ព័ត៌មានជាតិ

ទឹកភ្លៀងជន់ខ្លាំងច្រកអន្តរជាតិដូង បិទការចរាចរណ៍ទំនិញបណ្តោះអាសន្នអនុញ្ញាតត្រឹមតែថ្មើរជើង

ដោយ៖សុខុម

បាត់ដំបង÷ ទឹកភ្លៀងជន់ខ្លាំងច្រកអន្តរជាតិដូង ខេត្តបាត់ដំបង បានបិទការចរាចរណ៍​ជាបណ្តោះអាសន្ននូវការដឹកជញ្ជូនចេញចូលទំនិញផ្សេងៗ អនុញ្ញាតត្រឹមតែថ្មើរជើង​ប៉ុណ្ណោះ។

លោក សុខ ដែន អភិបាលស្រុកកំរៀងបានបញ្ជាក់ឲ្យដឹងថា÷ ចាប់តាំងពីយប់ថ្ងៃទី៤ តុលា ប៉ុន្មានម៉ោងមុននេះ​​ មន្ត្រីជំនាញពាក់ព័ន្ធទាំង២ភាគី កម្ពុជា – ថៃ ដែលប្រចាំការនៅ​ច្រកទ្វារអន្តរជាតិដូងបានសម្រេចបិទជាបណ្តោះអាសន្នមួយរយ:សិននូវការធ្វើចរាចរណ៍​ទំនិញចេញចូលគ្រប់ប្រភេទមិនឲ្យឆ្លងកាត់តាមកំណាត់ផ្លូវស្ពានផ្នែកខាងក្រោម ដោយអនុញ្ញាតតែត្រឹមថ្មើរជើងប៉ុណ្ណោះដោយសារទឹកជំនន់បានកើនឡើងខ្ពស់។

មកទល់ត្រឹមម៉ោងជិត១២:០០នាទីថ្ងៃទី៤ នេះ ទឹកបានស្រកប្រមាណជា២តឹកវិញហើយ ដរាបណាលែងមានភ្លៀងធ្លាក់បន្ថែមទៀត តែចំពោះមុននេះអាកាសធាតុផ្ទៃមេឃ​កំពុងតែស្រទំរកកល់ភ្លៀងនៅឡើយ។

មន្ត្រីមូលដ្ឋានខាងលើបញ្ជាក់បន្តថា÷ ស្ថានភាពកម្ពស់ទឹកជំនន់នៅនឹងច្រកទ្វារ​អន្តរជាតិដូង និងនៅតាមតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅ មន្ត្រីរដ្ឋបាលស្រុក ក៏ដូចជាកងកម្លាំងទាំងបីកងឯកភាពកំពុងតាមដាន និងចុះជាប់ជាប្រចាំយ៉ាងយកចិត្ត​ទុកដាក់៕