សន្ដិសុខសង្គម

បុរសម្នាក់មិនស្រួលខ្លួនខ្លាំងឲ្យប្រពន្ធដឹកជូនទៅមន្ទីរពេទ្យ មិនទាន់ដល់ផងស្លាប់តាមផ្លូវ

ដោយ:សុខុម
ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលនៅពេលឃើញប្រពន្ធដឹកប្តីតាមម៉ូតូទៅមន្ទីរពេទ្យ មិនទាន់ដល់ផងបែរជាស្លាប់តាមផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង ៣០ នាទីព្រឹកថ្ងៃទី ៤ខែតុលាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។


ស្ត្រីជាប្រពន្ធបានប្រាប់ថា ប្ដីរបស់គាត់មានឈ្មោះហ៊ាត់ ហោយី អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០០ ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ប្រពន្ធបាននិយាយរៀបរាប់ទាំងទឹកភ្នែកស្រែកយំផងបានឲ្យដឹងថា ប្ដីរបស់គាត់មាន​ជំងឺទឹកនោមផ្អែម លើសឈាម និងបេះដូង។ ប្ដីគាត់មានអាការឈឺយ៉ាងធ្ងន់ធ្ងរ ដោយជំងឺនេះតែងតែកើតជាច្រើនដងមកហើយ។

នៅមុនពេលកើតហេតុ បងប្អូនប្រាប់ថាឲ្យប្រញាប់ដឹកគាត់ ទៅពេទ្យឲ្យទាន់ពេល​នៅពេលប្រពន្ធដឹកប្តីតាមម៉ូតូដល់ចំណុចមុខក្រសួងការពារជាតិ ស្រាប់តែប្ដីរបស់គាត់​ប្រាប់ថាមិនស្រួលខ្លាំង ហើយឲ្យប្រពន្ធឈប់ម៉ូតូសិន។ភ្លាមនោះគាត់ចុះពីលើម៉ូតូ​ក៏បានដាច់ផ្ងារតែម្ដង ដោយប្រពន្ធឃើញអាការប្ដីបែបនេះ ក៏បានស្រែកឲ្យគេជួយ តែប្ដីរបស់គាត់បានស្លាប់ក្បែរចិញ្ចឹមផ្លូវលើសួនច្បារនោះ៕