ព័ត៌មានជាតិ

ទឹកភ្លៀងធ្លាក់ខ្លាំងប៉ះពាល់លិចលំនៅដ្ឋានពលរដ្ឋជាង៤០០គ្រួសារក្នុងស្រុកកំរៀង

បាត់ដំបង÷ ទឹកភ្លៀងបន្តធ្លាក់ជោកជាំក្នុងស្រុកកំរៀង បង្កជាជំនន់កើនឡើងប៉ះពាល់​លិចដំណាំចម្ការ និងលំនៅដ្ឋានពលរដ្ឋជាង៤០០គ្រួសារ។

មន្ត្រីសាលាស្រុកកំរៀងបានឲ្យដឹងថា÷ មូលដ្ឋានស្រុកកំរៀង ទឹកភ្លៀងបានបន្តធ្លាក់​ជាបន្តបន្ទាប់​ចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣កន្លង​មកនេះ​បានបង្កជាជំនន់ប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៤ ឃុំ ស្មើប្រជាជនចំនួន​៤៤៤គ្រួសារ។

ភូមិសាស្ត្រដែលប៉ះពាល់ជន់លិចដោយទឹកភ្លៀងនេះរួមមាន៖ ឃុំអូរដា ប៉ះពាល់ ៧៦ខ្នង, ឃុំត្រាង ប៉ះពាល់ ១៤១ខ្នង, ឃុំតាសែនជន់លិចចំនួន៩៦ខ្នង និងឃុំតាក្រី ជន់លិចចំនួន​១៣១ខ្នង។

លោក សុខ ដែន អភិបាលស្រុកកំរៀងប្រាប់ឲ្យដឹងនៅថ្ងៃទី៤ ខែតុលានេះថា÷ នៅព្រឹកនេះ​ទឹកភ្លៀងនៅតែបន្តធ្លាក់ និងរលឹមដោយកន្លែង ចំណែកឯកម្ពស់ទឹកជំនន់ក៏នៅតែបន្តជន់ និងកើនឡើង។ ជាមួយគ្នាលោកបានប្រើប្រាស់កម្លាំងគណ:បញ្ជាការស្រុក​ជាច្រើន​ចុះប្រចាំការតាមគោលដៅដែលត្រូវប្រុងប្រយ័ត្នទាំងអស់ហើយផងដែរដើម្បីបង្ការ​អន្តរាគមន៍ជួយសង្គ្រោះ៕