សន្ដិសុខសង្គម

ឃាតកម្មក្នុងគ្រួសារប្ដីសម្លាប់ប្រពន្ធរួចចងកធ្វើអត្តឃាតខ្លួនឯងតាមក្រោយ

ដោយ:សុខុម
កំពង់ឆ្នាំង :ប្រពន្ធដេកស្លាប់នៅលើពួកជាមួយកាំបិតតូចមួយ រីឯប្តីទៅចងកសម្លាប់ខ្លួន នឹងចង្រឹងបង្អួចនៅក្នុងផ្ទះបាយ។ហេតុការណ៍នេះបានកើតឡើងភ្ញាក់ផ្អើលនៅវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នៅភូមិបឹងលាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។


ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ កែវ ស្រីអូន អាយុ ៣២ឆ្នាំ ប្ដីឈ្មោះ លី សារិន អាយុ ៣៤ឆ្នាំ មានមុខរបររកស៊ីកាប់គោលក់ ពួកគេមានកូនចំនួន​២នាក់។


នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី៤ តុលា  ប្ដីប្រពន្ធទាំងពីរនាក់បានទាស់គ្នា​ជាខ្លាំងម្ដងហើយ ក្រោយមកក៏មានការសម្របសម្រួលពីបងប្អូនក៏ស្ងប់ទៅវិញ ហើយក៏នាំគ្នាចូលដេករៀងៗខ្លួន ។ស្រាប់តែវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី ៥ខែតុលា ក៏មានរឿងរ៉ាវកើតឡើង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យធ្វើការសន្និដ្ឋានថា បុរសជាប្ដីបានយកកាំបិត​កាប់ប្រពន្ធចំកញ្ចឹងក ចំស្មានិងកន្លែងផ្សេងទៀត បណ្ដាលឱ្យស្លាប់។បន្ទាប់មកបុរសជាប្ដី បានទៅផ្ទះបាយចងកសម្លាប់ខ្លួនតាមក្រោយ។ នៅក្នុងហេតុការណ៍នោះ កូនប្រុសអាយុ ៩ ឆ្នាំឃើញរត់ទៅប្រាប់ជីតា ហើយក៏មានការភ្ញាក់ផ្អើលឡើងតែម្តង។


ប្រភពពីប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថា គ្រួសារពីរនាក់ប្ដីប្រពន្ធតែងទាស់គ្នា​ជារឿយៗដោយសារប្ដីប្រចណ្ឌប្រពន្ធ៕