ព័ត៌មានជាតិ

ភូមិចំនួន៩ត្រូវជំនន់ទឹកភ្លៀងគ្របដណ្តប់ទាំងស្រុង និង៣ភូមិផ្សេងទៀតកំពុងប៉ះពាល់បណ្តើរ

ដោយ៖សុខុម

បាត់ដំបង÷ ភូមិចំនួន៩ ត្រូវបានទឹកជំនន់គ្របដណ្តប់ទាំងស្រុង និងភូមិចំនួន៣ផ្សេងទៀត​កំពុងប៉ះពាល់ជាបណ្តើរក្នុងភូមិសាស្ត្រតំបន់ព្រំដែនស្រុកភ្នំព្រឹក។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ឲ្យដឹងជុំវិញគ្រោះទឹកជំនន់នេះថា÷ ៣ – ៤ថ្ងៃមកនេះតំបន់​ស្រុកភ្នំព្រឹកទឹកភ្លៀងបានធ្លាក់ជាច្រើនមេជាប់ៗគ្នាបណ្តាលឲ្យឃុំចំនួន២ បានប៉ះពាល់​ជន់លិចធ្ងន់ធ្ងរ ក្នុងនោះរួមមាន: ឃុំពេជ្រចិន្តា ប៉ះពាល់រួមមាន: ភូមិភ្នំតូច, ភូមិអូរចាស់ និងភូមិអូរថ្មី ដោយឡែកឃុំអូររំដួល ទឹកបានលិចទាំងស្រុងអស់នូវភូមិចំនួន៩ភូមិទៀត។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកភ្នំព្រឹកបានប្រាប់ឲ្យដឹងថា÷ ទឹកភ្លៀងបានធ្លាក់ជោកជាំ​ជាបន្តបន្ទាប់តាមបណ្តោយបន្ទាត់តំបន់ព្រំដែន ប៉ុន្មានថ្ងៃចុងក្រោយនេះបានបង្កជា​ទឹកជំនន់ជន់លិចយ៉ាងខ្លាំងគួរឲ្យព្រួយបារម្ភ ពិសេសចាប់តាំងពីយប់ថ្ងៃទី២ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ។

ប្រភពខាងលើបន្ថែមថា÷ បរិមាណទឹកភ្លៀងយ៉ាងច្រើនជោកជាំនៅក្នុងភូមិសាស្ត្រ​ស្រុកភ្នំព្រឹក នៅថ្ងៃទី៣ ខែតុលានេះកំពុងហូរស្រុងចាក់ចូលតាមអូរ និងប្រភពទឹកផ្សេងៗ​ទៀតទៅតំបន់ក្បែរគ្នា ពិសេសស្រុកសំពៅលូន៕