សន្ដិសុខសង្គម

ឃាត់តៃកុងបើករថយន្តល្មើសភ្លើងស្តុបជ្រុលបុកម៉ូតូស្លាប់ស្ត្រីម្នាក់

ដោយៈសុខុម
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានឃាត់ខ្លួនតៃកុងរថយន្តកូរេមួយគ្រឿង បើកបររំលោភភ្លើងស្តុប ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមបណ្តាលឲ្យកិនស្លាប់ស្ត្រីម្នាក់ស្លាប់ កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។


សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ សឿ ថាវី អាយុ៣៣ឆ្នាំ កម្មការិនី​រោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1U-6038  ។ ចំណែករថយន្តបង្ក កូរេ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1305 ដឹកខ្យង បើកបរដោយឈ្មោះ ជួង វិន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ ភូមិដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។


អ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្កបើកតាមបណ្តោយផ្លូវ​៦០ម៉ែត្រ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្តុបលោតភ្លើងក្រហមទៅហើយ តែរថយន្តបែរជាបន្ថែមល្បឿនទៅមុខ ទើបជ្រុលទៅបុកស្ត្រីរងគ្រោះកំពុងជិះម៉ូតូ តាមផ្លូវ៤២ ពីកើតទៅលិច អូសជាង៣០ម៉ែត្រ ទើបរថយន្តឈប់។ ម៉ូតូដែលជនរងគ្រោះ​ជិះខ្ទេចស្ទើរទាំងស្រុង។


នៅក្រោយកើតហេតុភ្លាម សមត្ថកិច្ចបានចុះវាស់វែងព្រមទាំងយករថយន្តបង្ក និងម៉ូតូ អ្នកបើកបររថយន្តទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ៕