សន្ដិសុខសង្គម

សមត្ថកិច្ចឃាត់ក្មេងបង្ហោះម៉ូតូអួតសមត្ថភាពរហស្សនាម” ក្រុមធីម៧៧ “

ដោយ:សុខុម
កំពង់ស្ពឺ÷ក្មេងមួយក្រុមដែលបង្កើតរហស្សនាមក្រុមធីម៧៧ ប្រចាំស្រុកឱរ៉ាល់​និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ​ជិះម៉ូតូបង្ហោះអនាធិបតេយ្យតាមដងផ្លូវសាធារណៈ​និងថតបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកអួតពីសមត្ថភាព​ត្រូវបានសមត្ថកិច្ចបង្ក្រាប។


នេះបើតាមការឲ្យដឹងពីសមត្ថកិច្ចនៅថ្ងៃទី៥ខែតុលាឆ្នាំ២០២៣ ហើយក្រុមក្មេងទាំងនោះ​ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃមុន។


លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ ដឹកនាំបញ្ជាផ្ទាល់ សហការជាមួយបណ្ដាគោលដៅពាក់ព័ន្ធបានស្រាវជ្រាវរកឃេីញ ក្រុមក្មេងទំនេីង​ដែលបង្ហោះម៉ូតូនៅតាមផ្លូវជាតិលេខ៤៤ ក្នុងមូលដ្ឋានស្រុកឱរ៉ាល់ និងបានឃាត់​យកមកកាន់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់។

ក្រុមក្មេងទាំងនោះបានថតរូបវីដេអូបង្ហោះអំពីសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវលេខ៤៤ ទទួលស្គាល់ថាពិតជាបានប្រព្រឹត្ដសកម្មភាពដូចក្នុង facebook មែន។ ការអះអាងថា​ការធ្វេីបែបនេះ គឺមេីលតៗគ្នាតាមរយៈរូបភាពវីដេអូ តាមរយៈ បណ្ដាញសង្គម ហ្វេសប៊ុក យូធូប ។ ល។ ម្យ៉ាងទៀតនិងចង់អួតអំពីសមត្ថភាពកូនខ្មែរស្រុកជនបទ ថាមាន​សមត្ថភាពអាចបញ្ចេញទេពកោសល្យបានដូចគេដែរ អួតដល់ក្រុមផ្សេងទៀត។ទាំងនេះគឺជាគោលបំណងរបស់ពួកគេ។


នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទាំងនោះបានសន្យាថាមិនប្រព្រឹត្តជាលើកទី ២ទៀតទេ។បើករណីមានទៀតនឹងត្រូវប្រឈមមុខអនុវត្តច្បាប់៕