ជាការកងទ័ពអាម៉េរិក លោក Jonathan Lord បាននិយាយថា “អ៊ុយក្រែនត្រូវការការផ្គត់ផ្គង់ផ្សេងៗសម្រាប់កិច្ចខិតខំប្រឹងប្រែងវាយបកលើកងទ័ពរុស្សី ហើយខណៈពេលនេះអាវុធទាំងនេះមិនមែនជាដំណោះស្រាយដ៏ទូលំទូលាយសម្រាប់តម្រូវការយោធាគ្រប់ប្រភេទរបស់អ៊ុយក្រែននោះទេ តែវាជាមធ្យោបាយតែមួយគត់ដើម្បីផ្តល់ការគាំទ្រក្នុងករណីចាំបាច់ដល់កងទ័ពអ៊ុយក្រែន” ។

នៅក្នុងសេចក្តីប្រកាសមួយកាលពីខែកុម្ភៈបានថ្លែងថា៖កម្មវិធីសន្តិសុខរបស់អាម៉េរិកប្រចាំតំបន់មជ្ឈិមបូព៌ារបស់មជ្ឈមណ្ឌលសន្តិសុខអាម៉េរិកថ្មីបានសម្រេចឲ្យសហរដ្ឋអាម៉េរិកត្រូវតែបញ្ជូនអាវុធដែលរឹបអូសពីអ៊ីរ៉ង់ទៅឲ្យកងទ័ពអ៊ុយក្រែន ។

លោក Lord បានបន្ថែមថា ទង្វើនេះក៏អាចជាសម្ពាធមួយដាក់មកលើទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយរុស្ស៊ីផងដែរ។

លោក Lord បាននិយាយថា “អស់រយៈពេលជាងមួយឆ្នាំកន្លងមក UAV ដែលជាប្រភេទយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បានស្ថិតនៅក្នុងដៃរបស់កងយោធារុស្ស៊ីប្រើប្រាស់ក្នុងការវាយប្រហារ និងសម្លាប់ជនស៊ីវិលអ៊ុយក្រែនអស់រាប់សិបនាក់” ។ “ដើម្បីជួយរកយុត្តិធ៌មជូនប្រជាជនអ៊ុយក្រែនគឺមានតែវិធីយកអាវុធ ដែលរឹបអូសបានពីអ៊ីរ៉ង់ផ្តល់ឲ្យកងទ័ពអ៊ុយក្រែនដើម្បីការពារប្រជាជនស្លូតត្រង់របស់ខ្លួនប្រឆាំងនឹងការលុកលុយ និងការរំលោភបំពានដែលពោរពេញទៅដោយឧក្រិដ្ឋកម្មដែលបាននិងកំពុងប្រព្រិត្តដោយកងទ័ពរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន។“គោលនយោបាយនេះអាចជាសម្ពាធមួយដាក់មកលើទំនាក់ទំនងរបស់ក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់“។

វិធីសាស្ត្រនេះអាចបង្កឲ្យមានជាជម្លោះរវាងអ៊ីរ៉ង់ និងរុស្ស៊ីក្នុងភាពជាដៃគូជាក់ស្តែងអ៊ីរ៉ង់បានផ្គត់ផ្គង់ដល់រុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើកនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះសម្រាប់ធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ហើយរុស្ស៊ីសហការជាមួយអ៊ីរ៉ង់ក្នុងការផលិតមីស៊ីល និងខែលការពារដែនអាកាសថែមទៀតផង៕

ប្រភព៖ CNN