អន្តរជាតិ

លោកJoe Bidenអះអាងប្រាប់មហាមិត្តខ្លួនថា “នឹងមិនចោល” អ៊ុយក្រែនទេទោះបីកំពុងប្រឈមនឹងវិបត្តិថវិកាក៏ដោយ

ប្រែសម្រួល៖សហការី

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយអះអាងថា ជំនួយសម្រាប់ប្រទេសអ៊ុយក្រែននៅតែបន្តរហូតសម្រាប់ពេលនេះ ខណៈដែលលោកកំពុងខិតខំស្វែងរកការធានាឡើងវិញដល់សម្ព័ន្ធមិត្តដើម្បីបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្សីនៅក្នុងប្រទេសអ៊ុយក្រែន។

លោកប្រធានាធិបតីបានថ្លែងកាលពីថ្ងៃអាទិត្យដែលជាការព្រមានមួយទៅកាន់សភាអាមេរិក ដែលបានបោះឆ្នោតទប់ស្កាត់ការបិទរដ្ឋាភិបាលដោយអនុម័តកញ្ចប់ថវិកាសម្រាប់រយៈពេលខ្លីហើយសម្រេចកាត់ចោលកញ្ចប់ថវិកាដែលជាជំនួយសម្រាប់អ៊ុយក្រែនដែលអាមេរិកខិតខំប្រឹងប្រែងគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

លោក Biden បានថ្លែងថា “ទោះជាស្ថិតនៅក្រោមកាលៈទេសៈបែបណាក៏ដោយក៏យើងមិនអាចអនុញ្ញាតឱ្យការគាំទ្ររបស់អាមេរិកសម្រាប់អ៊ុយក្រែនត្រូវបានផ្អាកជាដាច់ខាត។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ “ ​យើង​គិតថាវាជាកិច្ចការ​បន្ទាន់​ខ្លាំងណាស់​ហើយក៏មិនត្រូវអូសបន្លាយពេល​វេលា​ក្នុងការជួយដល់អ៊ុយក្រែន​នោះទេ“ ​ លោកបានកត់​សម្គាល់​ថាការសម្រេច​​ផ្តល់​ថវិកាគឺ​មាន​រយៈពេល​ត្រឹមតែ​ពាក់កណ្តាល​ខែវិច្ឆិកាតែ​ប៉ុណ្ណោះ។

លោក Biden បានទទូចស្នើសុំដល់សភាឲ្យពិនិត្យលើកញ្ចប់ជំនួយឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។

លោកបានថ្លែងសុន្ទរកថាចេញពីសេតវិមានថា “ភាគច្រើននៃគណបក្សទាំងពីរដែលមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ ព្រឹទ្ធសភា និងសភា បានគាំទ្រដល់ការជួយអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ី” ។

លោក Biden បាននិយាយដោយបន្ថែមថា “គណបក្សនយោបាយគួតែឈប់លេងហ្គេមតទៅទៀត“ ​ លោករំពឹងថាប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy នឹងអនុម័តច្បាប់ដាច់ដោយឡែកមួយសម្រាប់កញ្ចប់ថវិកាដែលជាជំនួយសម្រាប់អ៊ុយក្រែននៅក្នុងពេលឆាប់ៗនេះ។

“ខ្ញុំចង់ធានាដល់សម្ព័ន្ធមិត្តរបស់យើងថា ប្រជាជនអ៊ុយក្រែនអាចពឹងផ្អែកលើការគាំទ្ររបស់ប្រជាជនអាមេរិកយើង ហើយយើងដាច់ខាត​នឹង​មិន​ដើរ​ចោលអ៊ុយក្រែនទេ“។

ទោះបីជាមានការសម្របសម្រួលនៅក្នុងសភាកាលពីល្ងាចថ្ងៃអាទិត្យក៏សភានៅតែសម្រេចកាត់ចោលកញ្ចប់ថវិកាសម្រាប់អ៊ុយក្រែនដោយសារមានការជំទាស់ពីគណបក្សសាធារណរដ្ឋដែលមាននិន្នាការប្រឆាំងជាហេតុធ្វើឲ្យកាន់តែមិនច្បាស់លាស់ថាតើនឹងមានអ្វីកើតឡើងជាបន្តទៀតនោះទេ។

លោក Biden និងគណបក្សប្រជាធិបតេយ្យរបស់លោក បាននិយាយថា សហរដ្ឋអាមេរិកមានកាតព្វកិច្ចជួយអ៊ុយក្រែនប្រឆាំងនិងការលុកលុយរបស់រុស្ស៊ីដែលដឹកនាំដោយ លោក Vladimir Putin លោក Biden ព្រមានថា ការបរាជ័យក្នុងការជួយអ៊ុយក្រែនអាចជំរុញឲ្យប្រទេសផ្សេងទៀតបាត់បង់ទំនុកចិត្តនាពេលអនាគត។

បញ្ហានេះជារឿងនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនហើយជោគវាសនាក្នុងការផ្តល់ជំនួយយោធាដ៏សំខាន់សម្រាប់អ៊ុយក្រែនឥឡូវនេះកំពុងស្ថិតក្នុងជ្រុងមរណៈសម្រាប់ក្រុង Kyiv ដែលកំពុងព្យាយាមធ្វើឲ្យមានវឌ្ឍនភាពក្នុងការវាយលុកបកមកលើទ័ពរុស្សីដែលមានសភាពថមថយនៅមុនរដូវរងាចូលមកដល់។

សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រដ៏សំខាន់របស់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីចូលឈ្លានពានកាលពីឆ្នាំមុន ហើយលោក Biden បានស្វែងរកការប្រមូលផ្តុំកម្លាំងទូទាំងពិភពលោករួមទាំងប្រទេសរបស់គាត់ផងដើម្បីរក្សានិរន្តរភាពក្នុងការគាំទ្រដល់អ៊ុយក្រែន។

លោក Biden បានធានាដល់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីខែមុនថា ការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាមេរិកសម្រាប់សង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនឹងត្រូវបានធានានិរន្តរភាពបើទោះបីជាមានការប្រឆាំងពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួនក៏ដោយ។

លោក Biden បាន​ជំរុញ​ឲ្យ​គណបក្ស​សាធារណរដ្ឋសម្រេចចិត្តឲ្យបាន​ឆាប់​រហ័ស ដើម្បី​បញ្ចៀស​វិបត្តិ​ថវិការផ្សេង​ទៀតនៅ​ក្នុង​ខែ​វិច្ឆិកា។

លោក Biden បន្តថា “ល្បែងនយោបាយត្រូវតែបញ្ចប់ ហើយសភា​មិន​គួរបង្កឲ្យ​មាន​វិបត្តិ​ផ្សេង​ទៀតនោះ​ទេ“។ “ខ្ញុំ​សូមស្នើដោយ​ទទូច​​ដល់​មិត្តភ័ក្តិ​ខាង​គណបក្ស​សាធារណរដ្ឋនៅ​ក្នុង​សភាសូម​កុំ​បង្អង់យូរឲ្យសោះនិងសូមកុំខ្ជះខ្ជាយពេលវេលាដូចដែលលោកបានធ្វើកន្លងមកអស់ពេលពេញមួយរដូវក្តៅក្នុងការអនុម័តកិច្ចព្រមព្រៀងថវិកាសម្រាប់រយៈពេលមួយឆ្នាំ សូមលោកគោរពកិច្ចព្រមព្រៀងដែលយើងបានធ្វើកាលពីប៉ុន្មានខែមុន“។

 

លោក Biden បានស្នើដល់គណបក្សប្រជាធិបតេយ្យថាតើគួរតែពិចារណាថាគាំទ្រលោក McCarthy ជាបន្តទៀតទេប្រសិនបើគាត់ត្រូវការឲ្យគណបក្សប្រជាធិបតេយ្យបោះឆ្នោតគាំទ្រគាត់ដើម្បីបន្តតំណែងជាប្រធានសភាតទៅទៀតនោះ។ លោក​ប្រធានាធិបតី Biden ​បាន​និយាយ​ថា លោក​នឹង​ទុក​រឿង​នោះ​ជូនមេដឹកនាំគណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា​ដើម្បី​សម្រេច។

សហរដ្ឋអាមេរិកបានអនុម័តផ្តល់ជំនួយចំនួន ៤ លើកដល់អ៊ុយក្រែនដែលជាការឆ្លើយតបប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ីសរុបជាទឹកប្រាក់ប្រហែលជាង ១១៣ ពាន់លានដុល្លារ ជាមួយនឹងប្រាក់មួយចំនួនសម្រាប់បំពេញបន្ថែមលើសម្ភារយោធាដែលអាមេរិកបានបញ្ជូនទៅសមរភូមិមុខ។ កាលពីខែសីហា លោក Biden បានអំពាវនាវឲ្យសភាផ្តល់ប្រាក់បន្ថែមចំនួន ២៤ ពាន់លានដុល្លារទៀត៕

ប្រភពៈ CNN