សន្ដិសុខសង្គម

អាថ៌កំបាំងភ្ញៀវទេសចរពីរនាក់ស្លាប់នៅខេត្តកោះកុងត្រូវបានលាតត្រដាងការពិត

ដោយ:សុខុម
កោះកុង: ករណីភ្ញៀវទេសចរចំនួន២នាក់ស្លាប់ក្នុងទឹកនៅតំបន់ផ្ទះលំហែ ចំណុចទឹកស្ទឹង(ជំរំសត្វភេ) ស្ថិតក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ការពិតត្រូវបានលាតត្រដាងឲ្យដឹងត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។


ស្នងការដ្ឋាននគរបាលខេត្តកោះកុងបានស្រាយបំភ្លឺអំពីករណីភ្ញៀវទេសចរពីរនាក់ដែល បានបាត់បង់ជីវិតនៅចំណុចផ្ទះលំហែ។


កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា យុវជនពីរនាក់បានទៅក្សាន្តនៅចំណុចស្ទឹងជំរំថ្មបាំង។ក្រោយក្រោយមកក៏ស្រាប់តែ​បាត់ខ្លួន សមត្ថកិច្ចចុះទៅពិនិត្យនិងរកឃើញសពអណ្ដែតក្នុងទឹកស្ទឹង​រួចធ្វើការសន្និដ្ឋាន​ជាបឋមថាករណីលង់ទឹកស្លាប់ មិនជាប់ពាក់ព័ន្ធអំពើឃាតកម្មឬអ្វីមួយនោះឡើយ។


សពទី១.ឈ្មោះខាត់ ប៊ុនណារ៉េត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ​អង្គគគីរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ និងទី២.ឈ្មោះហេង សុវណ្ណចន្ទ​ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណសាគរ ឃុំកំពង់កណ្ដាល ស្រុកកំពត ខេត្តកំពត។


ក្រោយពីមានការមន្ទិលសង្ស័យពីក្រុមគ្រួសារទៅលើចំណុចមួយចំនួនដែលមានស្លាក​ស្នាមសព សមត្ថកិច្ចក៏បានបង្កើតគណៈកម្មការចម្រុះមួយចុះធ្វើការស្រាវជ្រាវបន្ថែមទៀត​ជាបន្ទាន់ដើម្បីស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។ក្រុមការងារបានហៅមនុស្សពាក់ព័ន្ធ​ទាំងអស់​នៅបម្រើការងារក្នុងផ្ទះលំហែ រួមទាំងម្ចាស់ដើម្បីស្រាយចម្ងល់រកមូលហេតុ។នៅពេលនោះក៏ស្រាប់តែលេចចេញតម្រុយអាថ៌កំបាំងដើមហេតុបង្កឲ្យភ្ញៀវទេសចរពីរ​នាក់ស្លាប់បាត់បង់ជីវិត។

តាមការសាកសួរបំភ្លឺអ្នកពាក់ព័ន្ធឃើញថា​ម្ចាស់ទីតាំងឈ្មោះឌុក វណ្ណនី​ភេទស្រី​អាយុ៣៦ឆ្នាំ​ មុខរបរបើកកន្លែងទីតាំងផ្ទះទទួលភ្ញៀវទេសចរ។ម្ចាស់ទីតាំងបានតខ្សែភ្លើង​ភ្ជាប់តាមខ្សែពួរឆ្លងទៅត្រើយម្ខាងស្ទឹងដើម្បីឲ្យកូនជាងកាត់ឈើធ្វើរោងសម្រាប់ផ្ញើម៉ូតូភ្ញៀវហើយធ្វើឲ្យឆក់ជនរងគ្រោះម្នាក់និងម្នាក់ទៀតទៅជួយក៏ឆក់ទាំងពីរនាក់បណ្ដាលឲ្យធ្លាក់​ទឹកស្លាប់តែម្ដង។


សមត្ថកិច្ចបញ្ជាក់ថា នេះគឺជាករណីធ្វេសប្រហែសរបស់ម្ចាស់ទីតាំងធ្វើផ្ទះលំហែ​ដែលបង្កឲ្យភ្ញៀវពីរនាក់ស្លាប់។ស្ត្រីជាប់សង្ស័យខាងលើនេះត្រូវបានឃាត់ខ្លួនបញ្ជូនទៅ​តុលាការចាត់ការតាមផ្លូវច្បាប់៕