ព័ត៌មានជាតិ

ក្រសួងអប់រំ ចេញសេចក្តីបំភ្លឺ ក្រោយករណីផ្ទុះរឿងសាលាបឋមសិក្សាដំណាក់ក្សាន្ត ដែលសិស្សកំពុងរៀនក្នុងទឹកលិចត្រឹមជង្គង់ និងគ្មានថ្នាក់រៀនត្រឹមត្រូវ

ដោយ៖ឧត្តម

ភ្នំពេញ៖បន្ទាប់ពីសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតនៅខេត្តបាត់ដំបង បានបង្ហោះរូបភាពអមជាមួយសំណេរថា “ពួកយើងចង់បានអគារល្អរៀននឹងគេដែរ!សូមជួយដល់ពួកយើងខ្ញុំផង “និងពិសេសបណ្តាញសង្គមបានធ្វើការបង្ហោះ ព្រោងព្រាតរួចមក នៅថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីបំភ្លឺមួយពីករណីគ្មានអគារសិក្សានិងទឹកលិចនេះជាបន្ទាន់ផងដែរ។


បើយោងតាមក្រសួងអប់រំ ដែលបានបញ្ជាក់ក្នុងសេចក្តីបំភ្លឺរបស់ខ្លួនថា៖ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបណ្ដាញសង្គមមានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុងបង្រៀននិងរៀនក្នុងរោងដោល និងមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះបានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។


ក្រសួងបានបន្តថា នៅថ្ងៃនោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញ ពីសាលាមិនទាន់ និងលិចរោងដោល ស្របពេលដែលគ្រូ និងសិស្សកំពុងបង្រៀន និងរៀន។ ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យ គ្រូនិងសិស្សត្រឡប់ទៅផ្ទះវិញ។ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៣ ជំនន់ទឹកភ្លៀងបានស្រកអស់ និងសាលារៀនអាចដំណើរការបង្រៀន និងរៀនជាធម្មតា។


ក្រសួងអប់រំបានលើកឡើងថា ក្នុងឆ្នាំសិក្សា២០២២-២០២៣ សាលាបឋមសិក្សា ដំណាក់ក្សាន្ត មានអគារសិក្សា ១ខ្នង ៥បន្ទប់ និង មានរោងដោល ១ខ្នង ១០បន្ទប់, គ្រូបង្រៀនសរុប ៧នាក់ ស្រី ២នាក់ និងមានសិស្សសរុប ៣៦៦នាក់ ស្រី ១៧៤នាក់ ចែកចេញជា ១២ថ្នាក់។ បើប្រៀបធៀបចំនួនបន្ទប់រៀន និងចំនួនថ្នាក់រៀន គឺសាលានៅខ្វះ បន្ទប់រៀន រួមទាំងបន្ទប់ទីចាត់ការ និងបណ្ណាល័យ ជាដើម។


ជាមួយគ្នានេះ ក្រសួងអប់រំបានបញ្ជាក់បន្ថែមថា៖ ដើម្បីដោះស្រាយបញ្ហាប្រឈម នៃការខ្វះខាតអគារសិក្សា ក្រសួងអប់រំ យុវជន និងកីឡាសម្រេច សាងសង់អគារ សិក្សាថ្មី១ខ្នង ៥បន្ទប់ ជាអាទិភាពជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីឱ្យដំណើរការរៀននិងបង្រៀន កាន់តែប្រសើរនាពេលខាងមុខ៕