អន្តរជាតិ

ភាពចលាចលនិងភ័យខ្លាចក្រោយពីខ្មាន់កាំភ្លើងបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ប្រទេសថៃ

ដោយ៖សហការី

នៅក្នុងហេតុការណ៍​បាញ់​ប្រហារនេះបានបណ្តាលឲ្យស្ត្រីពីរនាក់ដែលម្នាក់មកពីប្រទេសចិន និងម្នាក់ទៀតមកពីប្រទេសមីយ៉ាន់ម៉ាបានស្លាប់នៅក្នុងផ្សារទំនើប Siam Paragon។

មេ​ប៉ូលិស​របស់ប្រទេសថៃបាន​ឲ្យដឹង​ថា ជនសង្ស័យ(ខ្មាន់កាំភ្លើង)គឺជាក្មេងប្រុសមាន​អាយុ ​១៤​ឆ្នាំ​មានជំងឺ​ផ្លូវចិត្តប្រចាំកាយដែលទទួលបានការព្យាបាលពី​មន្ទីរពេទ្យ Rajavithi ជាប្រចាំតែនៅក្នុងថ្ងៃនោះក្មេងនេះ​មិន​បាន​លេបថ្នាំតាមវេជ្ជបញ្ជានោះ​ទេ​។

យោងតាមសេចក្តីរាយការណ៏ពីទីក្រុងបាងកកបានឲ្យដឹងថា ក្រុមប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យជាក្មេងប្រុសខ្មាន់កាំភ្លើងអាយុ ១៤ ឆ្នាំម្នាក់កាលពីថ្ងៃអង្គារ ទី៣ តុលា បន្ទាប់ពីមានការបាញ់ប្រហារយ៉ាងសាហាវនៅក្នុងផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក។

លោក Torsak Sukvimol ដែលជាអគ្គស្នងការនគរបាលជាតិបានថ្លែងថាមានមនុស្សពីរនាក់បានស្លាប់ ក្នុងនោះមានម្នាក់មកពីប្រទេសចិន និងម្នាក់ទៀតមកពីប្រទេសមីយ៉ាន់ម៉ា។ លោក​បានបញ្ជាក់​ប្រាប់​អ្នក​យកព័ត៌មាន​ថាមានមនុស្ស​៥​នាក់ផ្សេងទៀត​បាន​រង​របួសដោយសារការ​បាញ់​ប្រហារនេះ។

ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​កែតម្រូវ​ពី​​ចំនួន​បីនាក់មកចំនួនពីរនាក់វិញ​នេះបើយោងតាមភ្នាក់ងារផ្តល់​សេវា​សង្គ្រោះ​បន្ទាន់​របស់​ប្រទេសថៃ។

លោក Torsak បានបញ្ជាក់បន្ថែមថា ក្មេងជំទង់ម្នាក់នេះកំពុងស្ថិតនៅក្នុងការឃុំឃាំង ក្មេងជំទង់នេះកំពុងស្ថិតនៅក្នុងសភាពវង្វេងស្មារតីយ៉ាងខ្លាំងក្នុងពេលដែលត្រូវបាន​ប៉ូលិសសួរចម្លើយ។

លោក Torsak បានថ្លែងឲ្យដឹងថា “គាត់គឺជាអ្នកជំងឺផ្លូវចិត្តនៅក្នុងមន្ទីរពេទ្យ Rajavithi ហើយគាត់មិនបានលេបថ្នាំរបស់គាត់តាមវេជ្ជបញ្ជានោះទេ។

“គាត់​ថាខ្លួនគាត់​​ហាក់ដូច​ជា​មនុស្ស​ម្នាក់ផ្សេង​ទៀត​ប្រាប់ខ្លួនឯង​ថា​អ្នក​ណា​ដែលត្រូវ​បាញ់”។

សភាពចលាចលនេះក៏បានកើតឡើងនៅរសៀលថ្ងៃដដែលម្តងទៀត នៅក្រោយពេលដែលមានការបាញ់ប្រហារដោយកាំភ្លើងនៅក្នុងផ្សារទំនើបមួយនេះដែលជាកន្លែងលក់ទំនិញដ៏ធំមួយរបស់ទីក្រុងបាងកកចំកណ្តាលរដ្ឋធានីរបស់ប្រទេសថៃ។

លោក នាយករដ្ឋមន្ត្រីថៃ ស្រេថាថាវីស៊ីន មុននេះបានប្រាប់អ្នកយកព័ត៌មានថា “អ្នកបាញ់ប្រហារត្រូវបានចាប់ខ្លួនហើយ។

លោក​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​​ព្រម​ទាំង​យកអ្នក​របួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ លោកក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបាននិយាយថា លោកកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។

លោកបានបង្ហោះនៅលើ X ថា “អ្វីដែលខ្ញុំយកចិត្តទុកដាក់បំផុតនាពេលនេះគឺសុវត្ថិភាពរបស់ប្រជារាស្ត្រទាំងអស់”។ “ខ្ញុំស្នើឲ្យកម្មករទាំងអស់តាមដានស្ថានការណ៏ និងសូមឲ្យអ្នករាល់គ្នាមានសុវត្ថិភាព”។

“ចាប់ពីពេលនេះតទៅ រដ្ឋាភិបាលថៃនឹងអនុវត្តវិធានការក្សារសុវត្ថិភាពក្នុងកំរឹតខ្ពស់បំផុត ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរទាំងឡាយ”។

សាលាឯកជនមួយឈ្មោះថា The Essence ចម្ងាយតែប៉ុន្មានម៉ែត្រពី Siam Paragon បានបញ្ជាក់ថា ជនសង្ស័យគឺជាសិស្សនៅក្នុងសាលារបស់ខ្លួន ហើយពួកគេក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ។

លោក Wiwat Catithammanit នាយកសាលារៀនឯកជនដែលយកថ្លៃសិក្សាក្នុងមួយត្រីមាសចំនួន ៤,០០០ ដុល្លារអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងនឹងចូលរួមសហការជាមួយអាជ្ញាធរ និងអ្នកស៊ើបអង្កេតដើម្បីជាផលប្រយោជន៍សម្រាប់អ្នកពាក់ព័ន្ធទាំងឡាយ” ។

នៅក្នុងខ្សែ​វីដេអូបាន​បង្ហាញឲ្យឃើញ​ពីរូបភាពនៃសកម្មភាពរបស់​ក្មេង​ប្រុសដែលមាន​សក់​វែង​ម្នាក់​ពាក់​អាវ​ខ្មៅ និងមានពាក់វ៉ែនតាជាមួយនឹង​មួក​ដែល​មាន​រូប​ទង់ជាតិ​អាមេរិក​ត្រូវ​បាន​ប៉ូលិស​ចាប់យក​ទៅ​ឃុំ​ខ្លួន។

នៅក្នុងខ្សែ​វីដេអូ​នៃកាមេរ៉ា​សុវត្ថិភាព​ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​បង្ហាញ​ឲ្យឃើញ​ពីរូបភាពនៃសកម្មភាពរបស់​ជន​សង្ស័យ​បាន​លុត​ជង្គង់ចុះ​នៅ​នឹង​ដីក្នុងទីតាំងមួយកន្លែង​ដែលហ៊ុមព័ទ្ធជិតជាសញ្ញា​សុំចុះចាញ់និងព្រមប្រគល់ខ្លួន​នៅនឹងកន្លែងប្រព្រឹត្តជាក់​ស្តែង។

បន្ទាប់​មក​មន្ត្រី​ប៉ូលិស​បាន​វាយ​បំបែក​បន្ទះ​កញ្ចក់​មុន​នឹង​ចូល​ទៅ​ចាប់ខ្លួន​ក្មេងដែលជាជនសង្ស័យនោះ។ មានកាំភ្លើងចំនួន​មួយ​ដើម​ត្រូវ​បាន​​ប៉ូលិសរក​ឃើញ​នៅនឹង​កន្លែង​កើត​ហេតុ។

 

  • “ រត់ រត់ រត់ ‘

នៅមុននេះ មានមនុស្សរាប់រយនាក់ រួមទាំងកុមារផងដែរ ត្រូវបានគេមើលឃើញថា បានរត់ចេញពីផ្សារទំនើបដូចទឺកបាក់ទំនប់។

Shir Yahav អាយុ ២៦ ឆ្នាំមកពីប្រទេសអ៊ីស្រាអែលដែលធ្វើការនៅក្នុងហាងឌីហ្សាញបាននិយាយថា “ហេតុការ​បាញ់​ប្រហារនេះបានកើតឡើងក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ យើងបានឃើញមនុស្សទាំងអស់រត់ រត់ រត់ យើងឆ្ងល់ថាមានហេតុការណ៍អ្វីកំពុងកើតឡើង” ។

Siam Paragon គឺជាផ្សារទំនើបដ៏ល្បីល្បាញបំផុតរបស់ប្រទេសថៃ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋក្នុងស្រុក និងអ្នកទេសចរអន្តរជាតិដូចគ្នាជាមួយនឹងហាងទំនើបៗដទៃទៀតដែលមានដូចជា អាងចិញ្ចឹមត្រី រោងកុន និងកន្លែងទទួលទានអាហារដ៏ពេញនិយម។

នៅក្នុងឆ្នាំ ២០១៣ វាបានជាប់ឈ្មោះជាកន្លែងថតរូបបានច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងប្រពន្ធ Instagram ។

ឧបទ្ទវហេតុនេះកើតឡើងជាលើកដំបូងដែលបានផ្ទុះរាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងខណៈពេលដែលអ្នកប្រើប្រាស់បានចែករំលែកវីដេអូអំពីសភាពការណ៍វឹកវរជាមួយនឹងហ្វូងមនុស្សជាច្រើនដែលគេបាននិយាយថាពួកគេបានឮសំឡេងកាំភ្លើងផ្ទុះឡើង។

នៅក្នុងរូបភាពវីដេអូមួយដែលត្រូវបានចែករំលែកដោយអ្នកប្រើប្រាស់ X @janejanejuta បានបង្ហាញឲ្យឃើញពីអ្នកដើររកទិញឥវ៉ាន់ និងបុគ្គលិកផ្សារទំនើបកំពុងអោនចុះក្រោម និងបិទបាំងកន្លែងដែលមើលទៅដូចជាកន្លែងទទួលទានអាហារ។

បុរសម្នាក់ត្រូវបានគេឮសម្លេងស្រែកឲ្យភ្ញៀវអង្គុយចុះ។

អ្នកប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយ Indra Suharjono កំពុងធ្វើការនៅក្នុងហាងទំនិញនៅពេលដែលនាង និងសហការីរបស់នាងត្រូវបានគេប្រាប់ឲ្យទទួលវេនបន្តចាប់ពីម៉ោង ៥ ល្ងាចម៉ោងក្នុងស្រុក។

ពួកគេ​កំពុង​រៀបចំ​កម្មវិធី​ជួប​សំណេះសំណាល​រវាង​អ្នក​គាំទ្រ​ជាមួយនឹង​តារា​ល្បីៗ​នៅក្នុង​យប់​ថ្ងៃ​អង្គារនោះ។ នាងបានប្រមូលផ្តុំអ្នកគាំទ្របានប្រហែល ៣០០ នាក់មកចូលរួមទៅក្នុងសាលប្រជុំមួយ ហើយពួកគេបានចាក់សោទ្វារខាងក្រោយ។

នាងបាន​បន្ត​ថា​៖ បរិយាកាស​នៅក្នុង​ពេល​នេះ​មានសភាពស្ងប់ស្ងាត់​ណាស់ ហើយ​អ្នក​រាល់​គ្នា​ក៏ស្ថិតនៅក្នុងសភាព​ស្ងាត់​ដែរ។ ”ពួកគេកំពុងរកមើលព័ត៌មានតាមអ៊ីនធឺណិតខ្ញុំកាន់តែព្រួយបារម្ភនៅពេលដែលមនុស្សគ្រប់គ្នានិយាយថារកកន្លែងស្នាក់នៅ” នាងបានប្រាប់ CNAដូច្នេះ ។

អ្នក​នៅ​ជុំវិញ​នាង​បាន​ទទួល​ព័ត៌មាន​ពី​មិត្តភ័ក្តិ​ពី​ខាង​ក្រៅ​ផ្សារ។ នៅម៉ោងប្រហែល ៥.៤៥ ល្ងាច អាជ្ញាធរបានចាប់ផ្តើមជម្លៀសអ្នកគាំទ្រចេញពីសាលជួបជុំ។

Susinee បុគ្គលិកភោជនីយដ្ឋានអាយុ ៣៥ ឆ្នាំបាននិយាយថានាងនិងសហការីរបស់នាងបានរត់ចេញពីហាងរ៉ាមេនជប៉ុននៅពេលដែលពួកគេបានឮស្នូរកាំភ្លើងផ្ទុះឡើង។

នាង​បាន​និយាយ​ទាំងកំពុង​ឈរនៅ​ជាមួយ​មិត្ត​រួម​ការងារ​របស់​នាង​ចំនួន​ដប់​នាក់​ថា៖ ”យើង​ទើប​តែ​រត់​ចេញពីក្នុងហាង”។

ម្ចាស់ហាងទំនិញបាននិយាយថា ខ្លួនបានជម្លៀសអ្នកដើរទិញឥវ៉ាន់ និងបុគ្គលិកភ្លាមៗ ដោយសង្កត់ធ្ងន់ថាសុវត្ថិភាពមានសារសំខាន់បំផុតសម្រាប់ភ្ញៀវនិងបុគ្គលិករបស់នាង។

គេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Siam Paragon សូមសម្តែងការសុំទោសយ៉ាងជ្រាលជ្រៅបំផុតចំពោះឧបទ្ទវហេតុកើតឡើងដែលយើងមិននឹកស្មានដល់”។

ស្ថានីយ Siam BTS នៅក្បែរនោះត្រូវបានបិទនៅម៉ោងប្រហែល ៤.៤០នាទី ល្ងាចម៉ោងនៅក្នុងស្រុក។

មន្រ្តីប៉ូលិសត្រូវបានគេមើលឃើញថាបានជម្លៀសមនុស្សចេញពីច្រកចេញរបស់ហាង Siam Paragon ។ មនុស្សរាប់សិបនាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានីយ Siam BTS ដើម្បីរង់ចាំការអនុញ្ញាត តែមានអ្នកខ្លះអាចរត់ឆ្លងកាត់បាន។

សេវាកម្មបានបន្តប្រហែលមួយម៉ោងក្រោយមក។”ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំងនៅពេលដែលខ្ញុំបានឮដំណឹងនេះ ដោយសារតែខ្ញុំកំពុងធ្វើការនៅ Central World” អ្នកធ្វើដំណើរនៅស្ថានីយ៍ Siam BTS បានប្រាប់ CNA កាលពីល្ងាចថ្ងៃអង្គារយ៉ាងដូច្នេះ។

អ្នកស្រី Punyika Changthom អាយុ ២២ ឆ្នាំបាននិយាយថា “សាធារណជនគួរតែទទួលបានព័ត៌មានប្រសើរជាងមុនអំពីឧប្បត្តិហេតុបែបនេះជំនួសឱ្យការស្វែងរកបច្ចុប្បន្នភាពនៅលើ X ឧទាហរណ៍ដូចជាប្រសិនបើមានប្រព័ន្ធជូនដំណឹង SMS វានឹងមានសុវត្ថិភាពជាង” ។

 

  • រថយន្តសង្គ្រោះនិង វត្តមានរបស់ប៉ូលិស

គេសង្កេតឃើញថាចរាចរណ៍នៅខាងក្រៅ Siam Paragon មានសភាពធ្ងន់នៅពេលដែល CNA មកដល់កន្លែងកើតហេតុនៅម៉ោងប្រហែលម៉ោង ៦.៣០ នាទីល្ងាច។

ចំណែករថយន្តសង្គ្រោះបន្ទាន់ និងរថយន្តប៉ូលិសឃើញថាបានតម្រង់ជួរតាមផ្លូវ ហើយបុគ្គលិកពេទ្យ និងសន្តិសុខជាច្រើននាក់កំពុងតែមមាញឹកយ៉ាងខ្លាំង។

ឧបទ្ទវហេតុបាញ់ប្រហារនេះកើតឡើងនៅប៉ុន្មានថ្ងៃមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃថ្ងៃដ៏បង្ហូរឈាមបំផុតមួយក្នុងប្រវត្តិសាស្ត្រថៃនាពេលថ្មីៗនេះ នៅពេលដែលអតីតមន្ត្រីប៉ូលិសប្រដាប់ដោយកាំបិត និងកាំភ្លើងបានវាយប្រហារកន្លែងក្លូនទារកហើយបានសម្លាប់កុមារចំនួន ២៤ នាក់ និងមនុស្សពេញវ័យចំនួន ១២ នាក់ផងដែ៕