ព័ត៌មានជាតិ

អ្នកនេសាទចាប់បានត្រីប៉ាសាណាកនិងកន្ធាយក្បាលកង្កែបប្រភេទរងគ្រោះថ្នាក់ជិតផុតពូជនៅខេត្តស្ទឹងត្រែង

ដោយ:សុខុម
ស្ទឹងត្រែង:មន្ត្រីជំនាញជលផលខេត្តស្ទឹងត្រែងបានឲ្យដឹងនៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា អ្នកនេសាទចាប់បានត្រីប៉ាសាណាកនិងកន្ធាយក្បាលកង្កែបមួយក្បាល នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីពីរថ្ងៃមុន ហើយកន្ធាយមួយក្បាលមានរបួស កំពុងជួយសង្គ្រោះនិងមើលថែទាំពីមន្ត្រីជំនាញបម្រើការងារនៅអង្គការក្រៅរដ្ឋាភិបាល យ៉ាងយកចិត្តទុកដាក់បំផុត។


លោកស្រីសម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានឲ្យដឹងថា ត្រីប៉ាសាណាក អ្នកនេសាទចាប់បានរួចទាក់ទងទៅរដ្ឋបាលជលផលថ្នាក់ជាតិ(វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល)។ដោយឡែកកន្ធាយក្បាលកង្កែប អ្នកនេសាទបានក្រោយមករាយការណ៍ទៅគណៈកម្មការសហគមន៍និងមកមន្ត្រីខណ្ឌ ជលផលស្ទឹងត្រែង ហើយមន្ត្រីយើងក៏បានរាយការណ៍បន្តទៅអ្នកជំនាញនៅអង្គការ wcsដើម្បីមកយកទៅថែទាំនិងព្យាបាលរបួស។


លោកស្រីសមវិចិត្របានឲ្យដឹងទៀតថា ត្រីប៉ាសាណាកមួយក្បាលវាមាន ទម្ងន់ ៥,៥គីឡូក្រាម ចាប់បាននៅភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងកន្ធាយក្បាលកង្កែប ទម្ងន់ ៣៤គីឡូក្រាម ចាប់បាននៅភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងក្នុងថ្ងៃតែមួយ។


លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានបញ្ជាក់ផងដែរថា​ប្រភេទធនធាន​ជលផលដែលកំពុងរងគ្រោះថ្នាក់ និងប្រភេទកម្រ ដែលប្រជានេសាទចាប់បាននេះ​គឺស្ថិតនៅ​ក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ហើយក៏ជាតំបន់គ្រប់គ្រង និងអភិរក្សជីវចម្រុះជលផលទន្លេមេគង្គផងដែរ ។


ដោយឡែកសត្វកន្ធាយក្បាលកង្កែប​គឺត្រូវបានក្រុមអ្នកជំនាញយកទៅថែទាំព្យាបាល​ដើម្បីលែងទៅក្នុងដែននេសាទធម្មជាតិវិញ ឯត្រីប៉ាសាណាកដែលងាប់ ត្រូវបានយក​សំណាកមកថែរក្សានៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាល​ជលផល។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងសូមសំណូមពរដល់បងប្អូនប្រជានេសាទមេត្តាចូលរួមថែររក្សា ការពារប្រភេទធនធានជលផលកំពុងរងគ្រោះ និងប្រភេទកម្រ​ទាំងអស់គ្នា៕