អន្តរជាតិ

សត្វរមាសស៊ូម៉ាត្រាបានផ្តល់កំណើតកូនមួយក្បាលសម្រាប់អំបូសត្វកម្រដែលស្ទើរតែផុតពូជ

ប្រែសម្រួល៖សហការី

កូនរមាសស៊ូម៉ាត្រាដែលជាប្រភេទ​សត្វកម្រជិតផុតពូជបានចាប់កំណើតនៅឧទ្យានជាតិមួយរបស់ប្រទេសឥណ្ឌូនេស៊ីដែលជាការផ្តល់កំណើតលើកទីបីរបស់រមាសញីក្នុងស្រុកឈ្មោះ Ratu និង Andalas ដែលកាលពីមុនធ្លាប់រស់នៅក្នុងសួនសត្វ Cincinnati ក្នុងរដ្ឋ Ohio ។

ក្រសួងបរិស្ថាន និងរុក្ខាប្រម៉ាញ់របស់ឥណ្ឌូណេស៊ីបានបង្ហោះនៅលើ X ថា កូនរមាសនេះបានកើតកាលពីថ្ងៃសៅរ៍នៅក្នុងឧទ្យានជាតិ Way Kambas ភាគខាងត្បូងកោះស៊ូម៉ាត្រា ។

លោក  Siti Nurbaya Bakar រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរុក្ខាប្រមាញ់បាននិយាយថា វាជាដំណឹងដ៏រំភើបរីករាយសម្រាប់ប្រទេសឥណ្ឌូនេស៊ី និង ពិភពលោកទាំងមូលថែមទៀតផង។

យោងតាមភ្នាក់ងាអង្គការមូលនិធិរមាសអន្តរជាតិ (IRF) បានឲ្យដឹងថា សត្វរមាសស៊ូម៉ាត្រា ត្រូវបានគេប្រទះឃើញក្នុងចំនួនដ៏ច្រើននៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ហើយសត្វរមាសជាង ៨០ ក្បាលត្រូវបានគេប្រទះឃើញរស់នៅបែកគ្នាទូទាំងប្រទេសឥណ្ឌូនេស៊ី ។

កំណើតរបស់កូនរមាសនេះគឺតំណាងឱ្យក្តីសង្ឃឹមសម្រាប់ប្រភេទសត្វដែលស្ថិតនៅក្រោមការគំរាមកំហែងស្ទើរតែ​​ផុត​ពូជដោយសារតែការបរបាញ់ខុសច្បាប់ និងការបាត់បង់ទីជម្រករបស់ពួកវា។

រូបថតដែលបានចែករំលែកដោយក្រសួងរុក្ខាប្រមាញ់បានបង្ហាញឲ្យឃើញពីកូនសត្វរមាសមួយក្បាលដែលទើបនឹងកើតមានទម្ងន់ប្រហែល ២៧ គីឡូក្រាម ឬ ៦០ ផោន មានរោមខ្មៅសម្រាកនៅក្បែរមេរបស់វា។

​រូបភាព​មួយ​សន្លឹក​នេះ បង្ហាញពី​រមាសញីឈ្មោះ Ratu កំពុង​នៅជាមួយ​កូន​របស់វាក្នុងសភាពស្ងៀមស្ងាត់។ក្រសួងបាននិយាយថាក្នុងរយៈពេល ៤៥ នាទីបន្ទាប់ពីការផ្តល់កំណើតតាមធម្មជាតិរបស់វា កូនរមាសនេះអាចក្រោកឈរបាន ហើយក៏ចាប់ផ្តើមបៅដោះនៅក្នុងរយៈពេល ៤ ម៉ោងក្រោយមក ។

ក្តីសង្ឃឹមក្នុងការបន្តពូជ

រមាសស៊ូម៉ាត្រា គឺជាប្រភេទសត្វរមាសដែលមានទំហំខ្លួនតូចជាងគេបំផុតក្នុងចំណោមអំបូសត្វរមាសដ៏ទៃទៀតនៅទូទាំងពិភពលោក។វាមានកម្ពស់ប្រហែល ៤ ទៅ ៥ ហ្វីត ឬ ប្រហែល ១.៥ ម៉ែត្រ និងមានប្រវែងដងខ្លួនជាមធ្យមប្រហែល ៨.២ ហ្វីត ឬ ២.៥ ម៉ែត្រ។

ពួកវាជាប្រភេទសត្វរមាសដែលស្ទើរតែផុតពូជជាងសត្វរមាសដទៃទៀត។នៅទូទាំងពិភពលោក សត្វរមាសស៊ូម៉ាត្រាមានរោមវែងជាងអំបូសត្វរមាសផ្សេងទៀត។

យោងតាមភ្នាក់ងាអង្គការមូលនិធិរមាសអន្តរជាតិ (IRF) បានឲ្យដឹងថា  សត្វរមាសស៊ូម៉ាត្រា តាមធម្មតាវារស់នៅក្នុងព្រៃត្រូពិចក្រាស់ៗ តាមតំបន់ទំនាប និងតំបន់ខ្ពង់រាប និងនៅលើកោះស៊ូម៉ាត្រា។ វាបន្តពូជទៅតាមធម្មជាតិសត្វរមាសញីអាចផ្តល់កំណើតរៀងរាល់ ៣ ទៅ ៤ ឆ្នាំម្តង ហើយការមានគភ៌អាចមានរយៈពេលចាប់ពី ១៥ ទៅ ១៦ ខែ។

ការបាត់បង់ទីជម្រកបានជំរុញឱ្យពួកវារស់នៅតាមតំបន់ព្រៃតូចៗក្នុងប្រទេសឥណ្ឌូណេស៊ី ហើយអ្នកអភិរក្សសត្វកម្រដែលស្ទើរតែផុតពូជកំពុងព្រួយបារម្ភអំពីការរស់រានមានជីវិតនៃសត្វប្រភេទនេះនាថ្ងៃអនាគត។

ភ្នាក់ងារអង្គការមូលនិធិរមាសអន្តរជាតិ (IRF) បាននិយាយថា “សត្វប្រភេទនេះហាក់ដូចជាកំពុងបន្តបាត់ខ្លួនជាបន្តបន្ទាប់ដោយសាតែពួកវាបានចូលទៅរស់នៅក្នុងព្រៃក្រាស់ ជាហេតុធ្វើឲ្យកាន់តែមានការលំបាកក្នុងការតាមដានជាប្រយោល ដូចជាស្វែងរកដានជើងជាដើមគឺកាន់តែលំបាកក្នុងការស្វែងរក” ។

“សញ្ញានៃក្តីសង្ឃឹមសម្រាប់ប្រភេទសត្វកម្រដែលស្ទើរតែផុតពូជគឺការបង្កើតឡើងនូវកម្មវិធីបន្តពូជនៅក្នុងជម្រកសត្វរមាសស៊ូម៉ាត្រាដែលបានផ្តល់កំណើតចំនួនបីក្បាល និងការខិតខំបន្តធ្វើការបង្កាត់ពូជពួកវាដើម្បីធានាក្នុងការបង្កើនចំនួនសត្វរមាស”។

ប្រភេទ​សត្វកម្រដែលស្ទើរតែផុតពូជ​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យដឹងកាលពី​ឆ្នាំ ២០១៩ ថាប្រភេទ​សត្វកម្រនេះបាន​ផុត​ពូជ​ទាំងស្រុងទៅហើយនៅ​ក្នុងប្រទេស​ជិតខាងរបស់ឥណ្ឌូនេស៊ីនោះគឺប្រទេស​ម៉ាឡេស៊ី។​ រមាសអាយុអាយុ ២៥ ឆ្នាំឈ្មោះថា Iman បានស្លាប់ដោយសារជំងឺមហារីកនៅថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅក្នុងជម្រកសត្វរមាស Borneo ។

Call to Earth គឺជាបទវិចារណកថារបស់ CNN ដែលប្តេជ្ញាចិត្តរាយការណ៍អំពីបញ្ហាប្រឈមផ្នែកបរិស្ថាននៅលើភពផែនដីរបស់យើង រួមជាមួយនឹងដំណោះស្រាយផ្សេងៗផងដែ។ គំនិតផ្តួចផ្តើម Perpetual Planet របស់ Rolex បានសហការជាមួយ CNN ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយការអប់រំជុំវិញបញ្ហានិរន្តរភាពផ្នែកបរិស្ថានសំខាន់ៗ និងជំរុញឲ្យមានសកម្មភាពអភិរក្សប្រកបដោយវិជ្ជមាន៕